ខេត្តសៀមរាប ៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានបើកប្រតិបត្តិការបង្ក្រាបកន្លែងទូហ្គេម និងកន្លែងហ្គេមជ្រកក្រោមស្លាកយីហោ អិុនធឺណេត ចំនួន២កន្លែងនៅក្រុងសៀមរាបកាលពីរាត្រីថ្ងៃទី២៧ មិថុនា ២០១៥ ដោយដកហូតបានម៉ាស៊ីកុំព្យូទ័រចំនួន២៥គ្រឿង និងទូហ្គេមបាញ់ត្រី៤គ្រឿង និងទូហ្គេមតុក្កតា៦គ្រឿង ។
ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯកស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ សហការជាមួយកងរាជអាវុធហត្ថក្រុងសៀមរាប ដើម្បីលុបបំបាត់ល្បែងស៊ីសងនៅក្នុងក្រុង ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងដើម្បីរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។ ក្រោមបទបញ្ជារបស់លោកឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាម ដែលទើបឡើងកាន់តំណែងថ្មី ។
លោកវរៈសេនីយ៍ឯកស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់«កោះសន្តិភាព»នៅល្ងាចថ្ងៃទី២៨មិថុនា នេះថា ក្នុងយុទ្ធនាការចុះបង្ក្រាបទូហ្គេមជ្រកក្រោមស្លាកយីហោ អិុនធឺណេតនៅយប់នោះ គឺជាការក្រើនរំលឹកដល់បងប្អូនដែលបានធ្វើអាជីវកម្មអិុនធឺណេតដោយបង្កប់ល្បែងស៊ីសង និងកន្លែងទូហ្គេម ដើម្បីធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដើម្បីបញ្ឈប់ការបម្រើនូវល្បែងតាមប្រព័ន្ធអេឡិត្រូនិចនេះតទៅទៀត។
លោកបានបន្តថា ដោយសារបញ្ហាប្រភេទហ្គេមល្បែងស៊ីសងនេះហើយទើបធ្វើឲ្យសិស្សានុសិស្ស និងយុវវ័យមួយចំនួនបានលះបង់ការសិក្សាចូលទៅលេងហ្គេម បំផ្លាញលុយ និងទ្រព្យសម្បត្តិរបស់ឪពុក ម្ដាយ ព្រមទាំងធ្វើឲ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខសង្គម តាមរយៈលេងហ្គេមចាញ់អស់លុយ និងធ្វើឲ្យសិស្សានុសិស្ស ក្រុមយុវវ័យទាំងនោះ អាចប្រព្រឹត្តនូវអំពើអនាចារ លួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គមជាដើម ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថបានបន្ថែមថា ដោយសារបញ្ហាទាំងនេះហើយ ទើបប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលសាលាខេត្តត្រូវតែមានវិធានការទប់ស្កាត់ និងបង្ក្រាបហ្គេមល្បែងស៊ីសងទាំងនោះ ។ ម្យ៉ាងទៀតការធ្វើអាជីវកម្មនេះ មួយចំនួនមានច្បាប់អនុញ្ញាត ប៉ុន្តែការប្រកបអាជីវកម្មខុសច្បាប់មួយចំនួនទៀតគ្មានច្បាប់ ដែលពួកគេបើកលេងទាំងយប់ទាំងថ្ងៃ ដែលរំខានដល់ប្រជាពលរដ្ឋនៅជិតខាងផងដែរ ។
លោកបន្ថែមទៀតថា ប្រតិបត្តិការចុះបង្ក្រាបទូហ្គេមនៅយប់នោះត្រូវបានបែកការណ៍ដោយមានម្ចាស់អាជីវកម្មមួយចំនួនហាក់ដូចជាដឹងមុន ។ ទូហ្គេមទាំងនោះដែលមានទីតាំងស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ និងពីរទីតាំងទៀតស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ដែលមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មអិុនធឺណេត ដោយបង្កប់ទៅដោយល្បែងហ្គេម ដែលមានម៉ាស៊ីកុំព្យូទ័រចំនួន២៥គ្រឿង និងមួយទៀតនៅផ្សាររាត្រីទល់មុខផ្សារត្រីកោណ ដែលជាកន្លែងទូហ្គេមបាញ់ត្រីចំនួន០៤គ្រឿង និងទូហ្គេមតុក្កតា៦គ្រឿង ដែលភាគច្រើនបានអនុញ្ញាតិឲ្យក្មេងៗមនុស្សចាស់ចូលលេងដោយសេរី ដែលជាផ្នែកមួយធ្វើឲ្យក្មេងធ្វើការបោះបង់ការសិក្សារៀនសូត្រ។
គួររំលឹកផងដែរថា ការបើកយុទ្ធនាការយប់ថ្ងៃទី២៧ មិថុនា នោះត្រូវបានពលរដ្ឋ ដែលរស់នៅជិតទីតាំងហ្គេម ទាំង២សង្កាត់នោះ និងអាណាព្យាបាលសិស្ស ធ្វើការសាទរនូវរាល់ចំណាត់ការរបស់គណៈអភិបាលខេត្តសៀមរាប និងកងរាជអាវុធហត្ថខេត្ត ដែលបានចុះបង្ក្រាបទូហ្គេមទាំងនោះដើម្បី ការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋទូទាំងក្រុងសៀមរាបផងដែរ ៕
ចែករំលែកព័តមាននេះ