រាជធានីភ្នំពេញ ៖ គូបើកឆាកនៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍ ទី២៦ ធ្នូ ចុងសប្ដាហ៍ នៅតែទទួលបានការចាប់អារម្មណ៍ ដោយសារកីឡាករថ្មោងថ្មីមួយរូបនៅតែបន្តវាយបំបាក់សិស្សច្បងឱ្យចាញ់ដូចសប្ដាហ៍មុនៗដដែល ខណៈដែលអ្នកឈ្នះក្នងសប្ដាហ៍នេះ ក៏មានមហិច្ឆតាចង់ល្បីនិងចង់រួចផុតពីគូបើកឆាកផងដែរ។
ការប្រកួតនៅក្នុងថ្ងៃនោះនៅតែទទួលបានការចាប់អារម្មណ៍ បើទោះជាការប្រកួតនោះធ្វើឡើងនៅសង្វៀនព្រែកកំពិស ដែលមានចម្ងាយឆ្ងាយ ហើយស្ថិតក្នុងបរិយាកាសដែលជំងឺកូវីដ-១៩ នៅតែបន្តឱ្យមានការភ័យបារម្ភ។ នៅក្នុងវីដេអូ Live ពីការប្រកួតនោះ នៅតែបង្ហាញនូវភាពទាក់ទាញអ្នកចូលទស្សនាច្រើនៗ គួរឱ្យចាប់អារម្មណ៍នោះផង ។ គូបើកឆាកកីឡាករបង្គោលក្រហមសូដា ម៉ាឡាកាំង មកពីក្លិបគោព្រៃគុនខ្មែរ ប្រកួតជាមួយបង្គោលខៀវ ពេជ្រ កក្កដា មកពីក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ ។
គូបើកឆាកនេះ មានបទពិសោធន៍វាយទាត់ធាក់ច្រើនដងគួរសម ។ ប៉ុន្តែការវាយតប់លក្ខណៈបច្ចេកទេស តាំងពីទឹកទី១ រហូតដល់ទឹកទី៤ មិនសូវបង្កការជក់ចិត្តដល់អ្នកទស្សនាប៉ុន្មានទេ
ដោយវាយសើរៗដាក់គ្នា ធ្វើឱ្យអាជ្ញាកណ្ដាលទទូចឱ្យពួកគេទាំង២វាយគ្នាឱ្យអស់ដៃដើម្បីកុំឱ្យខូចក្រេឌីត។ លុះចូលដល់ទឹកទី៥ ពួកគេបានបើកការវាយសន្ឋាប់ដាក់គ្នាទៅវិញទៅមកយ៉ាងបែកផ្សែងធ្វើឱ្យគេឯងស្រឡាំងកាំង ។ កំពុងតែជក់ចិត្តស្រាប់តែបង្គោលខៀវបែរជាភ្លាត់ស្នៀតធ្វើឱ្យបង្គោលក្រហមវាយចូលចំផ្ទៃមុខផ្ទួនៗបណ្ដាលឱ្យបែកច្រមុះ និងប៉ោងភ្នែកខាងឆ្វេង និងបាក់កម្លាំងរហូតដួលលើក្ដារតាពីក្រោកលែងរួចតែម្តង។
អ្នកស្នេហាវិស័យប្រដាល់នៅតែយល់ថាការប្រកួតប្រដាល់នៅប៉ុស្តិ៍លេខ៥ ទទួលបានការចាប់អារម្មណ៍ ជា ពិសេសត្រូវគេកត់សម្គាល់ថា នៅតែមានការយកចិត្តទុកដាក់សូម្បីតែការផ្គូផ្គងគូដំបូងៗ ។ ជាក់ស្ដែងគូបើកឆាក ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២០ គឺភស្តុតាងស្រាប់។បង្គោលក្រហម ម៉ាឡាកាំង បានអះអាងថា លោកប្រឹងប្រែងប្រដាល់មកទល់ពេលនេះ នៅមិនទាន់មានឱកាសឡើងប្រកួតក្នុងនាមគូឯកឬគូពិសេសនៅឡើយទេ ដោយឡើងប្រកួតគ្រប់លើកបានត្រឹមតែជាគូបើកឆាក ដែលលោកយល់ថាមិនសូវមានការចាប់អារម្មណ៍។ សម្រាប់
ការប្រកួតនៅប៉ុស្តិ៍លេខ៥មុននេះ គឺលោកត្រូវបានអ្នករៀបចំកម្មវិធី និងអ្នកសារព័ត៌មានចាប់អារម្មណ៍ ដោយលោកចាត់ទុកថា នេះគឺជំហានល្អមួយនៅក្នុងវិស័យប្រដាល់។
លោកថា ខ្លួនប្រឹងរាល់ថ្ងៃបើអាចបានប្រកួតជាគូឯក ឬជាគូពិសេស នោះគឺជាអ្វីដែលលោកចង់បាន ។ លោកថា មិនតូចចិត្តទេ ដែលប្រកួតច្រើនមកហើយនៅតែគេឱ្យប្រកួតគូបើកឆាក ប៉ុន្តែក្នុងពេលដ៏ខ្លីលោកពិតជាមានឱកាសឡើងក្រេឌីត ។ ក្នុងនោះលោកសង្ឃឹមថា ប៉ុស្តិ៍លេខ៥ នឹងមិនផ្អាកដំណើរការ ប្រកួតឬបិទទ្វារជាថ្មីម្ដងទៀតនោះទេ ដើម្បីឱ្យលោកមានការរំពឹងថា នឹងឆាប់ចេញពីគូបើកឆាកព្រោះប៉ុស្តិ៍លេខ៥ ស្គាល់ថ្វីដៃលោកស្រាប់។ លោកក៏បង្ហាញមោទនភាពផងដែរដែលអាចឈ្នះរៀមច្បងនៅក្នុងថ្ងៃនោះ។
មិនខុសពីការបារម្ភ លោក សេង កដិកា អ្នករៀបចំកម្មវិធីបានអះអាងថា បើទោះបីជានៅក្នុងពេលនេះ លោកសារភាពថា Sponsors មានការប៉ះពាល់ហើយអ្នកចូលរួមឧបត្ថម្ភក៏មានការកាត់បន្ថយចំណាយដែលធ្វើឱ្យការរៀបចំប្រដាល់របស់លោកពិបាកក្នុងការផ្ដល់តម្លៃមួយខ្ពស់ដល់កីឡាករតាមការចង់បាន ស្របពេលកម្ពុជាក៏ផ្ទុះជំងឺកូវីដ-១៩ចូលសហគមន៍នៅក្នុងពេលនេះទៀត ។
លោកលើកឡើងពីផលលំបាកថា ការរៀបចំប្រដាល់របស់លោកជាថ្មីទទួលបានកញ្ចប់ប្រាក់ទាបជាងមុន និងមានការត្អូញត្អែរច្រើនពីអ្នកឧបត្ថម្ភកម្មវិធី និងថាធាតុពិតប៉ុស្តិ៍លេខ5 មិនអាចដំណើរការការប្រដាល់របស់ខ្លួនបានទៀតទេ តែស្ថាប័នរបស់លោកនៅតែពុះពារដើម្បីចូលរួមលើកស្ទួយវិស័យកីឡា។ លោកថា កម្មវិធីដែលដំណើរការនៅក្នុងពេលនេះគឺជាបទពិសោធន៍មួយដ៏លំបាកតែក៏ធ្វើឱ្យក្រុមការងារទាំងមូលរឹងមាំផងដែរក្នុងអំឡុងពេលដែលមានជំងឺកូវីដ-១៩បន្តផ្ទុះឡើង៕
ចែករំលែកព័តមាននេះ