ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត និងត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តកណ្តាលនិងរាជធានីភ្នំពេញ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ បានចុះពិនិត្យស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតនៅតំបន់ទំនប់៧មករា(កំពង់ទួល) និងតំបន់ស្ទឹងតូចចេញពីខាងក្រោមទន្លេបាទីធ្លាក់តាមក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោឆ្ពោះទៅបឹងជើងលោង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រចាំការថែទាំបិទបើកទ្វារទឹកនៅទំនប់ ៧មករា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់សហការគ្នាក្នុងការគ្រប់គ្រង និងរំដោះទឹកជំនន់តាមបណ្តាទីតាំងសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បន្តសហការគ្នាយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត និងត្រៀមលក្ខណៈជាប្រចាំសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ៕
ចែករំលែកព័តមាននេះ