សម្តេចតេជោ ​បកស្រាយពី​ការ​ចាំបាច់ ដែលបង្ហាញអត្តសញ្ញាណ​អ្នកកើតកូវីដ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេចតេជោ ​បកស្រាយពី​ការ​ចាំបាច់ ដែលបង្ហាញអត្តសញ្ញាណ​អ្នកកើតកូវីដ

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ ក្នុងសារពិសេសជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន​ បានប្រកាស​ពីការសម្រេច​ឲ្យក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណអ្នកឆ្លង​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។…

ភ្នំពេញ៖ ក្នុងសារពិសេសជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន​ បានប្រកាស​ពីការសម្រេច​ឲ្យក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណអ្នកឆ្លង​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ការធ្វើដូច្នេះ ដើម្បីឲ្យស្វែងរក​អ្នកប៉ះពាល់បន្តទៀត ឲ្យបានឆាប់រហ័ស​។ ការសម្រេចដូចនេះ ក៏ត្រូវបានសម្តេច បកស្រាយជូនជនរួមជាតិ​ផងដែរ​។

សម្តេចតេជោ បាន​លើកឡើងថា «ថ្ងៃនេះ យើងបានរកឃើញ ៦នាក់ផ្សេងទៀត ដែលសុទ្ធតែឆ្លង ក្នុងចង្កោម នៃអ្នកដែលជាប់ពាក់ព័ន្ធ នៅក្នុងក្រុមគ្រួសារ និងអ្នកដែល​មានទំនាក់ទំនងជាមួយនឹង​លោក ឆែម សាវុធ និងក្រុមគ្រួសារ។ ដូច្នេះហើយ ដើម្បី​ជៀស​វាង​ការរីកបែងខ្នែង និងរីកសាយភាយ ជម្រើសដែលលឿនជាងគេ គឺនៅពេល​ណា ដែលនរណាមានកូវីដ ទាក់ទិននឹងបញ្ហានេះ គឺត្រូវផ្សព្វផ្សាយជាព័ត៌មាន ជាអត្តសញ្ញាណ ហើយអាចមានមនុស្សមួយចំនួន អាចចោទឡើងពីសិទ្ធិបុគ្គល?»

ប៉ុន្តែ​ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បកស្រាយថា «ព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ក៏យើងបានផ្សព្វផ្សាយអំពីអ្នក ដែលទាក់ទិននឹងមានវិជ្ជមាន​ ហើយអ្នកដែលត្រូវធ្វើ​ចត្តាឡីស័ក រាប់ទាំងខ្លួនខ្ញុំ និងភរិយា​ផងដែរ។ ដូច្នេះពេលនេះ យើងក៏​បានផ្សព្វផ្សាយ​រួច​មកហើយ ជាមួយអ្នកដែលត្រូវធ្វើចត្តាឡីស័ក រាប់ទាំងប្រធានរដ្ឋសភា សម្តេចពញា​ចក្រី ហេង សំរិន ក្រុមគ្រួសាររបស់គាត់ និងសមាជិកសភាដទៃទៀត ឧបនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីមួយចំនួនផ្សេងទៀត ក៏បាន និងកំពុងធ្វើចត្តាឡីស័ក។ ឯចំពោះអ្នកមានវិជ្ជមាន បើទោះបីជាយើងមិនផ្សាយ ក៏សារព័ត៌មាននានាបានផ្សាយរួចទៅហើយ។ ដូច្នេះយល់​ល្អ​ក្រសួងសុខាភិបាល ជាអ្នកផ្សាយ​ផ្ទាល់ ដើម្បីឲ្យសារព័ត៌មាន ដែលមានការទទួលខុសត្រូវខាងវិជ្ជាជីវៈ មានការផ្សព្វផ្សាយ ហើយ​ងាយស្រួលទៅដល់​បងប្អូនដទៃទៀត សម្រាប់ធ្វើការ​ផ្ទៀងផ្ទាត់ ហើយក្នុងករណី ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកដែលបានឆ្លងជាមួយ​នឹងកូវីដ ទាំងចាស់ ទាំងថ្មី គឺចាំបាច់ ត្រូវមកបង្ហាញខ្លួន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ដើម្បីជៀសវាងនូវការឈឺចំពោះផ្ទាល់ខ្លួន ចំពោះក្រុមគ្រួសារ និងចម្លងទៅមិត្តភក្តិ»។​

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «​បញ្ហាពេលនេះ ត្រូវស្វះស្វែងរកឲ្យខានតែ​បាននូវសិទ្ធិរស់រានមានជីវិត មិនមែនជាសិទ្ធិ ដែលត្រូវលាក់លៀមជាមួយនឹង​អ្វី ដែលទាក់ទិននឹងសុខភាពសាធារណៈរបស់សង្គមទាំងមូលនោះទេ»។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនឡើងដល់ ២៩នាក់ហើយ​។ ក្នុងនោះ ៦នាក់ ជាបុគ្គលិក​ហាងលក់សំលៀកបំពាក់ Pedro តាមផ្លូវព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងកូវីដ១៩ នៅថ្ងៃទី៤ ខែធ្នូនេះ​។ ​សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការឆ្លង​ជំងឺកូវីដ ក្នុងព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា នៅមិនទាន់ដឹងប្រភព​ឆ្លងមកពីណាឲ្យបានច្បាស់លាស់​នៅឡើយទេ៕