សិង្ហបុរី ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហើយកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ជាទីដែលរូបគេត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុងដែលមានឈ្មោះថា «One Championship Collision Course» នៅសង្វៀន Indoor Stadium នាវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៨ ធ្នូ ដោយត្រូវប្រកួតជាមួយកីឡាករចិន ។
ចាន់ រតនា បានបញ្ជាក់ថា ការចេញទៅមុនច្រើនថ្ងៃដូចនេះដោយសារខាងកម្មវិធីត្រូវធ្វើការច្រើនលើបញ្ហាកូវីដ-១៩ ដែលត្រូវតាមដានសម្រាប់កីឡាករដែលត្រូវទៅប្រកួត ។ សម្រាប់ រូបលោក(ចាន់ រតនា) មុនចេញទៅប្រកួតត្រូវធ្វើតេស្ដរកកូវីដ-១៩ ម្តងនៅកម្ពុជា ទៅដល់ប្រទេស សិង្ហបុរីត្រូវធ្វើតេស្ដម្តងទៀត ពេលប្រកួតហើយត្រូវធ្វើតេស្តសាជាថ្មី និងមកដល់កម្ពុជាវិញ ត្រូវធ្វើតេស្ដម្តងទៀត សរុប៤ដង រួមទាំងការធ្វើចត្តាឡីស័កផងដែរ ។
សម្រាប់ការធ្វើតេស្ដលើកទី១ លោកមិនមានបញ្ហាអ្វីនោះទេ ហើយសម្រាប់ការត្រៀមខ្លួនគឺបានរួចរាល់អស់ហើយ ដោយបេ្តជ្ញាថាយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជាឱ្យបានសម្រាប់ការប្រកួតនេះ។
គូប្រកួតរបស់ចាន់ រតនា គឺកីឡាករចិន Xie Wei មានរហស្សនាមថា The Hunter ចូលប្រឡូកនៅសង្វៀន One Championship នៅក្នុងឆ្នាំ ២០១៩ ដោយពេញ១ឆ្នាំ ២០១៩ រូបគេបានចេញប្រកួតចំនួន៥ដង មិនចាញ់សោះ ក្នុងនោះផ្តួលដៃគូមិនចប់ទឹកទាំង៥ប្រកួត ។
សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២០ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបចេញប្រកួតបាន១លើក
ប៉ុណ្ណោះ ដោយចាញ់ពិន្ទុកីឡាករជើងខ្លាំងហ្វ៊ីលីពីន DANNY KINGAD នៅក្នុងព្រឹត្តិការណ៍ One Championship នាទីក្រុង ម៉ានីល ប្រទេសហ្វ៊ីលីពីន ។
ចំណែក ចាន់ រតនា ដែលជាអ្នកប្រយុទ្ធរបស់កម្ពុជាវិញមានប្រវត្តិប្រកួតនៅក្នុងព្រឹត្តិការណ៍ One Championship ចំនួន ៩ដង ក្នុងនោះឈ្នះ៦ដង និងចាញ់៣ដង ។ អ្វីដែលធ្វើឱ្យកីឡាករកម្ពុជារូបនេះកាន់តែល្បីខ្លាំងលើសង្វៀនOne នោះ គឺការប្រកួត៣ដងចុងក្រោយឈ្នះទាំងអស់ ក្នុងនោះឈ្នះកីឡាករ Abrou Fernandes និង Rudy Agustian ក្នុងទឹកទី២ និងចុងក្រោយឈ្នះកីឡាករគុយបាGustavo Balart ដោយពិន្ទុ នៅទីក្រុងបាងកក ប្រទេសថៃ ៕
ចែករំលែកព័តមាននេះ