ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីបានទទួលព័ត៌មានពីលោកមេភូមិគ្រួសថា មានប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាក នារសៀលថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ចាន់ ផល្លីន ប្រធានក្រុមការងារសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន២គ្រួសារ ដែលកំពុងជួបការលំបាកនៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

១.ឈ្មោះ អ៊ឹង សុខុម ភេទស្រី អាយុ៦៨ឆ្នាំ ជាចាស់ជរាគ្មានទីពឹង ជាជនពិការភ្នែក និងមានជម្ងឺតេតាណូស ២.ឈ្មោះ ហ៊ុក ណម ភេទស្រី អាយុ៩៧ឆ្នាំ ជាចាស់ជរានៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ(១០កំប៉ុង) ផួយ១ និងថវិកា៥០,០០០រៀល។

ដោយពិនិត្យឃើញពីស្ថានភាព និងជីវភាពការរស់នៅរបស់ លោកយាយ អ៊ឹង សុខុម មានការលំបាកខ្លាំង សូម្បីតែដីសាងសង់ក៏គ្មានផងនោះលោកស្រី ចាន់ ផល្លីន បានបន្ថែមជូនថវិកាចំនួន១០០,០០០រៀលទៀត សរុប១៥០,០០០រៀល។ ជាក់ស្ដែងពេលក្រុមការងារកំពុងរៀបចំផ្ដល់អំណោយជូនស្រាប់តែជំងឺរបស់លោកយាយបានរើឡើងធ្វើឲ្យក្រុមការងារមានការភ្ញាក់ផ្អើល និងបានជួយសង្គ្រោះលោកយាយក្នុងគ្រានោះផងដែរ៕ ដោយ ៖ សុខ សារ៉ាយ





ចែករំលែកព័តមាននេះ