រាជធានីភ្នំពេញ ៖ បុរសជាកម្មករកាត់ដេរម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួល បន្ទាប់ពីជួបជុំបងប្អូនជិតខាងផឹកស៊ីរហូតដល់យប់ជ្រៅទើបចូលសម្រាក។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អាលកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២ខែវិឆ្ឆិកា ឆ្នាំ២០២៥នៅចំណុចបន្ទប់ជួលលេខ ១៥ ភូមិព្រែកទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះរូបនោះឈ្មោះអ៊ុន សុភាព អាយុ៣០ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅបន្ទប់ជួល ខាងលើនិងមានស្រុកកំណើត ភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីស្ត្រីជាប្រពន្ធឈ្មោះជ្រុន ចាន់ថុល អាយុ២៩ឆ្នាំ បានឲ្យដឹងថា ប្ដីរបស់គាត់ពុំមានជំងឺអ្វីឡើយ។ នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល គាត់បានចេញពីធ្វើការហើយបានជួបជុំបងប្អូននៅក្បែរខាងនាំគ្នាផឹករហូតដល់ម៉ោង១១ យប់ទើបបែកត្រូវគ្នាចូលសម្រាក ។ នៅវេលាព្រឹកឡើងមានគេទូរស័ព្ទមកហើយពុំឃើញប្ដីទៅលើកទូរស័ព្ទគាត់ក៏បានទៅដាស់ អង្រួនមិនឆ្លើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាក់ទងហៅរថយន្តដើម្បីបញ្ជូនទៅសង្គ្រោះតែត្រូវគ្រូពេទ្យប្រាប់ថាស្លាប់បាត់បង់ជីវិតទៅហើយ។
នៅព្រឹកនោះដែរសមត្ថកិច្ចនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានចុះទៅត្រួតពិនិត្យសពហើយបានសន្និដ្ឋានថា កម្មកររូបនោះស្លាប់ដោយសារគាំងបេះដូង។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យនៅស្រុកកំណើត៕



ចែករំលែកព័តមាននេះ