ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ដូរ​ដង​អង់​តែ​ន​លើដំបូល​ផ្ទះ ប៉ះ​ត្រូវ​ខ្សែកាប​ស្រាត ផ្ទុះ​ឆេះ​មួយ​ចំហៀង​ខ្លួន

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ បន្ទាប់​ពី​បុរស​រូប​នោះ​ឡើង​ទៅ​លើដំបូល​ផ្ទះ ក្នុង​គោលបំណង​ដូរ​ដង​អង់​តែ​ន ដែល​ធ្វើ​ពី​ឫស្សី តែ​មិន​ប្រយ័ត្ន អង់​តែ​ន​ក៏​ប៉ះ​ត្រូវ​ខ្សែកាប​ស្រាត

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ បន្ទាប់​ពី​បុរស​រូប​នោះ​ឡើង​ទៅ​លើដំបូល​ផ្ទះ ក្នុង​គោលបំណង​ដូរ​ដង​អង់​តែ​ន ដែល​ធ្វើ​ពី​ឫស្សី តែ​មិន​ប្រយ័ត្ន អង់​តែ​ន​ក៏​ប៉ះ​ត្រូវ​ខ្សែកាប​ស្រាត ដែល​នៅ​ចំណាយ​ប្រមាណ​ជាង​៣​ម៉ែត្រ​ពី​ដំបូលផ្ទះ បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រោល​មួយ​ចំហៀង​ខ្លួន​តែ​ម្តង ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

​ឪពុក​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​មានឈ្មោះអ៊ំ វ៉ា​ន់តា​ក់ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​មុខរបរ​លក់ដូរ ។ បុរស​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​កូនប្រុស​របស់​គាត់​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ ដើម្បី​ដូរ​ដង​អង់​តែ​ន​ដែល​ធ្វើ​ពី​ដើម​ឫស្សី ព្រោះ​វា​ចាស់​ណាស់​ទៅ​ហើយ ខ្លាច​ពេល​មាន​ភ្លៀង​ខ្យល់​វា​បាក់​ធ្លាក់​មក​លើ​ដំបូលផ្ទះ តែ​ពេល​កំពុង​លើក​ដូរ​ដង​អង់​តែ​ន​នោះ អង់​តែ​ន​ខាងលើ​ក៏​បាន​ប៉ះ​ត្រូវ​ខ្សែកាប​ស្រាត ដែល​ខាង​អគ្គី​ស​នី​ដាក់​នៅ​ពីលើ​ដំបូលផ្ទះ​របស់​គាត់ ដែល​គិត​ពី​ដំបូល​ទៅ​ខ្សែកាប​នោះ​មាន​ចំងាយ​ប្រមាណ​ជា​៣​ម៉ែត្រ​ប៉ុណ្ណោះ ។

នៅ​ពេល​អង់​តែង​ប៉ះ​ត្រូ​វខ្សែកាប ខ្សែកាប​ក៏​ផ្ទុះ​លាន់​ដូច​រន្ទះ និង​មាន​អ​ណា្ត​ត​ភ្លើង​ឆាបឆេះ​ត្រូវ​កូន​របស់​គាត់​ដែល​នៅ​ខាងក្រោម​ខ្សែកាប​នោះ​តែ​ម្តង បណ្តាល​ឱ្យ​ឆេះ​ខ្លោច​មួយ​ចំហៀង​ខ្លួន​តាំងពី​ក្បាល​ដល់​ចុងជើង​តែ​ម្តង ។

ក្រោយ​ពី​ឃើញ​ដូច្នេះ​អ្នក​ជិតខាង​ក៏​បាន​ជួយ​យក​កូន​របស់​គាត់​ទៅ​កប់​ក្នុង​ដី​មួយសន្ទុះ ទើប​នាំ​គ្នា​បញ្ជូន​បន្ត​​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ ។

មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​បាន និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

គួរ​បញ្ជាក់​ថា​ ឪពុក​របស់​ជន​រង​គ្រោះ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល មន្ទីរ ឬ​ស្ថាប័ន​ពាក់​​ព័ន្ធ​ទាំងអស់ ជា​ពិសេស​អគ្គី​ស​នី​កម្ពុជា សូម​មេត្តា​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ភ្លើង ដែល​ដាក់​នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ផង ព្រោះថា បង្គោល​ទាំង​អស់នោះ​ភាគច្រើន​គឺ​ដាក់​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់ ដែល​ធ្វើ​ឱ្យ​ខ្សែកាប និង​ខ្សែភ្លើង​ទាំងអស់​វា​ត្រូវ​អូស​កាត់​លើដំបូល​ផ្ទះ​របស់​ពួក​គាត់​តែ​ម្តង ហើយ​ដោយសារ​បង្គោល​ភ្លើង​ទាប ធ្វើ​ឱ្យ​ខ្សែ​ទាំងនោះ​មាន​ចំងាយ​មិន​ឆ្ងាយ​ពី​ដំបូលផ្ទះ​របស់​ពួក​គាត់​ទេ តួយ៉ាង​ដូច​ករណី​របស់​យុវជន​អ៊ំ វ៉ា​ន់​តាក ដែល​ត្រូវ​ឆេះ​ខ្លួន​មួយ​ចំហៀង ដែល​បណ្តាល​មក​ពី​ខ្សែកាប​នៅ​ជិត​ដំបូលផ្ទះ​ពេក ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រស់នៅ ៕