ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ សម្តេច​តេ​ជា​៖ ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺការ​រក្សា​នូវ​បទ​ឈប់​បា.ញ់​ឱ្យ​បាន ​ហើយ​ដោះស្រាយ​បញ្ហា​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​​មាន

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​ និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ថា ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការ​រក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យ​បាន ហើយ​​ដោះស្រាយ​បញ្ហា​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​វិល​មក​រក​ប្រក្រតី​ឡើង​វិញ…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​ និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ថា ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការ​រក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យ​បាន ហើយ​​ដោះស្រាយ​បញ្ហា​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​វិល​មក​រក​ប្រក្រតី​ឡើង​វិញ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​កន្លង​មក ​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​​អនុ​ញ្ញាត​ឱ្យ​ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ា​ឡេ​ស៊ី​ដឹកនាំ​ដោយ​ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​វិមាន​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥​។

យោង​តាម​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ​របស់​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចាត់​ទុក​វត្តមាន​របស់​ប្រតិភូ​សហ​ព័ន្ធ​សភា​សន្តិភាព​ពិភពលោក​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សហ​ព័ន្ធ​សភា​សន្តិភាព​ពិភពលោក ជាមួយនឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ជា​រួមការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ជាមួយនឹង​ម៉ា​ឡេ​ស៊ី​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

នៅ​ក្នុង​ឱកាស​នោះ Mohd Hatta បាន​សម្តែង​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ជួប​សម្តែង​ការ​គួរសម​នៅ​ថ្ងៃនេះ​ហើយ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​សម្តេច​តេ​ជោ​សារ​ជា​ថ្មី ហើយ​បាន​សរសើរ​អំពី​ភាព​ជា​អ្នកដឹកនាំ​របស់​សម្តេច​តេ​ជោ ដែល​កន្លង​ទៅ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ ។ ឯកឧត្តម និង​ប្រតិភូ​គឺ​រីករាយ និង​រង់ចាំ​ស្តាប់​នូវ​ការ​ចែករំលែក​បទ​ពិសោធន៍​ប្រកបដោយ​គតិបណ្ឌិត​ពី​សម្តេច​តេ​ជោ​ដែល​មានបទពិសោធន៍​ដ៏​ច្រើន​នៅ​ក្នុង​អាជីព​ជា​អ្នកនយោបាយ ជា​អ្នកដឹកនាំ​នា​ពេល​កន្លង​
មក ​។  

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ដោយ​បាន​ចែករំលែក​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​កាល​ពី​អតីតកាល ជា​ពិសេស​ការ​ដឹកនាំ​របស់​សម្តេច​ក្នុង​ការ​នាំ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ និង​ការ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដែល​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល រហូត​ដល់​ប្រទេស​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ដល់​សព្វ​ថ្ងៃនេះ​។

បច្ចុប្បន្ន​កម្ពុជា​មាន​មេដឹកនាំ​ថ្មី​ដែល​ជា​អ្នក​ជំនាន់​ក្រោយ​កំពុង​តែ​ដឹកនាំ​ប្រទេស​យ៉ាង​ស្វាហាប់ នឹង​ដើរ​យ៉ាង​លឿន​ក្នុង​ការ​បំពេញ​នូវ​ការ​ដឹកនាំ​សម្រាប់​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​ក៏​បាន​ចែករំលែក​ពី​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន រវាង​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។​សម្តេច​តេ​ជោ​បាន​ពន្យល់​អំពី​រឿងរ៉ាវ​នៃ​ការ​កើតឡើង ហើយនឹង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​កំពុង​តែ​ឈាន​ទៅ​រក​ការ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ដំណោះស្រាយ​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ ដែល​ជា​ជំហរ​របស់​កម្ពុជា​។

សម្តេច​បញ្ជាក់​ថា​ «​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការ​រក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យ​បាន ហើយ​ដោះស្រាយ​បញ្ហា​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​វិល​មក​រក​ប្រក្រតី​ឡើង​វិញ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​កន្លង​មក​»​។

ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជា​ពិសេស​សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ចំពោះ​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ដែល​បាន​បំពេញ​តួនាទី​យ៉ាង​រហ័ស និង​លឿន​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

ឱកាស​នោះ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​របស់​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​ប្រតិភូ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​ចែករំលែក និង​ពន្យល់​យ៉ាង​ក្បោះក្បាយ និង​គ្រប់​ជ្រុងជ្រោយ​ពី​ទិដ្ឋភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពី​អតីតកាល និង​ទិដ្ឋភាព​នៃ​បញ្ហា​វិវាទព្រំដែន​រវាង​កម្ពុជា និង​ថៃ​នា​ពេល​បច្ចុប្បន្ន​ ។

ឯកឧត្តម​សង្ឃឹមថា វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នឹង​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ខាង​មុខ ហើយ​សង្ឃឹមថា សន្តិភាព​នឹង​កើត​មាន​ឡើង​វិញ​សម្រាប់​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​ក៏​បាន​រំលេច​ដោយ​សរសើរ​ចំពោះ​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ឯកឧត្តម​ពិតជា​មានសំណាង​ដែល​បាន​ធ្វើ​ដំណើរ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ជា​អាកាសយានដ្ឋាន​ថ្មី​របស់​កម្ពុជា ដែល​មាន​ភាព​ធំ​ទូលាយ ដែល​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​។

ឯកឧត្តម​ក៏​បាន​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​តែ​ម្តង​។

ជា​ចុង​ក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម Mohd Hatta និង​ប្រតិភូ​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​ភាព​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ