ខេត្តប៉ៃលិន ៖ ក្រោយពីគេសង្កេតឃើញថា ថ្មភ្នំ បានបាក់ធ្លាក់ទៅលើចិញ្ចើមផ្លូវធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណៈពេលដែលបើកបរម៉ូតូទៅមកនាពេលយប់ និងពេលថ្ងៃ ទើបរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានបញ្ជាឱ្យខាងមន្ទីរសាធារណការខេត្ត យកគ្រឿងចក្រទៅជីកកកាយដីភ្នំដែលបាក់នោះចេញ ដើម្បីការពារករណីគ្រោះថ្នាក់ហេតុកើតឡើងបណ្តាលឱ្យរងរបួស និងបាត់បង់ជីវិតដោយជាយថាហេតុ ។

ហេតុការណ៍យកគ្រឿងចក្រជីកកកាយដីភ្នំដែលបាក់ទៅលើផ្លូវថ្នល់នេះ បានធ្វើឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចជ្រោះមរណៈ តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនម្នាក់បានឱ្យដឹងថា ៖ ថ្មភ្នំខាងលើនេះ បានប្រេះស្រាំ និងទទួលរងការបាក់ធ្លាក់ជាច្រើនដុំ រួចខ្ទាតទៅលើផ្លូវថ្នល់ តែមិនបណ្តាលឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ។

ប្រភពដដែលបន្តថា លុះក្រោយមក ក៏យករនាំងទៅដាក់បាំង ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ ។ ដូច្នេះរហូតមកដល់ពេលនេះ ទើបខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកគ្រឿងចក្រទៅជីកកកាយដីភ្នំខាងលើ ដើម្បីយកទៅចាក់នៅក្បែរម្ខាងផ្លូវ សម្រាប់ពង្រីកផ្លូវបន្ថែមទៀត ។

លោកបញ្ជាក់ទៀតថា ក្រុមការងារយកគ្រឿងចក្រទៅធ្វើការជីកកកាយដីភ្នំនេះ ឱ្យរាបជាងមុនបន្តិច ដើម្បីកុំឱ្យបាក់ធ្លាក់ទៅលើផ្លូវជាតិបន្តទៀត ក្រែងកើតមានបញ្ហាដល់អាយុជីវិតអ្នកធ្វើដំណើរ និងអាចពង្រីកផ្លូវក្បែរនោះបន្ថែមទៀតឱ្យធំទូលាយជាងមុនបន្តិច ងាយស្រួលដល់អ្នកបើកបរផងដែរ ។
សូមបញ្ជាក់ថា កាលពីមុននៅកន្លែងជ្រោះមរណៈនេះ ធ្លាប់មានក្មេងទំនើងយកដុំថ្មចាំគប់ ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ធ្វើឱ្យម្នាក់ៗមានការខ្លាចរអា ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញ ខណៈមន្ត្រីនគរបាលចុះល្បាតជាញឹកញាប់ ។ ហើយផ្លូវខាងលើនេះ ក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូជាច្រើនលើកច្រើនសារ បណ្តាលឱ្យរបួស និងបាត់បង់ជីវិតផងដែរ រហូតធ្វើឱ្យផ្លូវនេះក្លាយទៅជាមានខ្មោចលងបន្លាចអ្នកធ្វើដំណើរនាពេលយប់ទៀត ៕








ចែករំលែកព័តមាននេះ