ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងកសិកម្មពន្យល់អំពីយុទ្ធសាស្ត្រនៃ«ការលក់មុនដាំ» និងរំពឹងថា សហគមន៍កសិកម្មទំនើបកើនដល់៣០

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​បញ្ជាក់​ជូន​កសិករ​ឱ្យ​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​សហគមន៍​កសិកម្ម​ទំនើប​លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ថ្លែង​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​បញ្ជាក់​ជូន​កសិករ​ឱ្យ​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​សហគមន៍​កសិកម្ម​ទំនើប​លោក ឃឹម ហ្វី​ណ​ង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ថ្លែង​ថា សហគមន៍​កសិកម្ម​ទំនើប គឺជា​យុទ្ធសាស្ត្រ​នៃ​ការ «​លក់​មុន​ដាំ​» និង​ជួយ​ឱ្យ​កសិករ​លក់​ផលិតផល​កម្ម​ក្នុង​តម្លៃ​ខ្ពស់​ផង​ដែរ​។

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៥ ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៥ ឬ​ហៅ​កាត់​ថា (CAFE25)» នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វី​ណ​ង់ អ្នក បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ពាក់ព័ន្ធ​នឹង​សហគមន៍​កសិកម្ម​ទំនើប​យើង​មាន​២២​សហគមន៍​ហើយ ដែល​យើង​បាន​ចុះបញ្ជី​ហើយ ហើយ​យើង​នៅ​សល់​ប្រហែលជា​ទៅ​៥​ទៀត​កំពុង​តែ​ដំណើរការ ។

លោក ឃឹម ហ្វី​ណ​ង់ បាន​បន្ត​ថា អីចឹង​ទេ ! តាម​ការ​រំពឹង​ទុក​របស់​ក្រសួង​យើង​គិត​ថា ក្នុង​រង្វង់​ប្រហែលជា​ចុងឆ្នាំ​នេះ​ចំនួន​នៃ​សហគមន៍​ទំនើប​ប្រហែលជា​អាច​កើនឡើង​ដល់​រង្វង់​៣០​សហគមន៍​កសិកម្ម​ទំនើប តែ​ម្តង ។ បើ​យើង​មើលទៅ​លើ​គ្រួសារ យើង​មាន​ប្រមាណ​ជា​៣០០០​គ្រួសារ​រួច​មក​ហើយ ជា​សមាជិក​សហគមន៍​កសិកម្ម​ទំនើប ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​កសិកម្ម​ចំនួន​ប្រហែលជា​២​ម៉ឺន​ហិ​កតា ។

លោក ឃឹម ហ្វី​ណ​ង់ បាន​បញ្ជាក់ បច្ចុប្បន្ន​នេះ យើង​ផ្តោត​ទៅ​លើ​ដំណាំ​ចំនួន​៤​ប្រភេទ គឺ​មាន​ដំណាំ​ស្រូវ ដំណាំ​បន្លែ ដំណាំ​ម្រេច និង​ដំណាំ​ចន្ទីរ ។ ដោយឡែក យើង​ក៏​មាន​ដំណាំ​ម្ទេស​ដែរ តែ​យើង​អាច​ចាត់​ទុក​ម្ទេស​ក្នុង​ចង្កោម​នៃ​ដំណាំ​បន្លែ​តែ​ម្តង ។

សូម​បញ្ជាក់​ថា សហគមន៍​កសិកម្ម​ទំនើប គឺ​គ្រប់​សហគមន៍​ដែល​យើង​រៀបចំ​សុទ្ធសឹងតែ​មានការ​ត​ភ្ជាប់​ទីផ្សារ​ទុក​មុន​ជា​និច្ច ។ របៀប​យើង​ធ្វើការ គឺ​បែប​នោះ​ឯង គឺ​យើង​ព្យាយាម​លក់​មុន​ដាំ​តែ​ម្តង ហើយ​វា​ជា​ចំណុច​ពិសេស​មួយ ធ្វើ​ឱ្យ​សហគមន៍​កសិកម្ម​ទំនើប​អាច​ធនា​ជូន​នូវ​ទីផ្សារ​ច្បាស់លាស់​មួយ តម្លៃ​ច្បាស់លាស់​មួយ​ជូន​ដល់​កសិករ មុន​ពេល​ដែល​កសិករ​ធ្វើ​ផលិតកម្ម ។ ដូច្នេះ​យើង​គិត​ថា គ្រប់​ដំណាំ​របស់​យើង​មិន​ថា បន្លែ ម្រេច ស្រូវ ចន្ទីរ ទេ យើង​សុទ្ធតែ​មានការ​ចុះ​កិច្ចសន្យា​ទុកជា​មុន មុន​នឹង​យើង​រៀបចំ​ជា​សហគមន៍ ។

យើង​ចូល​ជា​សហគមន៍​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​សហគមន៍​កសិកម្ម​ទំនើប ការ​គាំទ្រ​មាន​ច្រើន ទាំង​ការ​គាំទ្រ​បច្ចេកទេស ទាំង​ការ​គាំទ្រ​ដើមទុន និង​ការ​គាំទ្រ​ខាង​ទីផ្សារ ។ ហើយ​ក្រៅពី​នោះ​យើង​ឃើញ​សល់ មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ។ ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​មួយទៀត របស់​សហគមន៍​កសិកម្ម​ទំនើប គឺ​ការ​កាត់​បន្ថយ​ថ្លៃដើម ។

រហូត​មក​ដល់​ពេល​នេះ កសិករ​ដែល​នៅ​ក្នុង​សហគមន៍​ទំនើប​គាត់​ទទួល​បាន ឧទាហរណ៍​ដូច​ជា ជី​មួយ​មុខ ជា​ធម្មតា​គាត់​ទិញ​ជី ក្នុង​សហគមន៍​ថោក​ជាង​ពេល​ដែល​គាត់​ទិញ​ដោយ​ខ្លួនឯង ក្នុង​រង្វង់​១៥​ទៅ​២០​ភាគរយ ។ អីចឹង​! ទាំងនេះ​ជា​ចំណុច​សំខាន់ ដែល​កសិករ​អាច​ទទួលយក​បាន​ពី​ការ​ចូលរួម​សហគមន៍​កសិកម្ម​ទំនើប ហើយ​ជា​អ្វី​ដែល​ក្រសួងកសិកម្ម​តែងតែ​ជំរុញ​លើកទឹកចិត្ត ដើម្បី​ឱ្យ​បងប្អូន​កសិករ​របស់​យើង​ពិចារណា និង​ចូលរួម​ជាមួយ​សហគមន៍​របស់​យើង ។

ជា​ចុង​ក្រោយ​លោក ឃឹម ហ្វី​ណ​ង់ បាន​បន្ថែម​ថា ជា​ផែនការ​របស់​យើង​ក្នុង​រង្វង់​រយៈពេល​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ យើង​គ្រង​នឹង​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ប្រហែលជា​៥០​សហគមន៍ ហើយ​គោលដៅ​មិនមែន​សហគមន៍​ច្រើន​ទេ តែ​សហគមន៍​ធំ​ៗ តួយ៉ាង​ដូច​ជា​សហគមន៍​ស្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ