ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​ថៃ​​១២​នាក់​ ស្ថិត​ក្រោម​ការ​គំរាម​​កាត់ទោស​ពី​បទ​ប្រមាថ​​​ព្រះមហា​ក្សត្រ

1 ខែ មុន

ប្រទេស​ថៃ ៖ មេដឹកនាំ​នៃ​ចលនា​ស្និទ្ធ​ប្រជា​ធិ​ប​តេ​យ្យ​ថៃ​យ៉ាងតិច​១២​នាក់ អាច​ត្រូវ​ចាប់​ឃុំ​ឃាំង​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដែល​នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​មានការ​តវ៉ា និង​បាតុកម្ម​ថ្មីនៅ​ក្រុង​បាងកក​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​បរិហារ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​មហាសាល​របស់​ព្រះ​មហា​ក្សត្រ ។ មក​ដល់​ដំណាក់កាល​នេះ​មនុស្ស​១២​នាក់​ហើយ…

ប្រទេស​ថៃ ៖ មេដឹកនាំ​នៃ​ចលនា​ស្និទ្ធ​ប្រជា​ធិ​ប​តេ​យ្យ​ថៃ​យ៉ាងតិច​១២​នាក់ អាច​ត្រូវ​ចាប់​ឃុំ​ឃាំង​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដែល​នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​មានការ​តវ៉ា និង​បាតុកម្ម​ថ្មីនៅ​ក្រុង​បាងកក​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​បរិហារ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​មហាសាល​របស់​ព្រះ​មហា​ក្សត្រ ។

មក​ដល់​ដំណាក់កាល​នេះ​មនុស្ស​១២​នាក់​ហើយ ត្រូវ​ប៉ូលិស​កោះ​ឲ្យ​ចូលខ្លួន យោង​តាម​មាត្រា​ទី​១១២​នៃ​ច្បាប់ព្រហ្មទណ្ឌ ទាក់ទិន​នឹង​អំពើ​ឧក្រិដ្ឋ​នេះ ។ ប៉ូលិស​បន្ទាប់​មក​បាន​ស្នើ​ដល់​​ព្រះរាជ​អាជ្ញា​ឲ្យ​សម្រេច​ចាប់ផ្ដើម​ឬ​ក៏​អត់​ការ​កាត់ទោស​ពួក​គេ​តាម​ច្បាប់​នោះ ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​លោក ANUCHA BURAPACHAISRI មាន​ប្រតិកម្ម​ថា យើង​គាំទ្រ​សិទ្ធិ​របស់​បណ្ដា​មនុស្ស​ក្នុង​ការ​ធ្វើ​បា​តុ​កម្ម តែ​យើង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ការ​ប៉ុនប៉ង​បំផ្លាញ​នីតិរដ្ឋ​នៅ​ថៃ ។ ចំណែក​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ក្នុង​ដំណាក់​កាល​នេះ​បាន​បដិសេធ​មិន​ទាន់​ប្រកាស​ច្បាប់អាជ្ញាសឹក​ឡើយ ។

ក្នុង​ចំណោម​មេដឹកនាំ​ការ​តវ៉ា​ទាំង​១២​នាក់នោះ មេដឹកនាំ​ម្នាក់​លោក PARIT CHI WARAK ហៅ PENGUIN និយាយ​ថា តើច្បាប់​នោះ​មាន​ន័យ​ថា​របប​រាជា​និយម​ប្រកាសសង្គ្រាម​ជាមួយ​ប្រជាជន​ឬ ? ឥរិយាបថ​បែប​នោះនឹង​អាច​អូស​ទាញ​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត​មក​ចូលរួម​ធ្វើ​បាតុកម្ម ។

ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា គ្រោង​លើកគ្នា​ទៅ​កាន់​ការិយាល័យ​ការពារ​ទ្រព្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​គឹ​ការិយាល័យ​CROWN PROPERTY BUREAU ។ មហាវិថី
ធំ​ៗ​នៅ​ជុំវិញ​ទីតាំង​នោះ​បាន​ត្រូវ​ខ្ទប់​ដោយ​កងកម្លាំង​ប៉ូលិស យក​បណ្ដា​កុង​តឹ​ន័​រ​រុំ​លួស​បន្លា​ទៅ
ដាក់​រាំងផ្លូវ នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង​ក្នុង​រាជធានី​ដែល​ចរាចរណ៍​នៅ​ទីនោះ​តែង​កកស្ទះ​ស្រាប់​មក​ហើយ ។

ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​ជាយ​ថា ហេតុ​ជាមួយ​បណ្ដា​អ្នក​រាជា​និយម​ជ្រុល ដែល​លើកគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ការិយាល័យ​នោះ​ដែរ ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ​ទីបំផុត​បាន​សម្រេច​លើក​គ្នា​ទៅ​កាន់​មុខ​ធនាគារ SIAM COMMERCIAL BANK ជា​ធនាគារ​ធំ​បំផុត​មួយ​របស់​ថៃ ដែល​ព្រះ​មហា​ក្សត្រ​ជា​ម្ជា​ស់ភាគ​ហ៊ុន​ធំ​មួយ ។​

មនុស្ស​ច្រើន​រយ​នាក់​បាន​ទៅ​កាន់​ទីនោះ​តាំងពី​វេលា​រសៀល ។ ពួក​អ្នក​តវ៉ា​ទាមទារ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​លាលែង​ចេញពី​តំណែង​កែប្រែ​រដ្ឋធម្មនុញ្ញ​និង​កែទម្រង់​របប​រាជា​និយម​ដែល​ព្រះមហាក្សត្រ​ត្រួតត្រា​ជា​ពិសេស​លើ​ហិរញ្ញវត្ថុ​របស់​ព្រះ​បរមរាជវាំង ។

ពួក​អ្នកវិភាគ​វាយ​ត​ម្លែ​ថា​ព្រះមហាក្សត្រ​ថៃ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​និង​ធនាគារ​ធំ​ៗ​ថៃ រវាង​ពី​៣០​ទៅ​៦០​ពាន់​លាន​ដុល្លារ នាំ​ឲ្យ​ព្រះមហាក្សត្រ​ថៃ​ជា​អ្នកមាន​បំផុត​មួយ​ក្នុង​ចំណោម​អ្នកមាន​បំផុត​នៃ​ពិភពលោក ៕