ខេត្តបន្ទាយមានជ័យ ៖ ខណៈទឹកជំនន់លិចវាលល្ហល្ហេវ ប្រជានេសាទបាននាំគ្នាដាក់មងចាប់ត្រីនៅរដូវទឹកជន់នេះ ដែលអាចរកត្រីបានក្នុង១ថ្ងៃពី៥ទៅ១០គីឡូក្រាម នៅវាលខាងលិចភូមិបង់បត់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ។
ប្រជានេសាទបានប្រាប់ថា រយៈពេលជិត១សប្តាហ៍ហើយ ដែលពួកគាត់មកដាក់មងនៅវាលស្រែពេលមានទឹកជំនន់នេះ និងអាចរកត្រីបានក្នុងង១ថ្ងៃពី៥ទៅ១០គីឡូក្រាម ហើយលក់ឱ្យឈ្មួញមកទិញដល់កន្លែង ក្នុង១គីឡូក្រាម ៤ ០០០រៀល ទៅ ៥ ០០០រៀល ។
ពួកគាត់បន្តថា ឆ្នាំនេះរកត្រីបានច្រើនជាងឆ្នាំមុន ព្រោះឆ្នាំនេះទឹកធំជាងឆ្នាំមុន ហើយភ្លៀងធ្លាក់ច្រើននៅចុងខែកញ្ញា ។ រាល់ឆ្នាំនៅខែតុលាទើបមានទឹកធំ តែឆ្នាំនេះទឹកធំតាំងពីខែកញ្ញា ដែលអាចរកត្រីបានដោយដាក់មងក្រឡា៤ទៅ៥ហ៊ុន ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី ថ្លែងថា លោកបាននាំក្រុមការងារទៅពិនិត្យមើលស្ថានភាពទឹក ឃើញបងប្អូនប្រជានេសាទនាំគ្នាបើកគោយន្ត ដឹកទូកទៅដាក់មងចាប់ត្រីមិនតិចជា១០ទៅ២០គ្រួសារទេ នៅវាលខាងលិចស្ទឹងបត់ ។ ត្រីជាប់មងភាគច្រើនជាត្រីរៀល ត្រីឆ្ពិន ត្រីអណ្តែង និងត្រីរ៉ស់ ៕






ចែករំលែកព័តមាននេះ