ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត់ចំនួនអ្នកចិញ្ចឹមត្រី ឲ្យបានច្បាស់លាស់ ដើម្បីកាត់​បន្ថយ​ការនាំចូលត្រីពីបរទេស…

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ “ប្រធានមន្ទីរកសិកម្មគ្រប់ខេត្ត-ក្រុង ត្រូវតែធ្វើតួលេខ ឲ្យបានច្បាស់លាស់ពីចំនួនទីតាំងស្រះត្រី ដែលមាននៅតាមបណ្ដាខេត្ត-ក្រុងនីមួយៗ បើសិនគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា នោះនឹងត្រូវកាត់បន្ថយការនាំចូលត្រីពីបរទេស ធ្វើយ៉ាងណា…

ខេត្តត្បូងឃ្មុំ៖ “ប្រធានមន្ទីរកសិកម្មគ្រប់ខេត្ត-ក្រុង ត្រូវតែធ្វើតួលេខ ឲ្យបានច្បាស់លាស់ពីចំនួនទីតាំងស្រះត្រី ដែលមាននៅតាមបណ្ដាខេត្ត-ក្រុងនីមួយៗ បើសិនគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា នោះនឹងត្រូវកាត់បន្ថយការនាំចូលត្រីពីបរទេស ធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់តម្លៃត្រី ក្នុងស្រុក ដែលធ្វើអោយចុះថោក” នេះជាប្រសាសន៍លើកឡើងរបស់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅព្រឹកថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងពិធីចែកសម្ភារៈ តង់ប្លាស្ទិច និងកូនត្រីអណ្ដែង ជូន​ដល់ប្រជាពលរដ្ឋចំនួន ៣២ គ្រួសារ នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

លោក ពាង ណារិទ្ធិ អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា សកម្មភាពចែកកូនត្រី និងបង្រៀនពីបច្ចេកទេសដល់ប្រជាកសិករ គឺមានការយកចិត្តទុកដាក់ពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ ក្នុងនោះ មានកសិករស្ទើរតែគ្រប់ស្រុកក្រុង នៅក្នុងខេត្តត្បូងឃ្មុំ បានទទួលនូវចំណេះដឹង និងបច្ចេកទេសជំនាញពីរបៀបចិញ្ចឹមត្រី ដើម្បីយកទៅអនុវត្តនៅក្នុងក្រុមគ្រួសារ ដែលនឹងប្រើពេលប្រមាណ ៣ខែនោះ កូនត្រីអណ្ដែង នឹងរីកធំធាត់ អាចយកមកធ្វើម្ហូបអាហារ ឬក៏អាចចាប់យកលក់ដូរ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតបន្ថែមទៀត។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផល បាន​ឲ្យដឹងថា តាមរយៈការបង្រៀនពីបច្ចេកទេស ដោយជំនាញជលផលខេត្ត បានធ្វើឡើងជាបន្តបន្ទាប់ រួមទាំង​លើកនេះ សម្រាប់​កសិករមកពីក្រូចឆ្មារ ត្បូងឃ្មុំ ក្រុងសួង និងស្រុកអូរាំងឪ ចំពោះសម្ភារៈ ដែលបានជួយឧបត្ថម្ភដល់ពួកគាត់ គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា ចំពោះកៅស៊ូតង់ ដែលចែកជូន សម្រាប់យកទៅចិញ្ចឹមត្រីអណ្ដែង មិនមែនប្រើបានតែមួយពេលនោះទេ គឺអាចប្រើបានពី ៦ ទៅ ៧ ដង​។ ក្នុងជំហានដំបូង ពេលដែលត្រីផ្ដល់ទិន្នផលខូចអោយអាចលក់បានចំណេញថវិកា ក្នុងរង្វង់ពី ២០ ទៅ ៣០ ម៉ឺនរៀល ហ្នឹងវគ្គបន្ទាប់ គេអាចទទួលបានប្រាក់ចំណេញច្រើនជាងនេះ។ ត្រីដែលហុចផលដំបូង មិនត្រឹមតែផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ គឺអាចលក់ដូរទទួលបានប្រាក់កម្រៃបន្ថែម លើសពីនេះទៀត កសិករអាចពង្រីកការចិញ្ចឹមត្រី ២ ទៅ ៣ ស្រះ អាចរហូតដល់បង្កើតជាសហគមន៍ រកទីផ្សារត្រី។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍​ថា ក្នុងពេលដែលប្រទេសកម្ពុជា បានផ្ទុះឡើងនូវជំងឺ Covid ដែលធ្វើឲ្យប៉ះពាល់​ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ​។ ដោយមើលឃើញនូវ​ការលំបាកបែបនេះ សម្ដេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យក្រសួងកសិកម្ម ត្រូវយកចិត្តទុកដាក់ជួយបង្រៀនពី​បច្ចេកទេសនៃការដាំដុះ និងចិញ្ចឹមត្រីក្នុងការលើកកម្ពស់ជីវភាព​ប្រជាកសិករឱ្យប្រសើរឡើង។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍បន្តថា ក​សិករ ដែលទទួលការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី មានចំនួន ៥៧គ្រួសារ ដែលរហូតមកដល់ពេលនេះ នៅសល់ចំនួន ៣២គ្រួសារ សូមយកចំណេះដឹង ដែលបានរៀនទៅអនុវត្តឲ្យទទួលបានជោគជ័យ នៅក្នុងគ្រួសារ ហើយសូម​ទទួលបានជោគជ័យ នឹងត្រូវពង្រីក ឱ្យកាន់តែរីកធំធាត់ជាងមុន។ ជាមួយនោះ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ត្រូវតែយកចិត្តទុកដាក់ ពេលដែលកសិករផលិតត្រីបានច្រើន ត្រូវតែទាក់ទងជាមួយនឹងអ្នកវិនិយោគ មកប្រមូលទិញ ព្រមទាំងរៀបចំបណ្តុំកសិករដើម្បីរកទីផ្សារ ជូនដល់ពួកគាត់ថែមទៀត៕ ដោយ៖ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ