វីតាមីន គឺជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់ទ្រទ្រង់សុខភាពរាងកាយ ។ វីតាមីននីមួយៗសុទ្ធតែមានតួនាទីរៀងៗខ្លួន ប៉ុន្តែវីតាមីនមួយចំនួន ត្រូវបានគេចាត់ទុកថា ជា វីតាមីនចាំបាច់បំផុត ដែលរាងកាយត្រូវការជាប្រចាំ ។
វីតាមីនសំខាន់ៗដែលរាងកាយត្រូវការបំផុត៖
-វីតាមីន C (Ascorbic Acid)៖ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្តាសាយ ជួយឲ្យមុខរបួសឆាប់ជាសះស្បើយ និងជួយឲ្យស្បែកភ្លឺថ្លា ។ វីតាមីននេះមានច្រើននៅក្នុងផ្លែឈើដូចជា ក្រូច ក្រូចថ្លុង ស្វាយ និងបន្លែបៃតង។
-វីតាមីន D (Cholecalciferol)៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកជាតិកាល់ស្យូមដើម្បីទ្រទ្រង់ឆ្អឹង និងធ្មេញឲ្យរឹងមាំ ។ កង្វះវីតាមីន D អាចបណ្ដាលឲ្យឆ្អឹងផុយស្រួយ។ ប្រភពដ៏ល្អបំផុតគឺពន្លឺថ្ងៃ ក្រៅពីនេះមាននៅក្នុងត្រីសាម៉ុន ត្រីធូណា និងទឹកដោះគោ។
-វីតាមីន A (Retinoids)៖ ជួយថែរក្សាសុខភាពភ្នែក ការពារជំងឺភ្នែកផ្សេងៗ ជួយឲ្យស្បែកមានសុខភាពល្អ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ វីតាមីននេះមានច្រើននៅក្នុងការ៉ុត ដំឡូងជ្វា ស្ពៃ និងថ្លើមសត្វ។
-វីតាមីន E (Tocopherols)៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលជួយការពារកោសិកាពីការខូចខាត។ វាល្អសម្រាប់សុខភាពស្បែក ជួយពន្យារភាពចាស់ និងជួយដល់ប្រព័ន្ធភាពស៊ាំ។ វីតាមីន E មាននៅក្នុងគ្រាប់ធញ្ញជាតិ ប្រេងបន្លែ និងបន្លែស្លឹកបៃតង។
-វីតាមីន K (Phylloquinone)៖ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកកឈាមនៅពេលមានរបួស និងជួយថែរក្សាសុខភាពឆ្អឹង។ វីតាមីន K មាននៅក្នុងបន្លែបៃតងដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងស្ពៃខ្មៅ។
-វីតាមីន B (B-Complex)៖ វីតាមីន B មិនមែនតែមួយមុខទេ តែជាក្រុមវីតាមីនដែលជួយបំប្លែងអាហារទៅជាថាមពលសម្រាប់រាងកាយ។ វីតាមីន B1, B2, B3, B6, B9 (Folate) និង B12 (Cobalamin) សុទ្ធតែសំខាន់។ ពួកវាមាននៅក្នុងសាច់ ស៊ុត ត្រី គ្រាប់ធញ្ញជាតិ និងបន្លែ។
ដើម្បីទទួលបានវីតាមីនគ្រប់គ្រាន់ អ្នកគួរតែទទួលទាន អាហារចម្រុះមុខ ដែលមានទាំងបន្លែ ផ្លែឈើ សាច់ ត្រី និងគ្រាប់ធញ្ញជាតិឲ្យបានជាប្រចាំ ។ ក្នុងករណីខ្លះ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលទានវីតាមីនបន្ថែមប្រសិនបើចាំបាច់ ៕
ចែករំលែកព័តមាននេះ