បង្ក្រាបការជួ.ញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន៣០តោន នៅខេត្តកំពង់ធំ
- កំពង់ធំ
ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង២និង៣០នាទីឈានចូលព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្ក្រាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ។
ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្ត សរុបចំនួន៣គ្រឿង រួមមាន៖ រថយន្តFUSU ចំណុះ៥តោន ផ្ទុកលៀសចំនួន ១៥តោន ,រថយន្តកូរ៉េចំណុះ៥តោន ផ្ទុកលៀសចំនួន១០តោន ,រថយន្តកែឆ្នៃ ផ្ទុកលៀសចំនួន ៥តោន និងអ្នកបើកបររថយន្តចំនួន៣នាក់ បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកលៀសដែលឃាត់បាន ប្រគល់ជូនមន្ត្រីជំនាញ និងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្ក្រាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ ៕











ចែករំលែកព័តមាននេះ