ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​សវនាការ​សំណុំរឿង «ឧប​ឃាត» ព្រោះ​​តែ​អវត្ត​មាន​មេ​ធារី​ការ​ពារ​ជន​ជាប់​ចោទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុ​ច សុខ​សា​រិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​«​ឧបឃាត​»…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឌុ​ច សុខ​សា​រិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​«​ឧបឃាត​» របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង មក​បើក​សវនាការ​ទៅ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​សវនាការ​នេះ ត្រូវ​បាន​​លើក​​​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​វិញ ដោយសារ​តែ​អវត្តមាន​មេធាវី​ការពារ​ជនជាប់ចោទ ខណៈ​មេធាវី​បាន​ធ្វើលិខិតស្នើ​មក​តុលាការ​ឲ្យ​ចេញ​ដីកាកោះ​ជា​ថ្មី និង​តម្រូវ​ឲ្យ​ដាក់​អាសយដ្ឋាន​ចុង​ក្រោយ​របស់​កូនក្ដី ដែល​មាន​ជន​ជាប់​៩​នាក់ ។

ក្នុង​ការ​ចាប់ផ្ដើម​សវនាការ​នា​ព្រឹក​នោះ តុលាការ​បាន​បង្ហាញ​ថា លោក សំ សុ​គង់ ជា​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​ទាំង​៩​នាក់ បាន​ដាក់​លិខិតស្នើ​សុំ​មក​តុលាការ​ឱ្យ​ចេញ​ដីកាកោះ​ដោយ​ដាក់​អាសយដ្ឋាន​ថ្មី​ចុង​ក្រោយ​របស់​កូនក្ដី​ខ្លួន ។

ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​តំណាង​អយ្យការ​គឺ​លោក សេង ហៀ​ង លើក​ឡើង​ថា ការ​ស្នើ​សុំ​របស់​មេធា​វី​ការពា​ក្ដី​ឲ្យ​ជនជាប់ចោទ គឺជា​ចេតនា​គេចវេះ ដោយសារ​ជនជាប់ចោទ​ទាំង​៩​នាក់​មាន​អាសយ​ដ្ឋា​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រព្រឹត្ត​បទល្មើស​ក៏​នៅ​កម្ពុជា​ដែរ អយ្យការ​បាន​បំពេញនីតិវិធី​កោះហៅ​តាម​អាសយដ្ឋាន​នេះ​រួច​អស់ហើយ ។ ដូច្នេះ ការ​លើក​ឡើង​របស់​លោក​មេធា​វី សំ សុ​គង់ គឺជា​ចេតនា​ទុច្ចរិត គប្បី​តុលាការ​មាន​វិធានការ​ជាក់ស្ដែង ។

លោក សួង ចាន់​ថន មេធាវី​តំណាង​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា តុលាការ​បាន​បំពេញ​នីតិវិធី​ក្នុង​ការ​កោះហៅ​ជនជាប់ចោទ និងមេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​រួច​អស់ហើយថែម​ទាំង​ជនជាប់ចោទ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ពី​សវនាការ​នេះ ដូច្នេះ​តុលាការ​គប្បី​បន្ត​នីតិវិធី​ជំនុំ​ជម្រះក្តី​បាន ។ទោះបី​មានការ​លើក​ឡើង​បែប​នេះ​ក្ដី ក្នុង​ការសម្រេច​ចុង​ក្រោយ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ ដើម្បី​បន្ត​សវនាការ ហើយ​តុលាការ​នឹងធ្វើ​របាយការណ៍​ពី​ឥរិយាបថ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទៅ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។ សវនាការ​នេះ ជនជាប់ចោទ​ទាំង​៩​នាក់​សុទ្ធតែ​ស្ថិត​នៅ​ក្រៅប្រទេស ។

ជនជាប់ចោទ​ក្នុង​សំណុំរឿង​«​ឧបឃាត​» មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​៩​រូប ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​យក​មក​ជំនុំជម្រះ​ទោ​សះ​រួម​មាន ១-​លោក សម រ​ង្សុ​ី ២-​លោក អេ​ង ឆៃ​អ៊ា​ង ៣-​លោក ស្រី មូរ សុខ​ហួរ ៤-​លោក អ៊ូ ច័ន្ទ​រិ​ទ្ធិ ៥-​លោក ហូរ វ៉ា​ន់ ៦-​លោក ឡុ​ង រី ៧-​លោក ម៉ែ​ន សុ​ថាវរិ​ន្ទ្រ ៨-​លោកស្រី ជូ​ឡុ​ង សូ​មួ​រ៉ា និង​៩-​លោក នុ​ត រំដួល ។

អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​បុគ្គល​ទាំង​៩​រូប​ខាងលើ​ពី​បទ «​ឧ​បឃាត​» តាម​មាត្រា​៤៥១​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹ​ត្ត​កាលពី​ខែសីហា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ។
ស្រប​ពេល​គ្នា​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង របស់​លោក សម រ​ង្ស៊ី និង​បក្ខពួក​៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​សំណុំរឿង «​ឧបឃាត​» (​ពាក់ព័ន្ធ​ករណី ៩ វិច្ឆិកា​) លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ពន្យល់​កន្លង​មក​ថា ឆ្លង​តាម​រយៈ​សកម្មភាព​និង​ភ័ស្តុតាង​ជា​បន្តបន្ទាប់ បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា សកម្មភាព​របស់​ទណ្ឌិត សមរ​ង្ស៊ី និង​បក្ខពួក​ខ្លួន បាន​ឈាន​ចូល​ដល់​ផែនការផ្តួលរំលំ​របប​រាជា​និយម​ដែល​មាន​អង្គ​ព្រះ​មហាក្សត្រ​គ្រង​រាជសម្បត្តិ​នា​ពេល​បច្ចុប្បន្ន និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នេះ​ជា​សកម្មភាព​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​យ៉ាង​ពិតប្រាកដ ។

លោក​បញ្ជាក់​ថា «​អំពើ​ខាងលើ​នេះ គឺជា​ការ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​កម្ពុជា​យ៉ាង​ធ្ងន់​ធ្ងរ ដែល​កំណត់​បានជា​បទឧក្រិដ្ឋ ត្រូវ​ផ្តន្ទាទោស​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​អាច​អស់​មួយ​ជីវិត តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ហេតុនេះ ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​ស្ថាប័ន​អយ្យការ មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រ៉ឹ​ង ដើម្បី​បំផ្លាញនិង​កម្ទេច​ចោល​នូវ​រាល់​ផែនការ និង​អង្គការ​ចាត់តាំង​ទាំងឡាយ​ណា​ដែល​គាំទ្រ​សកម្មភាព​ខុសច្បាប់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ