ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទា​រស់​៥​ក្បាល​បោចរោម​ម៉ា​ស្អាត បំរុង​ឆ្អើរ​យក​ទៅ​លក់ តែ​ត្រូវ​ដឹង​ទាន់​ក្របួច​ជាប់

1 ខែ មុន
  • Kandal

ខេត្តកណ្ដាល ៖ ជា​អ្នកស្រុក​រស់នៅ​ជិតខាង​គ្នា​មិន​គួរ​ណា​ធ្វើអំពើ​ចោរកម្ម​បែប​នេះ​សោះ បន្ទាប់​ពី​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ស្អាង ខេត្តកណ្តាល​ឃាត់ខ្លួន កាល ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច…

ខេត្តកណ្ដាល ៖ ជា​អ្នកស្រុក​រស់នៅ​ជិតខាង​គ្នា​មិន​គួរ​ណា​ធ្វើអំពើ​ចោរកម្ម​បែប​នេះ​សោះ បន្ទាប់​ពី​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​ស្អាង ខេត្តកណ្តាល​ឃាត់ខ្លួន កាល ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច (​សត្វ​ទា​) ក្រោយ​ពី​ជន​សង្ស័យ​​បាន​លួច​ទា​រស់​ពី​អ្នកស្រុក​ដូច​គ្នា រួច​បោចរោម​ម៉ា​ស្អាត បំរុង​ឆ្អើរ​យក​ទៅ​លក់ ក៏​ត្រូវ​ចាប់ ខ្លួន​តែ​ម្តង​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ខ្នា ផល្លា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល (​ជន​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល ១​លើក រយៈពេល​៤​ខែ ពី​បទ​.​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​) ក្រោយមក​ត្រូវ​បាន​ដោះ​ឲ្យ​មាន​សេរីភាព​វិញ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទា​ឈ្មោះ ធន់ ហ៊ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អ្នក​រស់នៅ​ស្រុកភូមិ​ជាមួយ​គ្នា រីឯ​វត្ថុ​តាង​ចាប់​យក​បាន​មក​វិញ គឺ​សត្វ​ទា​៥​ក្បាល (​ងាប់​ទាំង​អស់​) ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ជនសង្ស័យ​ឈ្មោះ ខ្នា ផល្លា បាន​ចូល​ទៅ​លួច​សត្វ​ទា​នៅផ្ទះ​របស់​ឈ្មោះ ធន់ ហ៊ ។ លុះដល់​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ ជន​រង​គ្រោះ​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្វាយ​ប្រទាល ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មក​កាន់​ស្នាក់​ការ​ប៉ុស្ដិ៍​ដើម្បី​សាកសួរ ។ លុះ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​សត្វ​ទា​ចំនួន​៥​ក្បាល​ពី​ផ្ទះ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ហើយ​សត្វ​ទា​នោះ​បាន​បោចរោម​រួច​ហើយ បម្រុង​ឆ្អើរ រួច​យក​ទៅ​លក់​ទៀត​ផង តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​បន្ត ៕