ខេត្តក្រចេះ៖ ដំណាំស្រូវរបស់ប្រជាកសិករជាច្រើនហិកតា រងផលប៉ះពាល់ដោយសារទឹកជំនន់កើនឡើងកន្លងមក ស្ថិតក្នុងភូមិសាស្ដ្រក្រុងក្រចេះ និងស្រុកចិត្របុរី។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ដែលមានស្រូវជាច្រើនហិកតាខូចខាត ដោយសារទឹកជំនន់ កើនឡើងក្នុងរយៈពេលកន្លងមក។
ការណ៍នេះក៏មានការចូលរួមពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលស្រុកចិត្របុរី អភិបាលរងក្រុងក្រចេះ មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, និងអាជ្ញាធរមូលដ្ឋាន។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២ ខែតុលានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែតុលា កម្ពុជា នឹងជួបព្យុះមួយទៀតជាព្យុះទី២១ ក្នុងឆ្នាំ២០២៥ ឈ្មោះ ម៉ាតម៉ូ ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈក្រសួងណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕
ចែករំលែកព័តមាននេះ