ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥នាក់កំពុងដេកក្នុងខ្ទមចម្ការទុរេន ទឹកហូរ​កួ.ច​​យកទៅបាត់ច្រើនថ្ងៃ រកស.ពឃើញតែម្នាក់ កំពុងតាមរក៤នាក់ទៀត

2 នាទី មុន
  • រតនគិរី

ខេត្ត​រតន​គិរី​ ៖ គ្រោះ​ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៥​នាក់​បាត់បង់​ជីវិត​ និងរក​ឃើញ​​សព​តែម្នាក់​ទេ និង​កំពុង​បាត់​ខ្លួន​៤​នាក់​ទៀត ដែល​សមត្ថកិច្ច​កំពុង​ស្វះស្វែង​តាម​រក​ បន្ទាប់​ពី​ជួប​​ឧបទ្ទវហេតុ​ដ៏អាក្រក់ ដោយសារ​ទឹក​ហូរ​បុក​យ៉ាង​គំហុក និង​កួច​យក​ទៅ​បាត់ ។…

ខេត្ត​រតន​គិរី​ ៖ គ្រោះ​ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៥​នាក់​បាត់បង់​ជីវិត​ និងរក​ឃើញ​​សព​តែម្នាក់​ទេ និង​កំពុង​បាត់​ខ្លួន​៤​នាក់​ទៀត ដែល​សមត្ថកិច្ច​កំពុង​ស្វះស្វែង​តាម​រក​ បន្ទាប់​ពី​ជួប​​ឧបទ្ទវហេតុ​ដ៏អាក្រក់ ដោយសារ​ទឹក​ហូរ​បុក​យ៉ាង​គំហុក និង​កួច​យក​ទៅ​បាត់ ។

ហេតុការណ៍​ទឹក​កួ​ច​យក​មនុស្ស​ទៅ​នោះ​ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ប្រ​មាណ៤​ទៀប​ភ្លឺ
ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ​២០២៥កន្លងទៅ នៅ​ជាប់​នឹង​អូរ​កញ្ជាន់ ក្នុង​ភូមិ​ពីង ឃុំ​សាមគ្គី​ ស្រុក​អូរ​ជុំ
និងបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយរហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៥​ក្រុម​សមត្ថកិច្ច​ក៏​កំពុង​តាម​រក​នៅ​ឡើយ ។ ជន​រង​គ្រោះ​ទាំង​៥​នាក់ ស្ថិត​នៅក្នុង​២​គ្រួសារ និង​ជា​អ្នកស៊ីឈ្នួល​នៅ​ក្នុង​ខ្ទម​ចម្ការ​ទុរេន ហើយ​មូលហេតុ​ដែល​ទឹក​កួច​យក​ទៅ​នោះ គឺ​ខណៈ​​ពួក​គាត់​​ដេក​នៅក្នុង​ខ្ទម​ចម្ការ ។

ការ​បន្ត​ខិតខំ​ប្រឹងប្រែង​ស្វះស្វែងរក​នេះ សមត្ថ​កិច្ច​ក៏​បាន​ប្រើ​កាមេរ៉ា​ដ្រូ​ន​ផង​ដែរ តែនៅ​ពុំ​ទាន់​​
ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​​នៅឡើយទេ ដែល​មិនដឹង​ថា សាកសព​​ទៅ​ទើរ​នៅត្រឹមណា ? ឬ​ក៏​ហូរ​ធ្លាក់​ទៅ​ដល់​ទន្លេ​សេសាន ​ក្នុងស្រុក​តា​វែង​ក៏​មិនដឹង ។ ​ជន​រង​គ្រោះ​ទាំង​៥​នាក់ មានទី​លំនៅ​ក្នុងភូមិពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ៖

១-​ឈ្មោះ ជុំ វ៉ា​ត់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ទំពួន ​ជា​ប្តី​ ​រក​ឃើញ​សព​ ។
២-​ឈ្មោះ បាំង ឌឿ​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ទំពួន ​ជា​ប្រពន្ធ​ បាត់​ខ្លួន ។
៣-​ឈ្មោះ វ៉ា​ត់ ជៀយ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ទំពួន ជា​កូន​ បាត់​ខ្លួន ។
៤-​ឈ្មោះ ភ​ក្ដ្រ មុខ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ជនជាតិ​ទំពួន ត្រូវជា​ចៅ បាត់​ខ្លួន ។
​៥-​ឈ្មោះ ភ​ក្រ រ៉េ​ត ភេទ​ប្រុស អាយុ​១​ឆ្នាំ ជនជាតិ​ទំពួន ជា​ចៅ បាត់​ខ្លួន ។

ចំពោះ​ម្ចាស់​ចម្ការ​កៅស៊ូ​និង​ទុរេន​ នៅ​សងខាង​អូរ​កញ្ជាន់​នោះ ត្រូវ​បាន​គេ​ស្គាល់ថាឈ្មោះ ឡុ​ង តាំង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ឆ្លង​តាម​ការ​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​របស់​ក្រុម​អ្នក​យក​ព័ត៌មាន និង​សមត្ថកិច្ច​កាល
ពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៥ នៅ​ទីតាំង ដើមចម​ដែល​បង្ក​ឱ្យ​កើតឡើង​នូវ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ មានការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​លើ​ដំណាំ​កសិកម្ម​ផ្សេង​ៗ​តាម​ដងអូរ​ក​ញ្ចា​ន់​ថា ​រយៈកាល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ គឺ​ពួក​គាត់​ពុំដែល​ជួប​ប្រទះ​ទឹក​ហូរ​ដ៏​សាហាវ​បែប​នេះ​ទេ ។ ករណី​នេះ​បង្ក​ឡើង​ដោយសារ​ការ​បាក់​ទំនប់​ធារាសាស្ត្រ​ធំ​នៅ​ភាគ​ខាងលើឈ្មោះ ឡុ​ង​តាំង ដែល​ម្ចាស់​ចម្ការ​កៅស៊ូ​រាប់រយ​ហិ​កតា​នោះ​បាន​ទប់ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេង​ៗ​ទៀត​ នៅ​ក្នុង​អូ​រក​ញ្ជា​ន់​មួយ​នេះ​ដែរ ។

ពួក​គាត់​បន្ត​ថា បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​ដល់ដំណាំ​ដាំ​ដុះ​ពួក​គាត់​យ៉ាងធ្ងន់ធ្ងរ នៅ​លើ​ផ្ទៃដី​ជាង ៥​ហិ​កតា ដែល​ពួក​គាត់​ខិតខំ​ដាំដុះ ដោយចំណាយធនធាន​អស់​រាប់​ម៉ឺន​ដុល្លារ​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ។ ទុរេន​​ទាំងនោះ​បាន​ផល​ផ្លែផ្កា​ខ្លះ​ៗ​ទៅ​ហើយ ដោយ​ដំណាំ​សំខាន់​ៗ ទាំងនោះ​រួម​មាន ទុរេន និង​ដូង​ជាដើម ត្រូវ​ដួល​រាប​ដល់​ដីប្រមាណ​ជាង​៥​រយ​ដើម ។

ក្រៅពីនេះ ​សម្ភារៈ​ប្រើប្រាស់ដូច​ជា​គំនរ​ឈើ គ្រោង​ផ្ទះ​ជាង​៣​មែ​៉ត្រ​គូប ម៉ាស៊ីនបូមទឹក​៣​គ្រឿង ម៉ាស៊ីន​កាត់​ស្មៅ​ ៥​គ្រឿង ថ្នាំ​ប៉ូវ​ដំណាំ​ចំនួន ២​ឡាំង ដែល​មាន​ទឹកប្រាក់​១​ពាន់​ដុល្លារ ស្រះ​ចិញ្ចឹម​ត្រី​ចំនួន ៣​ប្រវែង​១០​ម៉ែត្រ​បួន​ជ្រុង ក្នុង​មួយ​ស្រះ​មាន​ត្រី​៥​រយ​ក្បាល រួម​មាន​ត្រី​ប្រា ត្រី​ក្រាញ់ និង​ត្រី​អណ្ដែង ជី​ដាក់​ដំណាំ​១​តោន និង​មាន់ ១០០​ក្បាល ត្រូវ​អណ្តែត​ទៅ​តាម​ទឹក​ហូរ​អស់​គ្មាន​សល់​ឡើយ ។

ពាក់ព័ន្ធ​នឹងករណី​ខាងលើ​នេះ លោក ឡុ​ង​តាំង ម្ចាស់​ទំនប់​បាន​អះអាង​ដោយ​មិន​ប្រាកដ
ប្រជា ម្តង​ថាចាក់​ដី​ទប់​ធ្វើ​ផ្លូវ​ដើរ​ឆ្លងកាត់ ម្តង​ថា ទំនប់​របស់​គាត់​មាន​៣​ទីតាំង​ឯណោះ​ក្នុង​អូរ​នោះ ។ ក្នុង​ការ​ទប់​ដី​អូរ​ធ្វើ​ផ្លូវ​នីមួយ​ៗ​ គាត់​បាន​ដាក់​លូ​ដែល​មានមុខ​កាត់ ៥០​សង្ទីម៉ែត្រទៅ​៦០​សង្ទីម៉ែត្រ និង​បំពង់​ដែក​ត្រឹមត្រូវ​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា ការ​កសាង​ផ្លូវ​ឆ្លងកាត់​អូរ​នោះ​គឺតាំងពី​ឆ្នាំ​២០១១​មក​ម៉្លេះ ហើយ​ប្រជាពលរដ្ឋក៏​សាទរ​ក្នុង​ការ​កសាង​ផ្លូវ​របស់​គាត់​ថែម​ទៀត​ផង ក្នុង​នោះ​រួម​ទាំងអាជ្ញាធរ​ឃុំ​ឯកភាព​ក៏​ដឹង​ឮ​ដែរ ។
ពាក់ព័ន្ធ​កនឹងារ​លើក​ឡើង​របស់​លោក ឡុ​ងតាំង នេះ អតីត​មេឃុំ​ឯកភាព លោក រ៉ាក់ ភឿ​ងបានឱ្យ​ដឹងកាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ២០២៥​ថា បញ្ហា​នោះ​លោក​មិន​បានដឹង​ឮ​រឿង​កសាង​ផ្លូវ​ឯកជន​នោះ​ទេ ។ ការ​កសាង​ផ្លូវ​នោះ​ពុំ​មាន​ឯកសារ​ណាមួយ​បញ្ជា​ក់​ជា​លាយ​លក្ខ​ណ៍
អក្សរ​នោះ​ឡើយ​ លោក​ទទួល​ដឹង​ឮ​តែ​ផ្លូវ​ខេត្ត​និង​ផ្លូវជាតិ​ប៉ុណ្ណោះ ។ ដោយឡែក​ផ្លូវ​តាម​តំបន់​ដាច់​ស្រយាល លោ​កឱ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហើយ ។

លោក អ៊ុំ វ​ណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែកញ្ញា​ ឆ្នាំ២០២៥ បានឱ្យ​ដឹង​ថា មុន​នឹង​មានការ​កសាង​អ្វីនៅ​លើ​ដី​របស់​រដ្ឋ​នោះ គឺ​ត្រូវ​ឆ្លងកាត់​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក​ ដឹង​ឮ​និង​អនុញ្ញាត​ជា​មុន​សិន ។ ជា​ពិសេស​ ពាក់ព័ន្ធ​នឹងការ​កសាង​ទំនប់​ធារាសាស្ត្រ​​ជាដើម ។

អភិបាលស្រុក​អូរ​ជុំ លោក គៀង ​តុលា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្មាំ​២០២៥ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ដោយសារ​ទូរស័ព្ទ​ហៅ​​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​ ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​អូរ​កញ្ជាន់​ ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្សេង​ៗ និង​រង​ការ​គំរាមកំហែង​ពី​ជំនន់​ទឹក​ ដែលបង្ក​ឡើង​ដោយ​ម្ចាស់​ចម្ការ​កែ​ច្នៃ​ធ្វើ​ផ្លូវ​ដាក់​លូ​កាយ​ដី​កប់លំ​ៗ​ខ្វះ​បទដ្ឋាន​បច្ចេកទេស បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ពួក​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន គួរតែ​​ត្រួតពិនិត្យ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ជួយ​មាន​វិធានការ​ទប់ស្កាត់រាល់​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ឡើងជា​យថាហេតុ និង​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​បង្កបង្កើន​ផល និង​អាស្រ័យ​ផល​លើដំណាំ​កសិកម្ម​ដើម្បី​ចិញ្ចឹមជីវិត​ផង ៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ