រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនយីឌុបដឹកដីខ្សាច់ បានកៀរម៉ូតូមួយគ្រឿង បណ្តាលឱ្យដួលហើយកិនអ្នកបើកបរម៉ូតូបែកពោះធ្លាយគ្រឿងក្នុង បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារបុរីសន្តិភាព តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះអឿន ចិន្តា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងមានអាសយដ្ឋាននៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកភីស៊ីអិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IG-០១៩៣ ។ ចំណែករថយន្តបែនយីឌុបដឹកខ្សាច់មួយគ្រឿងខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-២១៥៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមសេចក្តីរាយការណ៍បឋមបានបន្តថា មុនពេលកើតហេតុ រថយន្ត និងម៉ូតូខាងលើបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត ដោយអ្នកបើកបរម៉ូតូជិះអែបខាងៗ ដោយរថយន្តបើកលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៏បានកៀរម៉ូតូដួលចូលក្រោមកង់កិន បណ្តាលឱ្យបែកពោះធ្លាយគ្រឿងក្នុងបាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីកើតហេតុ រថយន្តដឹកខ្សាច់បានបើកបន្តដំណើរទៅមុខបានចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់ រួចអ្នកបើកបរបានចុះរត់គេចខ្លួនទៅបាត់ស្រមោលតែម្តង ។
តាមប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូដោយមានដឹកកង្ហារមួយគ្រឿងដាក់ពីមុខ ធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែកង្ហារនោះទាក់ជាមួយដៃចង្កូតម៉ូតូ បណ្តាលឱ្យរ៉េចង្កូតម៉ូតូចុះឡើងៗ ហើយជនរងគ្រោះក៏បានជាន់ហ្វ្រាំងឈប់ទាំងប្រថុចញ៉ុច បណ្តាលឱ្យដួលម៉ូតូ ស្របពេលនោះរថយន្តដឹកខ្សាច់មកពីក្រោយក៏បានកិន បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុស្រាវជ្រាវរកក្រុមគ្រួសារ ប៉ុន្តែភ្លាមៗនោះរកមិនឃើញសោះ ដោយនៅក្នុងកាបូបរបស់ជនរងគ្រោះមានទូរស័ព្ទជាច្រើនគ្រឿង តែពេលខលទៅអត់មានអ្នកស្គាល់ឡើយ ចំណែកម្ដាយក្មេកជនរងគ្រោះពេលឮដំណឹងថាមានអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរក៏បានទៅមើលមួយភ្លែតរួចក៏ចាកចេញទៅវិញ។
ប៉ុន្តែភ្លាមៗនោះគាត់មើលមិនស្គាល់ថាជាកូនប្រសាររបស់គាត់ទេ លុះ២ម៉ោងក្រោយមក ទើបដឹងនិងស្គាល់ យំសោកសង្រេងយ៉ាងខ្លាំង ហើយបាននាំសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)














ចែករំលែកព័តមាននេះ