ខេត្តកំពង់ធំ ៖ ពលរដ្ឋរស់នៅភូមិកំពង់ក្របៅកំពុងមានការភ្ញាក់ផ្អើល បន្ទាប់ពីមានពលរដ្ឋក្នុងមូលដ្ឋាននេសាទបានកូនក្រពើជាច្រើន មិនធ្លាប់មានពីមុនមក រហូតពួកគាត់បានសម្តែងនូវការព្រួយបារម្ភខ្លាំងជុំវិញសុវត្ថិភាពកូនចៅរបស់ខ្លួន ដោយមិនដឹងថា តើមានមេក្រពើប៉ុន្មានក្បាលនៅក្នុងបឹងដ៏ធំមួយ ក្នុងភូមិរបស់ខ្លួនឡើយ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានការនេសាទបានកូនក្រពើជាហូរហែនៅចំណុច បឹងភេ ដែលជាបឹងធម្មជាតិមួយដែលមានអាយុកាលរាប់រយឆ្នាំមកហើយ មានទីតាំងស្របតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពដដែលបានឲ្យដឹងថា បឹងធ្មជាតិមួយនេះ បច្ចុប្បន្នមានទំហំផ្ទៃបឹងប្រមាណជា២៩ហិកតា ដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការដាក់មង ចងសន្ទូច បេះផ្កាឈូក ស្លឹកឈូក ផ្លែឈូក ដកក្រអៅឈូក និងដកព្រលឹតរំចង់លក់ជាដើម.ល. ដើម្បីដោះស្រាយជីវភាពគ្រួសារ ក្រៅពីនោះ បឹងនេះក៏ផ្តល់ស្មៅ និងទឹកដល់គោក្របីផងដែ។
ជុំវិញករណីថា បឹងភេ សម្បូរទៅដោយសត្វក្រពើខាងលើនេះ បើយោងតាមប្រភពព័ត៌ដែលកោះសន្តិភាពទទួលបាននោះ បានឲ្យដឹងថា បឹងភេ នេះ មានអាយុកាលរាប់រយឆ្នាំមកហើយ ហើយទឹកនៅបឹងភេ ទោះជានៅរដូវប្រាំង មានបឹងធម្មជាតិមួយចំនួនត្រូវរីងហួតហែងយ៉ាងណាក្តី ក៏ទឹកបឹងភេនេះមិនដែលរីងនោះដែរ។
ចំណែកឯរឿងថា បឹងភេ សម្បូរទៅដោយសត្វក្រពើនោះ ក៏មានប្រជាពលរដ្ឋមួយចំនួននិយាយថា «កាលពីដើមឡើយមក បើតាមលោកដឹង សត្វក្រពើព្រៃនៅក្នុងបឹងភេនេះមានដែរ តែមានតិចតួចបំផុត ហើយកម្រមានអ្នកណាបានឃើញ ឬក៏នេសាទបានដូចសព្វថ្ងៃនេះណាស់ ។ រហូតមកដល់បច្ចុប្បន្ននេះ ស្រាប់តែបឹងភេទាំងមូល បែរជាសម្បូរទៅដោយសត្វក្រពើជាច្រើនរស់នៅក្នុងទឹកបឹងខាងលើនេះទៅវិញ ចំណែកត្រីក្នុងបឹងភេនេះផងដែរក៏មានអត្រាថយចុះគួរឲ្យកត់សម្គាល់ សឹងតែធ្វើនេសាទរកត្រីមកទទួលទានមិនបានទៅហើយ កុំថាឡើយរកត្រីយកទៅលក់នោះ» ។
ប្រភព ដដែលបានបន្តថា កាលពីពីរទៅបីឆ្នាំមុន ពួកលោកធ្វើនេសាទនៅក្នុងបឹងភេនេះ ដោយការដាក់លប ចងសន្ទូចបានត្រីផ្ទួក ត្រីរស់ ត្រីអណ្តែង ត្រីកន្ធរ.ល.! ឥលូវបានសុទ្ធតែត្រីកំភ្លៀញ និងខ្យងតែប៉ុណ្ណោះ។
ពលរដ្ឋបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកសាងសង់ផ្ទះសម្បែងរស់នៅជុំវិញបឹងភេនេះមក ហើយក៏មានពលរដ្ឋមួយចំនួនតូចដែលរស់នៅជុំវិញបឹងភេនេះដែរ តែពួកលោកបានប្រកបមុខរបរអាជីវកម្មចិញ្ចឹមសត្វក្រពើលក់ផងដែរ ដើម្បីដោះស្រាយជីវភាព ។
ហើយកន្លងមក ដោយសារតែមានការធ្វេសប្រហែសពីសំណាក់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងលើមួយចំនួន និងកង្វះការចុះពន្យល់អប់រំណែនាំពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាផ្នែកខាងខណ្ឌជលផលកំពង់ធំផងនោះ ស្តីអំពីរបៀបធ្វើអាង ឬក៏ធ្វើទ្រុងចិញ្ចឹមក្រពើឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសនេះហើយ ទើបបណ្តាលឲ្យសត្វក្រពើរត់រួចជាច្រើនក្បាលចូលទៅក្នុងបឹងភេ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងភេ។
គួររំលឹកថា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន សត្វក្រពើនៅក្នុងបឹងភេនេះ ធ្លាប់ខាំកូនប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសម្តងរួចមកហើយដែរ។
ចំណែកលោក ឆាយ រក្សា ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅប្រាប់ថា បឹងភេ គឺជាបឹងធម្មជាតិពិតមែនហើយ តែឥលូវនេះ បឹងភេ បែរជាសម្បូរទៅដោយសត្វក្រពើទៅវិញ បើតាមលោកដឹង និងនេសាទបាន។ ជាក់ស្តែងកាលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកានេះ លោកដាក់លបបានកូនក្រពើចំនួន២ក្បាល ១ក្បាលៗទម្ងន់ប្រហែលជាកន្លះគីឡូផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី០៥ និងទី០៧ ខែតុលា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោកដាក់លបនៅជាយមាត់បឹងភេខាងក្រោយផ្ទះរបស់លោកបានកូនក្រពីក្បាល ១ទម្ងន់ប្រហែល ជា១គីឡូក្រាម និងមួយក្បាលទៀតទម្ងន់ប្រហែលជា៣គីឡូ ក្រោយមកដោយសារតែទឹកជំនន់ឡើងខ្លាំង លោកក៏សារលបរបស់លោកទុកមួយរយៈពេល នៅពេលទឹកស្រកបន្តិចលោកក៏ចាប់ផ្តើមដាក់លបឡើងវិញ ស្រាប់តែនៅពេលលោកទៅលើកលប ក្រៅពីបានកូនត្រីកំភ្លៀញ និងខ្យងហើយនោះ ក៏បានកូនក្រពើចំនួនពីរក្បាលបន្ថែមទៀត។ សរុបក្នុងរយៈពេលជាង១ខែឆ្នាំ២០២០នេះ លោកដាក់បានកូនក្រពើចំនួន៤ក្បាលមកហើយ ។
ជុំវិញរឿងរ៉ាវនៃការនេសាទត្រី បែរជាបានកូនក្រពើជាបន្តបន្ទាប់នេះ លោក ហម ហ៊ុន នាយខណ្ឌជលផលកំពង់ធំ ដែលទើបឡើងកាន់តំណែងថ្មីកន្លងមក បានឲ្យដឹងតាមទូរស័ព្ទថា បឹងភេ ដែលជាបឹងធម្មជាតិខាងលើនេះ ពិតជាមានសត្វក្រពើធម្មជាតិរស់នៅពិតប្រាកដមែន ។ ចំណែករឿងថា មានក្រពើរួចពីទ្រុងរបស់បងប្អូនប្រជាពលរដ្ឋចូលទៅក្នុងបឹងភេនោះ លោកសន្យាថានឹងចាត់ឲ្យមន្ត្រីជំនាញរបស់លោក រួមទាំងរូបលោកផ្ទាល់ចុះទៅធ្វើការត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់ប្រជាពលរដ្ឋនៅជុំវិញបឹងភេសារជាថ្មី បានលទ្ធផលយ៉ាងណានោះលោកនឹងជំរាបជូន។
ជុំវិញបញ្ហាខាងលើនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោក ប៉ែន វណ្ណារិទ្ធ អតីតនាយខណ្ឌជលផលកំពង់ធំ ដែលបច្ចុប្បន្នលោកបានឡើងឋានៈជាប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានទេ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ ដោយសារទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកទទួល ។
យ៉ាងណាម៉ិញ ពលរដ្ឋសំណូមពរដល់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទថា សូមលោកមេត្តាជួយជម្រុញឲ្យមន្ត្រីជំនាញរបស់លោកនៅថ្នាក់ខេត្ត ក្រុង និងស្រុក ធ្វើយ៉ាងណាចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមសត្វក្រពើ ដើម្បីធ្វើអាវកម្មទាំងអស់មុននឹងចិញ្ចឹមក្រពើត្រូវតែរៀបចំធ្វើអាង ឬទ្រុងឲ្យបានរឹងមាំជាមុនសិន មុននឹងយកក្រពើមកដាក់ចិញ្ចឹម ដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ទាំងអស់នេះក៏ជាកាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរបឹងភេ ក្នុងក្រុងស្ទឹងសែន សូមឲ្យមានការប្រុងប្រយ័ត្នផង ។
ចែករំលែកព័តមាននេះ