ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ឆ្នាំង មានសាលារបស់​សម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធ​បណ្ឌិត ជិត ២០០ខ្នង!

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ គិតមកបច្ចុប្បន្ន ខេត្ត​កំពង់​ឆ្នាំង បានទទួលអំណោយដ៏​ថ្លៃថ្លាជា​សាលារៀន​​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រានី…

ខេត្តកំពង់ឆ្នាំង៖ គិតមកបច្ចុប្បន្ន ខេត្ត​កំពង់​ឆ្នាំង បានទទួលអំណោយដ៏​ថ្លៃថ្លាជា​សាលារៀន​​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ​ជិត ២០០ខ្នង ស្មើជាង ១០០០​បន្ទប់ ដែលសាងសង់ស្ទើរគ្រប់កន្លែង រហូតដល់ទីជនបទ។ វត្តមានសាលារៀនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ទាំងនេះ បានធ្វើឱ្យវិស័យអប់រំទូទាំងខេត្តកំពង់ឆ្នាំង និយាយដោយឡែក និងនិយាយជារួម បានកើនឡើងកម្រិតខ្ពស់ ព្រោះអត្រាបោះបង់សាលា បានកាត់បន្ថយ។

ក្នុង​កិច្ចសម្ភាសន៍​ដល់អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គិតមកដល់​បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាសាលារៀនពីសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រិទ្ធ​បណ្ឌិត ប៊ុន រានី ហ៊ុនសែន បានចំនួន ១៧៣ខ្នង ស្មើនឹង ១ ១៣៤បន្ទប់ ដោយគិតទាំង​សាលាគរុកោសល្យ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋម និងមតេយ្យសិក្សា។ នេះមិនទាន់គិតទីលានកីឡា ការជីកស្រះទឹក និងការចាក់ដីបំពេញ​តាម​សាលារៀននិមួយៗទៀតផង។

លោក សឹម ប្រឹម បានបញ្ជាក់ទៀតថា​ ការសាងសង់សាលារៀន​គ្រប់ទីកន្លែង តាំងពីក្នុង​ក្រុង រហូតដល់ទីជនបទ ដែលជាសេវាអប់រំនេះ គឺមានសារៈប្រយោជន៍ធំធេងណាស់ ដោយបានធ្វើឱ្យអត្រាបោះបង់សាលារៀន អវត្តមានរបស់សិស្ស និងអត្រាគ្រោះថ្នាក់​ចរាចរណ៍ ត្រូវបានកាត់បន្ថយ និងប្តូរត្រឡប់មកវិញ គឺគុណភាពអប់រំ បានកើនឡើង​កម្រិត​ខ្ពស់ ដែលបានធ្វើឱ្យអត្រាកំណើនសិស្សឡើងថ្នាក់បានកើនឡើង ជារៀងរាល់ឆ្នាំ​។

ដោយហេតុនេះហើយ ក្នុងនាមលោក ជាប្រធានមន្ទីរអប់រំ ជួសមុខឱ្យបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន និងសូមប្រសិទ្ធិពរជ័យ ជូនសម្តេចទាំងទ្វេ សូមសម្តេចមាន​ជន្មាយុយ៉ឺនយូរ សុខភាពបរិបូរណ៍ កម្លាំងមាំមួន ដើម្បីដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចំរើន រុងរឿងជាបន្តទៀត។

ទោះជាយ៉ាងណា តាមការបញ្ជាក់ពីប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ក្នុងខេត្តកំពង់ឆ្នាំង ក៏នៅមានខ្វះសាលារៀនខ្លះដែរ ដោយសារចំនួនសិស្ស​កើនឡើង និងដោយសារអាគារសិក្សាចាស់ ខ្លះមានសភាពទ្រុតទ្រោម និងខ្លះទៀត ចាស់ខ្លាំងពេក មិនអាចឱ្យសិស្សចូលរៀនបាន។ ហេតុនេះហើយ លោកក៏សូមអំពាវនាវ​បន្ថែម​ដល់សប្បុរសជននានា មេត្តាជួយសង់សាលារៀន​បន្ថែម​ដល់ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យខេត្តមួយនេះ មានសាលាគ្រប់គ្រាន់ សម្រាប់ឆ្នាំសិក្សាខាងមុខទៀត៕ ​ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ