ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋថៃបានបាញ់កាំជ្រួចធំៗចេញពីភូមិចាក់សាន់ថ្មី ឃុំខ្លងកៃខឿន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃដែលមានចម្ងាយពីព្រំដែនប្រហែលជាង១គីឡូម៉ែត្រហោះចូលមកដីខ្មែរដែលមានជម្រៅ៣០០ទៅ៦០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បណ្តាលឱ្យធ្លាក់ត្រូវដំបូល និងជញ្ជាំងផ្ទះ អ្នកស្រុកធ្លុះធ្លាយ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
សេចក្តីរាយការណ៍បន្តថា មុនដំបូងគេមិនបានដឹងទេ លុះនៅថ្ងៃចុងក្រោយត្រូវសមត្ថកិច្ចស្រុកភ្នំព្រឹកស្រាវជ្រាវរកឃើញជើងទម្រកាំជ្រួចចំនួន១១ដើមធ្វើពីប្ញស្សីពីងពង់ប្រវែង៣ម៉ែត្រដែលមានចងភ្ជាប់ជាមួយទុយោពណ៌ខៀវប្រវែង១ម៉ែត្រ និងមានមុខកាត់៥សង្ទីម៉ែត្រ។
ក្រោយពីទទួលព័ត៌មានខាងលើនេះ ភាគីផ្នែកទំនាក់ទំនងខាងខ្មែរបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់កាំជ្រួច តែបើសិនជាបាញ់ក៏បាញ់ចុះ តែត្រូវបាញ់បែរមុខទៅខាងប្រទេសថៃវិញទៅ ។
ការបាញ់កាំជ្រួចនេះត្រូវបានភាគីថៃឱ្យដឹងថា ធ្វើឡើងក្នុងពិធីបួងសួងសុំទឹកភ្លៀង គឺបាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ទី៧ កក្កដា ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ