រាជធានីភ្នំពេញ ៖ តំណាងកម្ពុជាប្រចាំនៅអង្កការសហប្រជាតិ(UN)បានលើកឡើងថា ការរីករាលដាលនៃការស្អប់ខ្ពើមជនបរទេស និងអំពើហិង្សារើសអើងជាតិសាសន៍លើពលរដ្ឋកម្ពុជាក្នុងប្រទេសថៃ កំពុងបំពុលទំនាក់ទំនងរវាងប្រជាជន និងបំផ្លាញស្មារតីនៃសាមគ្គីភាពដែលទ្រទ្រង់ពហុភាគីនិយម ។
នៅក្នុងសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៩ ស្តីពីការប្រកាន់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមជនបរទេស។
ក្នុងកិច្ចអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សទាំងអស់ ដោយផ្អែកលើគោលការណ៍សកលនៃសមភាព សេចក្តីថ្លៃថ្នូរ និងសកល។ ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទេនៅពេលដែលមូលគ្រឹះទាំងនេះត្រូវបានគំរាមកំហែង។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា «ការយកចិត្តទុកដាក់ចំពោះការរីករាលដាលនៃការស្អប់ខ្ពើមជនបរទេស និងអំពើហិង្សារើសអើងជាតិសាសន៍លើពលរដ្ឋកម្ពុជាក្នុងប្រទេសថៃ ជាពិសេស ពលករ និងនិស្សិត ដែលងាយរងគ្រោះដោយសារស្ថានភាពរបស់ពួកគេ បានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយស្អប់ ការយាយី និងវោហាសាស្ត្ររើសអើង។ ទង្វើបែបនេះបំពុលទំនាក់ទំនងរវាងប្រជាជន និងបំផ្លាញស្មារតីនៃសាមគ្គីភាពដែលទ្រទ្រង់ពហុភាគីនិយម»។
ជាមួយគ្នានោះដែរ ឯកឧត្តម ឯកអគ្គរាជទូតបានព្រមានបន្ថែមទៀតប្រឆាំងនឹងការរីកសាយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបំភ្លៃការពិត ការរើសអើង និងបង្ករឱ្យសហគមន៍ស្លូតត្រង់ទទួលរងហានិភ័យមិនសមហេតុផលទាំងនេះ។ ការអនុវត្តបែបនេះគឺមិនសមស្របនឹងកាតព្វកិច្ចអន្តរជាតិរបស់រដ្ឋក្នុងការធានាការមិនរើសអើង សមភាពចំពោះមុខច្បាប់ និងសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ក្នុងដែនយុត្តាធិការរបស់ប្រទេសខ្លួន។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់ដោយសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការមិនអត់ឱន មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាការចាំបាច់ខាងច្បាប់ និងសីលធម៌ ដោយអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សបង្កើនការយកចិត្តទុកដាក់លើបញ្ហាទាំងនេះ៕
ចែករំលែកព័តមាននេះ