បន្ទាយមានជ័យ៖ ដើម្បីអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃការចម្លងមេរោគកូវីដ-១៩ ដោយឲ្យមានទីកន្លែង សម្រាប់ធ្វើចត្តាឡីស័ក ផ្ទៃក្នុងកងរាជអាវុធហត្ថខេត្ត ចំនួន ៤បន្ទប់ ហើយជាប្រចាំត្រូវត្រួតពិនិត្យការចេញចូល ក្នុងអង្គភាពទាំងកងកម្លាំងអាវុធហត្ថ ទាំងភ្ញៀវមកទំនាក់ទំនង ត្រូវអនុវត្តន៍ការលាងដៃនឹងអាល់កុល ជេល ពិនិត្យកម្ដៅ ពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពផងដែរ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ វាមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះ វាអាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះ មានការតម្រូវឲ្យបាញ់កំដៅ ឃុំខ្លួន ( ធ្វើចត្តាឡីស័ក ) លាងសម្អាតដៃនឹងទឹកសាប៊ូ និងទឹកលាងដៃ HAND Gel ទឹកអាល់កុល ជាដើម ហើយជួបគ្នា ត្រូវលើកដៃសំពះគ្នា ឬលើកដៃជាសញ្ញា ចៀសវាងចាប់ដៃ ព្រោះបារម្ភចម្លងមេរោគនេះ។
លោកបានបន្តទៀតថា មេរោគកូវីដ១៩នេះ ជាមេរោគដ៏កាចសាហាវ នៅតែបន្តវាយលុកយ៉ាងខ្លាំងនៅលើពិភពលោក ធ្វើឲ្យមនុស្សស្លាប់ជាច្រើន និងមានអ្នកជំងឺរាប់លាននាក់។ រហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចព្យាបាលមេរោគនេះ បាននៅឡើយទេ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ស្កាត់មេរោគ covid-19 នេះ ឲ្យបានគ្រប់គ្នា។
ក្នុងនោះដែរ លោកមេបញ្ជាការបន្ថែមថា ក៏មានមន្ត្រីជំនាញ ក្នុងទីបញ្ជាការកងរាជអាវុធបត្ថខេត្ត បានបង្រៀនដល់មន្ត្រីកងរាជអាវុធហត្ថ ឲ្យចេះប្រើប្រាស់ អាល់កុល ឬជេលលាងដៃ និងឲ្យចេះប្រើម៉ាស ឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់បន្ថែមថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយជំរុញដល់កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយពីវិធីបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះ ទាំងអស់គ្នា។ ក្នុងនោះ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រុង និងមេបញ្ជាការស្នាក់ការអាវុធហត្ថ ឃុំសង្កាត់ ត្រូវនាំគ្នាអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩នេះផងដែរ៕ ណុប រក្សា





ចែករំលែកព័តមាននេះ