ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លក​គុន​ខ្មែរ​​លេច​ឡើង​ក្នុង​វិស័យ​ប្រដាល់​​​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​ប្រដាល់​ហាក់​មានការ​កើនឡើង​ខ្លាំង​មែនទែន ឱ្យ​តែ​កីឡាករ​មាន​សមត្ថភាព​ពិតប្រាកដ មិន​ខ្វះ​ទេ​សង្វៀន​ប្រកួត​តាម​ស្ថានីយទូរទស្សន៍ដែល​​ត្រូវការ​ពួក​គេ ។ កំណើន​ទីផ្សារ​ប្រដាល់​ក៏​បាន​ញ៉ាំង​ឱ្យ​ក្លិបប្រដាល់​កើតឡើង​ព្រោងព្រាត​ជាមួយនឹង​ការប្រកាស​ជ្រើស​រើស​កូនសិស្ស​ឱ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្លិប​ដោយ​មិន​ទាមទារ​ប្រាក់​កម្រៃ​និង​ចំណេះ​ដឹង​ខ្ពស់ ធ្វើ​ឱ្យ​អ្នក​ខ្វះ​លទ្ធភាព​រក​ការងារ​ធ្វើ​នាំ​គ្នា​ចូល​ហ្វឹកហាត់​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​រក​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ទៀត​ផង ។​…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​ប្រដាល់​ហាក់​មានការ​កើនឡើង​ខ្លាំង​មែនទែន ឱ្យ​តែ​កីឡាករ​មាន​សមត្ថភាព​ពិតប្រាកដ មិន​ខ្វះ​ទេ​សង្វៀន​ប្រកួត​តាម​ស្ថានីយទូរទស្សន៍ដែល​​ត្រូវការ​ពួក​គេ ។

កំណើន​ទីផ្សារ​ប្រដាល់​ក៏​បាន​ញ៉ាំង​ឱ្យ​ក្លិបប្រដាល់​កើតឡើង​ព្រោងព្រាត​ជាមួយនឹង​ការប្រកាស​ជ្រើស​រើស​កូនសិស្ស​ឱ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្លិប​ដោយ​មិន​ទាមទារ​ប្រាក់​កម្រៃ​និង​ចំណេះ​ដឹង​ខ្ពស់ ធ្វើ​ឱ្យ​អ្នក​ខ្វះ​លទ្ធភាព​រក​ការងារ​ធ្វើ​នាំ​គ្នា​ចូល​ហ្វឹកហាត់​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ប្រកួត​រក​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ទៀត​ផង ។​

មិន​ត្រឹមតែ​អ្នក​ខ្វះ​លទ្ធភាព​រក​ការងារ​ធ្វើ​ចូល​ហ្វឹកហាត់​ប៉ុណ្ណោះ​ទេ សូ​ម្បី​កុមារ​តូច​ៗ​ដែល​ចូល​ចិត្ត​កីឡាប្រដាល់​ក៏​គេ​ឃើញ​មានមុខ​នៅ​ក្នុង​ក្លិប​ប្រដាល់​នានា​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ផង​ដែរ ។

ជាក់ស្ដែង ក្លិប​ប្រដាល់​ដែល​មានឈ្មោះ​ថា សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិន្ទ​ដែល​មា​នទី​តាំងនៅ​ស្ដា​ត​ចាស់​ក៏​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ដោយសារ​ក្នុង​ចំណោម​កីឡាករ​ជាង​៦០​នាក់​មាន​ជិត​២០​នាក់​ស្ថិត​ក្នុង​វ័យ​កុមារ​និង​កំពុង​សិក្សា​នៅឡើយ​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កុមា​រា ធន់ សុ​ផាត និង​ធន់ ជ័យ ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ប្រដាល់​នោះ​បាន​រៀបរាប់​ស្រ​ដៀង​គ្នា​៖«​ការ​ហាត់​ប្រដាល់​គឺ​ក្ដី​ស្រមៃ​របស់​ខ្ញុំ្ញ ប៉ុន្តែ​មិន​មាន​ន័យ​​ថា ខ្ញុំ​ត្រូវ​តែ​ឈប់​រៀន​នោះ​ទេ គឺ​គ្រាន់តែ​ប្ដូរ​ពេល​រៀន​តាម​កាលវិភាគ​របស់​សាលា​ប៉ុណ្ណោះ។ តាម​ពិត​ទៅ​ខ្ញុំ​មាន​និស្ស័យ​និង​ស្រឡាញ់​ចូល​ចិត្ត​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​តាំងពី​យូរ​មក​ហើយ ។ រាល់ថ្ងៃ​សៅរ៍​និង​អាទិត្យ​ខ្ញុំ​តែងតែ​អង្គុយ​មើល​ការ​ប្រកួត​តាម​កញ្ចក់​ទូរទស្សន៍​ជាប់​ជា​និច្ច ហើយ​ខ្ញុំ​ធ្លាប់​គិត​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​ស្វែងរក​ក្លិប​ហាត់​ប្រដាល់​គុន​ខ្មែរ​ឱ្យ​ទាល់តែ​បាន ហើយ​ទីបំផុត​ខ្ញុំ​ក៏​បាន​សម្រេច​នូវ​ក្ដី​ស្រមៃ​មួយ​នេះ​»​។

ធន់ សុ​ផាត ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​បន្ត​ថា​៖«​បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​ឪពុក​-​ម្ដាយ ខ្ញុំ​សុខចិត្ត​ផ្លាស់​ប្ដូរ​សាលារៀន​ពី​ស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង មក​រៀន​នៅ​ភ្នំពេញ​វិញ​ដើម្បី​បាន​ហាត់​ប្រដាល់​នៅ​ទី​នេះ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ តាំងពី​ចូល​ហាត់​រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​ធ្លាប់​ឡើង​ប្រកួត​តាម​រយៈ​ក្លិប​បាន​ចំនួន​៧​ដង​រួច​មក​ហើយ ។

ការ​ហាត់​ប្រដាល់​មិន​ត្រឹមតែ​ជួយ​ឱ្យ​រាង​កាយ​មាំមួន មាន​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំងមាន​អ្នក​ស្គាល់​ច្រើន​ទៀត​ផង ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​ល្បី​មួយ​រូប​ដូច​រៀមច្បង​ដទៃ​ទៀត​ដែរ​»​។

លោក ធន់ សុភា ដែល​ជា​គ្រូបង្វឹក​របស់​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​បានឱ្យ​ដឹង​ថា សព្វថ្ងៃ​មាន​សិស្ស​កំពុង​តែ​ហ្វឹក​ហាត់​ជា​ប្រចាំ​ទាំង​ឈុត​តូច​និង​ឈុត​ធំ​ជាង​៦០​នាក់ ក្នុង​នោះ​ក្មេង​តូច​មាន​ជិត​២០​នាក់​ដែល​ពួក​គេ​សុទ្ធតែ​កំពុង​នៅ​រៀន​ទាំងអស់ ។

ពាក់ព័ន្ធ​នឹង​ពេលវេលា​ហ្វឹកហាត់​វិញ​លោក​ប្រាប់​ថា អ្នក​ដែល​ជាប់​រៀន​ពេល​ព្រឹក​ត្រូវ​ហាត់​ពេល​ល្ងាច​ចំណែក​អ្នក​ដែល​ជាប់​រៀន​ពេល​ល្ងាច​ត្រូវ​ហាត់​ពេល​ព្រឹក រីឯ​អ្នក​មិន​រៀន​គឺ​លោក​មិន​​អនុ​ញ្ញាត​ឱ្យ​ចូល​ហ្វឹកហាត់​ទេ ។ ម្យ៉ាងវិញទៀត ពួក​គេ​ទាំងអស់​សុទ្ធ​តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​យក​មក​ផ្ញើ​ត្រឹមត្រូវ ព្រមទាំង​ធ្វើ​កិច្ចសន្យា​ទៀត​ផង ។ លោក​បញ្ជាក់​ថា ការ​ហ្វឹកហាត់​លោក​មិន​យក​ប្រាក់​នោះ​ទេ ទោះបី​ឪពុក​ម្ដាយ​ខ្លះ​លួច​ជូន​ប្រាក់​ដល់​លោក​ក៏​លោក​មិន​យក​ដែរ ។

លោក​សុខចិត្ត​លះបង់​ពេលវេលា​ទាំង​កម្លាំង​កាយ​និង​កម្លាំងចិត្ត​បង្ហាត់​ដល់​ក្មេង​ៗ​ទាំងនេះ ដោយ​សារ​តែ​រូប​លោក​ចង់​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​ក្បាច់គុន​បូរាណ​ខ្មែរ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀង​រហូត ។ មិនតែប៉ុណ្ណោះ​លោក​ចង់ឱ្យ​ក្មេង​ៗ​ទាំងនេះ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ចំណាយ​ពេលវេលា​ដើរ​លេង​ឥត​ប្រយោជន៍ ងាក​មក​លេង​កីឡា​វិញ​ដើម្បី​សុខ​ភាព ។ សម្រាប់​ពេលវេលា​ហ្វឹកហាត់​វិញ​គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៩ និង​ពេល​ល្ងាច​ចាប់ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ដល់​ម៉ោង​៧​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ