រាជធានីភ្នំពេញ ៖ ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២១ខាងមុខ ខណៈកម្ពុជាកំពុងកសាងភូមិកីឡាដ៏ធំមួយ ដែលមានរហូតដល់ទៅ១៧០០បន្ទប់ទុកឱ្យកីឡាករ-កីឡាការិនីស្នាក់នៅប្រកបទៅដោយផាសុកភាព និងសុវត្ថិភាពក្នុងឱកាសប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ នេះបើតាមការឱ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍បន្តថា បើគិតត្រឹមថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ យើងនៅសល់តែ៨៩១ថ្ងៃទៀតប៉ុណ្ណោះ កាលបរិច្ឆេទនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នឹងឈានមកដល់ហើយ ។ ទន្ទឹមនឹងពិធីបិទនិងពិធីបើកដែលត្រូវបានចាត់ទុកថាជារឿងសំខាន់នោះ ហេដ្ឋារចនាក្នុងពហុកីឡដ្ឋានជាតិមរតកតេជោក៏សំខាន់ណាស់ដែរ ក្នុងនោះនៅមានគម្រោងដ៏សំខាន់មួយទៀតនោះគឺភូមិកីឡាឬបុរីកីឡា(Sport Village)ដែលជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ កីឡាការិនីជម្រើសជាតិអំឡុងពេលប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

បើតាមការបញ្ជាក់នៅក្នុងផេកផ្លូវការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)លើកទី៣២ គម្រោងសាងសង់ភូមិកីឡាឬបុរីកីឡា គឺបានសហការជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ World Bridge Sport Willage ដែលត្រូវអនុវត្តទៅតាមរចនាបថ និងគោរពតាមបទដ្ឋាននិយាមពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅខាងក្រោយពហុកីឡដ្ឋាននេះតែម្ដង ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ឱ្យដឹងទៀតថា ភូមិកីឡាគឺជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករ-កីឡាការិនីអំឡុងពេលប្រកួតកីឡាស៊ីហ្គេម ដែលអាចរក្សាបាននូវសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងជាដើម ។ ភូមិកីឡានេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនខាងលើជាអ្នកកសាងព្រោះអីក្រុមហ៊ុនមួយនេះធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ ។
ម្យ៉ាងវិញទៀត បើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិកីឡាស៊ីហ្គេម ភូមិកីឡានេះក្រៅពីអគារស្នាក់នៅសម្រាប់កីឡាករ កីឡាការិនី ក៏នៅមានវីឡាមួយចំនួនទៀតសម្រាប់មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ដោយសរុបបន្ទប់ស្នាក់នៅទាំងអស់មាន១៧០០បន្ទប់ឯណោះ។ហើយបន្ទប់ខ្លះមានគ្រែគេង១ និងខ្លះទៀតមានរហូតដល់៥គ្រែ ដោយមានបំពាក់ទៅដោយសម្ភារប្រើប្រាស់ទំនើបៗប្រកបដោយផាសុកភាព ។
ការស្នាក់នៅមានរយៈពេលប្រហែលជាមួយខែ គឺនៅមុន១០ថ្ងៃនៃការប្រកួតមកដល់និង៣ថ្ងៃក្រោយពីបញ្ចប់ទៅ ។ មិនតែប៉ុណ្ណោះភូមិកីឡាក៏បានកសាងសារមន្ទីរមួយកន្លែងផងដែរសម្រាប់តម្កល់វត្ថុអនុស្សាវរីយ៍ស៊ីហ្គេម ដើម្បីផ្ដល់ឱ្យសិស្សានុសិស្ស និស្សិត និងមហាជនជំនាន់ក្រោយធ្វើកម្មសិក្សាស្រាវជ្រាវនៅទីនោះបាន។
ចំពោះភូមិកីឡានេះបន្ទាប់ពីកសាងរួចរាល់នឹងប្រគល់ជូនគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) នៅក្នុងឆ្នាំ២០២២ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមទៅតាមការគ្រោងទុក ដែលអាចផ្ទុកអត្តពលិកបានចំនួន៧០០០នាក់ គ្រូបង្វឹក៣០០០នាក់ សរុប១០០០០នាក់ ឱ្យនៅក្នុងភូមិកីឡាតែមួយងាយស្រួលថែរក្សា គ្រប់គ្រង រួមទាំងការដឹកជញ្ជូនទៀតផង ៕
ចែករំលែកព័តមាននេះ