ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលស្គាល់​ហែម គី​រី និង​ហែម ប៊ុ​ន​ទី​ង ជា​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ទទួលស្គាល់​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា និង​លោក ហែម ប៊ុ​នទី​ង អតីត​កីឡាករ​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​ទទួលស្គាល់​លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា និង​លោក ហែម ប៊ុ​នទី​ង អតីត​កីឡាករ​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា ជា​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​ពិភពលោក​ដោយ​សមាគម​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​ពិភពលោក​(World Olympian Association) បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​កា​រវិ​វត្ត​នៃ​វិស័យ​កីឡា​កម្ពុជា ។ មាន​ន័យ​ថា ការ​រីក​ចម្រើន​ក្នុង​វិស័យ​កីឡា​កម្ពុ​ជានា​ពេល​នេះ មិន​ត្រឹមតែ​នៅ​ក្នុងស្រុក​ទទួលស្គាល់​ទេ សូ​ម្បី​តែ​សហគមន៍​អន្តរជាតិ ក៏​ទទួលស្គាល់​ថា​មានការ​ឈាន​ឡើង​ដែរ ។

ការ​ប្រកាស​ទទួលស្គាល់​អ្នកមាន​ស្នាដៃ​ទាំង​ពីរ នៅ​ក្នុង​ពេល​នេះ ក៏​បង្ហាញ​ពី​សញ្ញាណ​ជោគជ័យ​ថា កីឡាករ​-​កីឡា​ការិនី​ដែល​មាន​ស្នាដៃ​ជា​ច្រើន​ផ្សេង​ទៀត ក៏​នឹង​ត្រូវ​បាន​សមាគម​អន្តរជាតិ​មួយ​នេះ ទទួល​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ដូច​គ្នា​ផង​ដែរ​។

យោង​តាម​ការ​ប្រកាស មូលហេតុ​ដែល​សមាគម​នេះ ទទួលស្គាល់​អ្នក​ទាំង​ពីរ​ជា​កីឡាករ​អូ​ឡាំ​ពិ​ក ដោយសារ​ពួក​លោក​បាន​រួមចំណែក​ជួយ​ក្នុង​ចលនា​អូ​ឡាំ​ពិ​ក ដោយ​បាន​ចូលរួម​ការ​ប្រកួត​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ដឹកនាំ​កីឡាករ​ទៅ​ចូលរួម​ការ​ប្រកួត​នេះ នា​ពេល​កន្លង​មក ។ លោក ហែម គី​រី បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​លោក ហែម ប៊ុ​នទី​ង ម្ចាស់​មេដាយ​ប្រាក់​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០០៧ នៅ​ប្រទេស​ថៃ លើ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុ​ន​។ លោក ហែម គី​រី ពេល​នៅ​ជា​កីឡាករ​ហែល​ទឹក ធ្លាប់​ចូលរួម​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០០០ និង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​នៅ​ទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ក កាល​ពី​ឆ្នាំ​២០០៤​។

អតីត​កីឡាករ​ឆ្នើម​វ័យ​៤០​ឆ្នាំ​រូប​នេះ ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ បាន​វិ​វត្ត​ខ្លួន​ទៅ​ជា​គ្រូ​បង្វឹក និង​ជា​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​អន្តរជាតិ​។ បន្ទាប់​មក លោក ក៏​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រហូត​មក​ដល់​បច្ចុប្បន្ន​។

ចំណែក​លោក ហែម ប៊ុ​នទី​ង អតីត​កីឡាករ​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ម្តង​កាលពី​ឆ្នាំ​២០០៨ នៅ​ទីក្រុង​ប៉ី​ជី​ង ប្រទេស​ចិន លើ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង ។ ដោយ​កាលនោះ លោក​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ដោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧៣ ក្រោយ​ប្រើ​ពេល​២​ម៉ោង​៣៣​នាទី​និង​៣២​វិនាទី​។

ក្រៅពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក លោក ធ្លាប់​ចូលរួម​ប្រកួត​ពិភពលោក​ចំនួន​៣​លើក កីឡា​អាស៊ី Asian Games ចំនួន​៣​លើក និង​ការ​ប្រកួត​កម្រិត​អាស៊ី និង​អាស៊ាន​ជា​ច្រើន​ទៀត​។ បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ ធ្លាប់​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​កាលពី​ឆ្នាំ​២០០៧ នៅ​ប្រទេស​ថៃ ដោយ​ដណ្តើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ម៉ា​រ៉ា​តុង និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូ​ម៉ែត្រ​។ បន្ថែម​លើ​នេះ លោក ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​មួយ​បន្ថែម​ទៀត​លើ​វិញ្ញាសាម៉ា​រ៉ា​តុង​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០០៩ ក្រោយ​ចំណាយ​ពេល​២​ម៉ោង ២៥​នាទី និង​១៩​វិនាទី​។

ក្រោយ​ការ​ប្រកាស​ទទួលស្គាល់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ស្នាដៃ​ទាំងឡាយ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​វិស័យ​កីឡា​ត្រូវ​បាន​ទទួលស្គាល់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មោទនភាព​ធំ​មួយ​របស់​កម្ពុជា ដែល​មាន​សមាសភាព​២​រូប​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​អតីត​អ្នកមាន​ស្នាដៃ​ឆ្នើម​ឱ្យ​ពិភពលោក​បាន​ស្គាល់​ផង​ដែរ ។

មានការ​លើក​ឡើង​ថា ជំហាន​ទទួលស្គាល់​លើ​លោក ហែម គី​រី និង​ហែម ប៊ុ​នទី​ង នឹង​ក្លាយជា​ភ្លើង​បំភ្លឺ​ផ្លូវ​ឱ្យ​កីឡាករ​កីឡាការិនី​កម្ពុជា ដែល​មាន​ស្នាដៃ​រាប់​មិន​អស់​ផ្សេង​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​បែប​នេះ​ដូច​គ្នា​ក្នុង​ពេល​ខាង​មុខ ។ បើ​សមាស​ភាព​កីឡាករ​ខ្មែរ​ត្រូវ​បាន​ចុះបញ្ជី​​ទទួល​ស្គាល់​​កាន់តែ​ច្រើន នោះ​ក៏​ជា​មុខមាត់​នៃ​វិស័យ​កីឡា​របស់​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ