កាលពីថ្ងៃទី៤ មិថុនា រដ្ឋាភិបាលអាមេរិកលាតត្រដាងថា ទិន្នន័យព័ត៌មានវិទ្យារបស់និយោជិតសហព័ន្ធ៤លាននាក់ត្រូវគេលួច ។
យោងតាមបណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកដែលសួរពីរឿងនេះដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងកាសែតញូវយ៉កថែមអះអាងថា ពួក HACKERS ចិនអាចជាអ្នកទទួលខុសត្រូវលើការលួចនេះ ។
ការវាយប្រហារត្រូវតាមដានដឹងកាលពីខែមេសាកន្លងមកនេះ ដោយការិយាល័យគ្រប់គ្រងបុគ្គលិកដែលគ្រប់គ្រងបុគ្គលិករដ្ឋាភិបាល។ បណ្តាទិន្នន័យផ្ទាល់ខ្លួនដូចជា លេខកូដសន្តិសុខសង្គម និងការវាយតម្លៃប្រចាំឆ្នាំនានារបស់បណ្តានិយោជិតត្រូវគេលួច ។ គេពុំដឹងថា តើព័ត៌មានដែលគេលួចមានព័ត៌មានចាត់ទុកជាការសម្ងាត់ខាងកិច្ចការពារដែរឬយ៉ាងណាឡើយ ។
ម្យ៉ាងវិញទៀត កាសែតញូវយ៉កថែមសរសេរកាលពីថ្ងៃទី៤ មិថុនាថា រដ្ឋការលោកបារ៉ាក់ អូបាម៉ា បានផ្តល់ឱ្យទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA នូវការអនុញ្ញាតឱ្យត្រួតពិនិត្យការទាក់ទងតាមអីុនធើរណេតដើម្បីតាមដានការលួចព័ត៌មានវិទ្យា ពិសេសដោយរដ្ឋាភិបាលបរទេសទាំងឡាយ ។
ក្នុងសេចក្តីប្រកាសមួយ ទីចាត់ការស៊ើបការណ៍ជាតិអាមេរិក ODNI ដែលគ្របដណ្តប់លើទីភ្នាក់ងារស៊ើបការណ៍អាមេរិកទាំងអស់រំលឹកថា ការគំរាមកំហែងខាងព័ត៌មានវិទ្យាមានកាន់តែខ្លាំងលើសហរដ្ឋអាមេរិក ។ អាស្រ័យហេតុនេះ ពុំបាច់ឆ្ងល់ទេដែលរដ្ឋាភិបាលអាមេរិកប្រមូលព័ត៌មានលើលទ្ធភាពរបស់ពួកបរទេសដែលប៉ុនប៉ងជ្រៀតចូលក្នុងបណ្តាញអាមេរិក ហើយលួចព័ត៌មានវិទ្យាឯកជនរបស់ពលរដ្ឋអាមេរិក និងបណ្តាសហគ្រាសអាមេរិក ៕
ចែករំលែកព័តមាននេះ