រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅOHCHR នៅហ្សឺណែវ ដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដែលកងទ័ពថៃបានចាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់រួចមក ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថាចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។
គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ៦៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមានការហាមឃាត់ការឃុំខ្លួនតាមទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនកំពុងទទួលរងនូវភាពសោកសៅ ។
ពេលវេលាកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងពីមនុស្សជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច។ ម្តាយ ឪពុក ប្រពន្ធ និងកូនៗពួកគាត់ កំពុងទទួលរងនូវភាពទុក្ខព្រួយ មិនអាចសម្រាន្តលក់ និងព្រួយបារម្ភគ្រប់ពេល ព្រោះមិនដឹងឱ្យ ប្រាកដថា មនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា «ហេតុនេះ គ.ស.ម.ក. សូមគោរពស្នើសុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយ នឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍ កងទ័ពកម្ពុជា ទាំង ១៨ នាក់ ស្របតាមច្បាប់អន្តរជាតិ»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងដែរថា «ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ ។ ភាពអសកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់នៃវប្បធម៌និទណ្ឌភាពដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ»៕
ចែករំលែកព័តមាននេះ