ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​ការ​ជួសជុលព្រះពុទ្ធ​បដិមា​មួយ​អង្គនៅ​រួត​បាកាណ​នៃ​កំពូល​ប្រាសាទអង្គរវត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត​ដែល​មាន​បញ្ហា​ចុះ​ខ្សោយ​គុណភាព​សំណង់ ត្រូវ​បាន​អ្នកជំនាញ​អភិរក្ស​ចម្លាក់នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​រួចរាល់ ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ​។ លោក សយ…

ខេត្តសៀមរាប ៖ ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត​ដែល​មាន​បញ្ហា​ចុះ​ខ្សោយ​គុណភាព​សំណង់ ត្រូវ​បាន​អ្នកជំនាញ​អភិរក្ស​ចម្លាក់នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​រួចរាល់ ជា​ស្ថាពរ នា​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ​។

លោក សយ សុភា​រិ​ន្ទ មន្ត្រី​ជំនាញ​អភិរក្ស​ចម្លាក់នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ជួសជុល​បាន​លើក​ឡើង​ថា «​ព្រះពុទ្ធ​បដិមា​អង្គ​នេះ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ត្រង់​ព្រះ​កេស ព្រះ​ភក្ត្រ ជើង​ផ្នែក​ខាងក្រោម និង​ជើង​ទម្រ​ទប់​លំនឹង​ ។ ដោយសារ​តែ ជើង​ទម្រ​ទប់​លំនឹង​ខ្សោយ​គុណភាពធ្វើ​ឱ្យ​ទម្ងន់​រូប​សង្កត់ធ្ងន់​លើ​បាតជើង​ក្រោម ដែល​នាំ​ឱ្យជើង​ក្រោម​ប្រេះ​បែកបាក់ ព្រោះ​ទ្រ​ទម្ងន់​ធ្ងន់​ពេក​»​។

លោក សុភា​រិ​ន្ទ បន្ត​ថា «​ដើម្បី​សង្គ្រោះ​បដិមា​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ ក្រុម​អ្នក​អភិរក្ស​ត្រូវ​តាមដាន​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជា​ប្រចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ជួសជុល​ឱ្យ​បាន​ទាន់​ពេលវេលា បង្ការ​កុំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​បដិមា​ទាំងមូល​។ បច្ចុប្បន្ន​នេះ អ្វី​ដែល​ត្រូវធ្វើ​ដំបូង គឺ​ពង្រឹង​ជើង​ក្រោម ផ្លាស់​ប្តូរ​ទ្រនល់​សម្រាប់​ទប់​បដិមា​ឱ្យ​មាន​លំនឹង​ឡើង​វិញ​ដើម្បី​កាត់​បន្ថយ​កម្លាំង​សង្កត់​ទៅ​លើ​ជើង​ទម្រ​»​។

លោក បាន​បន្ថែម​ថា ចំពោះ​ព្រះ​កាយ​បដិមា ក្រុមការងារ​បាន​ប្រើ​វិធី​សម្អាត​ស្ងួត​ដោយ​ប្រើ​ច្រាស ជក់ ទន់​ៗ​បោស​ធូលី ក្តាំង​ធូលី សំបុក​ពីងពាង ឆ្កែ​ង៉ាំង​ឱ្យ​ស្អាត រួច​ហើយ​សម្អាត​សើម​ដោយ​សម្អាត​ស្នឹម​ខ្មៅ​ដែល​បណ្តាល​មក​ពី​ផ្សែង​ធូប​ទៀន​រុំ កំណក​ក្តាំង​អំបិល​នៅ​លើ​ព្រះ​កាយ ព្រះ​ភក្ត្រ និង​ព្រះ​កេស ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម្បី​វិភាគ​ថា តើ​ជាតិ​អ្វី​ដែល​អាច​សម្អាត​អំបិល​បាន ពង្រឹង​កន្លែង​ពុក​ផុយ​បាន ជាតិ​អ្វី​អាច​រក្សា​ពណ៌​ដើម​បាន​។

សូម​ជម្រាប​ជូន​ថា ព្រះពុទ្ធ​អង្គ​នេះ ដើម​ឡើយ​គឺ​នៅ​ជាប់​នឹង​ជញ្ជាំង​បិទ សន្ធប់​ទ្វារ​បន្ទប់​នៅ​រួត​បាកាណ តែ​ត្រូវ​បាន​ដាប់​ចេញ ពី​ជញ្ជាំង​នៅ​ក្នុង​សម័យ​បារាំង ប្រហែលជា​ក្នុង​ឆ្នាំ​១៩៤៣ ដើម្បី​ជីក​កំណាយ​អណ្តូង​កណ្តាល​តួ​បាកាណ​ចុះ​ទៅ​ក្រោម ក្នុង​បំណង​ស្រាវជ្រាវ​បុរាណវិទ្យា​៕

អត្ថបទសរសេរ ដោយ