ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី បាន ស្រីមុំ៖ ទោះបីជា​ស្រ្តី តែនឹងប្តេជ្ញាដឹកនាំ និងបំពេញ​តួនាទី ​ឲ្យល្អប្រសើរ

3 ឆ្នាំ មុន
  • ប៉ោយប៉ែត

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង​ជាអភិបាលខេត្តប៉ៃលិន បានប្រកាសថា ទោះបីជាលោកស្រី ជាស្រ្តីក៏ដោយ…

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង​ជាអភិបាលខេត្តប៉ៃលិន បានប្រកាសថា ទោះបីជាលោកស្រី ជាស្រ្តីក៏ដោយ តែលោកស្រី នឹងប្តេជ្ញា​ដឹកនាំ និងបំពេញតួនាទីជាអភិបាលខេត្តប៉ៃលិន ឲ្យល្អប្រសើរ មិនឲ្យបងប្អូនខកបំណងឡើយ។

ការលើកឡើងដូច្នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុន​លោកស្រី បាន ស្រីមុំ នឹងចូលកាន់តំណែង​ជាអភិបាលខេត្តប៉ៃលិនជាផ្លូវ​ការ​។ ពិធី​ប្រកាសផ្ទេរតំណែង​អភិបាល​ខេត្តប៉ៃលិន ពី​លោក ផាន់ ចាន់ធុល ជូនលោកស្រី បាន ស្រីមុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​។ ពិធីនេះ នឹងធ្វើឡើង នៅសាលាខេត្តប៉ៃលិន។​

សូមរម្លឹកថា  លោកស្រី​ បាន ស្រីមុំ បានសរសេរ​នៅលើហ្វេសប៊ុក Bansreymom page ថា “នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកជំទាវ បងប្អូនទាំង​អស់គ្នា ដែលបានគោរពស្រឡាញ់ រាប់អានមកលើរូបនាងខ្ញុំ ដោយបានសរសេរ​សារមកអបអរសាទរដោយផ្ទាល់ ឬតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម facebook កាលពីម្សិលមិញ និងថ្ងៃនេះ នៅពេល ដែលនាងខ្ញុំ ត្រូវបានប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសមកលើរូបនាងខ្ញុំ​ជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបានបម្រើជាតិ មាតុភូមិ ពុកម៉ែ បងប្អូន និងប្រជាជនខេត្តប៉ៃលិន ជាទីគោរពស្រឡាញ់របស់នាងខ្ញុំយ៉ាងជ្រាលជ្រៅបំផុត”។

លោកស្រី បន្តទៀតថា «តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តនេះ គឺជាតួនាទីមួយដ៏ខ្ពង់​ខ្ពស់​បំផុត សម្រាប់រូបនាងខ្ញុំ ហើយក៏ជាបន្ទុកការងារមួយ ដែលនាងខ្ញុំ ត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងារ​រដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិន ឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខបន្ថែមទៀត។ ជាពិសេស បន្តការងារអភិវឌ្ឍន៍ និងថែរក្សាស្នាដៃ ដែលអតីតអភិបាលខេត្តមុនៗ បានចូលរួម​ចំណែក កសាងឡើងនាពេលកន្លងមក​។ ការអបអរសាទរ ការគោរពរាប់អាន និងការគោរព ស្រឡាញ់របស់បងប្អូនមកលើរូបនាងខ្ញុំ បង្ហាញពីសក្ខីភាពយ៉ាងច្បាស់ និងការជឿជាក់របស់បងប្អូន មកលើរូបខ្ញុំ នាងខ្ញុំ ដើម្បីចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជា ក៏ដូចជាការអភិវឌ្ឍ​ខេត្តប៉ៃលិនរបស់យើងតែម្តង។”

លោកស្រី បញ្ជាក់ថា «នាងខ្ញុំ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាថ្មីម្តងទៀត ដែលសម្តេចបានផ្តល់ឱកាស​ដល់រូបនាងខ្ញុំ ឲ្យកាន់តួនាទីដ៏សំខាន់នេះ នាងខ្ញុំសូមប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យ​អស់ពីលទ្ធភាព សមត្ថភាពរបស់នាងខ្ញុំ ដើម្បីបម្រើការងាររដ្ឋបាល ការអភិវឌ្ឍ​ខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) នេះ ឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេសទៅទៀត​នោះ គឺការពារផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល»។

លោកស្រី បាន ស្រីមុំ បន្ថែមថា «ជាចុងបញ្ចប់ នាងខ្ញុំសូមអភ័យទោសចំពោះបងប្អូន​ទាំងអស់ ដែលបានផ្ញើសារមកអបអរសាទរដល់រូបនាងខ្ញុំដោយផ្ទាល់ ឬដោយបង្ហោះ​លើបណ្តាញសង្គម Facebook ដែលនាងខ្ញុំមិនទាន់បានឆ្លើយតប នាងខ្ញុំពិតជារំភើប និងសប្បាយរីករាយ​ពីការផ្តល់​សេចក្តីទុកចិត្តមកលើរូបនាងខ្ញុំ ដែលជាតួនាទីមួយ ដែលខ្ញុំត្រូវតែយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានហ្មត់ចត់ និងរៀនសូត្រ​បន្ថែមទៀត ពីចំណុចខ្វះខាតមួយចំនួនដែលនៅសេសសល់ ។ ប៉ុន្តែបើទោះ​បីជានាងខ្ញុំជាស្រ្តីក៏ដោយ នាងខ្ញុំនឹងប្តេជ្ញាដឹកនាំ និងបំពេញតួនាទីនេះឲ្យល្អប្រសើរ មិនឲ្យបងប្អូនខកបំណងឡើយ»។

គួរបញ្ជាក់ថា លោកស្រី​ បាន ស្រីមុំ ជាស្ត្រីទីពីរ ដែលកាន់​មុខតំណែង ជាអភិបាលខេត្ត។ ស្ត្រីអភិបាលខេត្តដំបូងគេ​ គឺលោកស្រី​ មិថុនា ភូថង បាន​កាន់តំណែង​ជា​អភិបាលខេត្តកោះកុង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជំនួស​លោក ប៊ុន លើត។ លោក ប៊ុន លើត ភ្លាមៗនោះ ត្រូវបាន​តែងតាំងជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ​​។

កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥ លោកស្រី បាន ស្រីមុំ ជាភរិយា​លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន​ ​ជាអតីត​អភិបាលខេត្តប៉ៃលិន ដែលសព្វថ្ងៃ ជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ​។

លោកស្រី បាន ស្រីមុំ ជាតំណាងរាស្រ្ត មណ្ឌលប៉ៃលិន មកពីគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីអាណត្តិទី៥ នៃរដ្ឋសភា ២០១៣- ២០១៨។ លោកស្រី ក៏បន្តជាប់ឆ្នោត​ជាអ្នកតំណាងរាស្ត្រ នៅខេត្តប៉ៃលិន ដែលមានតែ១អាសនៈ ក្នុងអាណត្តិទី៦ ​ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន​។

ចាប់ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន លោកស្រី បាន ស្រីមុំ ជា​ប្រធានសាខាកាកបាទ​ក្រហមកម្ពុជា ខេត្តប៉ៃលិន​។ លោកស្រី បាន ស្រីមុំ សព្វថ្ងៃ ក៏ជា​ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ប្រចាំខេត្តប៉ៃលិន ផងដែរ​។

ទឹកដីប៉ៃលិន ជាប់ព្រំដែន​ថៃ​ ត្រូវបានបង្កើតជាក្រុងប៉ៃលិន ដែលមានថ្នាក់​ប្រហាក់ប្រហែលនឹងខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៧/១៤៤ ចុះថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ១៩៩៧។  

បន្ទាប់មកក្រុងប៉ៃលិន  ត្រូវបានប្តូរឈ្មោះ មកជាខេត្តប៉ៃលិន  ដែលមានថ្នាក់​ប្រហែលនឹងរាជធានី​ខេត្ត  ក្នុងព្រះរាជាណាចក្រកម្ពុជា  តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤  ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។

ចាប់ពីតាំងពីបង្កើតជាក្រុងប៉ៃលិន គឺលោក អ៊ី ឈាន អតីតមេទ័ពខ្មែរក្រហម​ បានកាន់​តំណែង​​ជាអភិបាលក្រុង និងក្រោយមកជាអភិបាលខេត្តប៉ៃលិន ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣​។ ក្រោយមក តំណែង​អភិបាលខេត្តប៉ៃលិន ត្រូវបាន​លើលោក កើត សុធា ចាប់ពីឆ្នាំ​២០១៤-ឆ្នាំ​២០១៨។ ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក​ ផាន់ ចាន់ធុល ជា​អភិបាល​ខេត្តប៉ៃលិន៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ