ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរលួចសត្វគោ របស់ប្រជាពលរដ្ឋជាច្រើនខេត្ត ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ ឃាត់បានចំនួន០៣នាក់ ខណៈដែលធ្វើសកម្មភាពដឹកសត្វគោចំនួន៦ក្បាលក្នុងរថយន្តឃ្លុប(កែច្នៃ) ហើយសមត្ថកិច្ចនគរបាលហៅឱ្យឈប់ មិនព្រមឈប់ក៏ឃាត់តែម្តង។
ការឃាត់ខ្លួនក្រុមជនសង្ស័យលួចសត្វគោរបស់ប្រជាពលរដ្ឋខាងលើធ្វើឡើងកាលពីវេលាម៉ោង០២និង៥៦នាទីទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ÷ ទី០១-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម ទី០២-ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី០៣-ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នគរបាលស្រុកគងពិសីបានបន្តថា នៅមុនពេលឈានដល់ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរលួចសត្វគោខាងលើគឺកម្លាំងនគរបាលស្រុកអនុវត្ត តាមបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ រហូតល់វេលាម៉ោង០២ និង៥៦នាទីទៀបភ្លឺ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកគងពិសី បានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦~ទៅលេខ១៧ ស្ថិតនៅក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃើញរថយន្តប្រភេទកូរ៉េ កែច្នៃ ពណ៌ខៀវ មានបាំងទ្រុងជិត ពាក់ស្លាកលេខ រតនៈគីរី 3A-0074 ( ជាភិនភាគ រថយន្តដែលក្រុមជនសង្ស័យ ជិះធ្វើសកម្មភាពលួចសត្វគោ ប្រជាពលរកន្លងមក) បានបើកបរពីទិសខាងត្បូងទៅទិសខាងជើង ពេលនោះនគរបាលបានហៅឱ្យឈប់ដើម្បីឃាត់រថយន្ត ប៉ុន្តែអ្នកបើកបររថយន្តមិនព្រមឈប់នោះទេ ទើបកម្លាំងនគរបាលបានដេញតាមឃាត់រថយន្តបាន ធ្វើការពិនិត្យឃើញមានសត្វគោចំនួន៦ក្បាល និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើផងដែរ។
ក្រោយឃាត់ខ្លួននគរបាលដកហូតវត្ថុតាង: រថយន្តប្រភេទកូរ៉េពណ៌ខៀវ ទ្រង់ជិត ០១គ្រឿង -ទូរស័ព្ទដៃ ០៥ គ្រឿង -សត្វគោចំនួន៦ ក្បាល -ដង្កាប់ ចំនួន០១ -ខ្សែគោ០៤ ខ្សែរ -ពិលកែវ ចំនួន០១ -ធូបមូសចំនួន០២ដុំ ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា បើតាមការស្រាវជ្រាវ សត្វគោទាំង៦ក្បាលខាងលើនេះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួចពីប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងព្រីង ឃុំ ជម្ពូរវ័ន្ត ស្រុកជុំគីរី ខេត្តកំពត។ ដោយបានការសម្រមសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងខេត្តកំពត រួចមក ក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាង នគរបាលខេត្តកំពង់ស្ពឺបានប្រគល់ក្រុមជនសង្ស័យឱ្យ នគរបាលខេត្តកំពត ដើម្បីចាត់ការបន្តនីតិវិធី ។
នគរបាលបានបញ្ជាក់ថា ក្រុមជនសង្ស័យ ជាមុខសញ្ញាលួចសត្វគោ ប្រជាពលរដ្ឋជាច្រើនលើក នៅតាម ខេត្តកំពង់ស្ពឺ ខេត្តកំពត និងតាមបណ្តាខេត្តផ្សេងៗទៀត នៅពេលលួចបានដឹកដោយរថយន្តទៅលក់នៅព្រំប្រទល់ប្រទេសវៀតណាមតែម្តង៕











ចែករំលែកព័តមាននេះ