ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ព្រះ​សិវលិង្គ​របស់​ជនជាតិ​ខ្មែរ​តាំងពី​បុរាណ​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

និយាយ​ពី​ជំនឿ​លើ​លិង្គ​នៅ​ក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាង​ហោច​ណាស់​គេ ត្រូវ​ដឹង​យ៉ាង​ច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល រីក​ចម្រើន​ជា​៤ ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ ។ ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ពណ៌នា​ថា​ដំណាក់កាល​ទី​មួយ…

និយាយ​ពី​ជំនឿ​លើ​លិង្គ​នៅ​ក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាង​ហោច​ណាស់​គេ ត្រូវ​ដឹង​យ៉ាង​ច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល រីក​ចម្រើន​ជា​៤ ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ពណ៌នា​ថា​ដំណាក់កាល​ទី​មួយ គឺ​សម័យ​បុរេប្រវត្តិ​សាស្ត្រ​ពោល​គឺ​មុន​ឥណ្ឌូ​និយម ។

ដំណាក់​ទី ២ គឺ​សម័យ​ទំព័រ ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ទម្រង់​ថ្មី ក្នុង​ពេល​ដែល​ជនជាតិ​ខ្មែរ​គោរព​សាសនា​ក្លិង្គ ។ ក្នុង​សម័យនេះ​ជំនឿ​លើ​លិង្គ​ដែល​ជា​វត្ថុ​តំណាង ឬ​ជា​និមិត្តរូប នៃ​ឥទ្ធិពល​មនុស្ស ឬ​ដូនតា បាន​ទទួល​នូវ​អត្ថន័យ​ថ្មី ក្រោម​រូបភាព ព្រះ​សិវលិង្គ ឬ​លិង្គ​ព្រះ​វិស្ណុ ។

ដំណាក់​ទី​៣ គឺ​សម័យ​អង្គរ ជា​សម័យ​រីក​ចម្រើន ។ ដូច​ដំណាក់ ទី ២ ដែរ គឺ​សម័យនេះ​ហើយ​ដែល​គេ​ឃើញ​នូវ​ការ​ដុះដាល ចំនួន​ប្រាង្គ ប្រាសាទ ឥដ្ឋ ឬ​ថ្ម ជា​ច្រើន​ឥត​គណនា​ដើម្បី​តម្កល់​ព្រះ​លិង្គ​ទុកជា ទី​សក្ការបូជា ។

បើ​និយាយ​ម្យ៉ាងទៀត​ការ​បូជា ព្រះ​សិវលិង្គ​នេះ​ហើយ ជា​មូលហេតុ​នៃ​ការ​ដុះដាល​នៃ​ស្ថាបត្យកម្ម​ក្នុង​ទឹកដី​ខ្មែរ ។

ដំណាក់​ទី​៤ គឺ សម័យ​បច្ចុប្បន្ន​ដែល​ជំនឿ ព្រះ​សិវលិង្គ ( លិង្គ​របស់​ព្រះ​សិវ ឬ​ឥសូរ ) ត្រូវ​បាន​គេ​បំភ្លេច​ចោល ចាប់តាំងពី​សតវត្សរ៍ ទី​១៤​នៃ​គ្រឹ​ស្ត​សករាជ ដោយហេតុ​ថា ព្រះពុទ្ធ​សាសនា​ហីន​យាន ឬ​ថេរវាទ បាន​ក្លាយជា​សាសនា​រដ្ឋ ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។ ការ​ផ្លាស់​ប្តូរ​សាសនា​កន្លង​ទៅ​នេះ​ហើយ បាន​បង្ហាញ​ឲ្យ​គេ ឃើញ​ថា​ជនជាតិ​ខ្មែរ​ឈប់​បាន​សាងសង់ ប្រាសាទ​ថ្ម ឬ​ឥដ្ឋ ទៀត​ហើយ ព្រោះ​ការ​បូជា​លិង្គ​ឈប់ រីក​សុសសាយ ដូច​សម័យ​ដែល​ខ្មែរ គោរព ព្រហ្មញ្ញ​សាសនា ។

ក៏​ប៉ុន្តែ​ទោះបី​យ៉ាងនេះ ក្តី​ផ្អែក​ទៅ​លើ​មូលដ្ឋាន វប្បធម៌ ខ្មែរ​ខាងលើ​នេះ​អាច​ឲ្យ​គេ​ដឹង​ថា​ជំនឿ​លើ​លិង្គ ដែល​ជា​ប្រពៃណី​របស់ ខ្មែរ​សុទ្ធសាធ​នៅ​បន្ត​ជា​រៀង រហូត​ដល់​សព្វថ្ងៃ សម​ស្រប​តាម​វប្ប​ធ៌​ម​បូជា លិង្គ បង្កប់​ដោយ អត្ថន័យ ដ៏​ធំ​ទូលាយ និង​ដ៏​ជ្រាលជ្រៅ​បំផុត ។ ការ​វិភាគ​ទេវ​កថា ប្រពៃណី នីមួយ​ៗ និង បដិមា​សាស្ត្រ អាច​ធ្វើ​ឲ្យ​យើង​ឃើញ​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​បុរាណ​នៅ​គ្រប់​លំដាប់ថ្នាក់​នៃ​សង្គម​ចំពោះ​សិវលិង្គ ។

ពិតមែនតែ លិង្គ​ដែល​ខ្មែរ​សម័យ​មុន អង្គរ និង​អង្គរ​គោរព​បូជា​ជា​និមិត្តរូប​នៃ​ព្រះ​សិវៈ ប៉ុន្តែ ក្នុង​ទស្សនវិជ្ជា​បុរាណ លិង្គ គឺជា​វត្ថុ​តំណាង​នូវ​របប​រាជាធិបតេយ្យ​របស់​ជនជាតិ​ខ្មែរ​ទាំង មូល ។
ដូច្នេះ​ហើយ​បានជា​យើង​បានឃើញ តាម​រយៈ​សិលាចារឹក នូវ​ការ​គោរព​សក្ការៈ​ចំពោះ ព្រះ​សិវៈលិង្គ ក្រោម​រូបភាព និង​ឈ្មោះ ផ្សេង​ៗ ដូច​ជា​ការ​ឧទ្ទិស​បូជនីយដ្ឋាន និង​ការ​ថ្វាយ តង្វាយ ជាដើម ។

ទេវតា​សំខាន់​ជាងគេ​បំផុត​ដែល ខ្មែរ​គោរព​បូជា នា​សម័យ​មុន​ការ​សាងសង់ ប្រាសាទអង្គរវត្ត គឺ​ព្រះ​សិវលិង្គ​នេះឯង ។ ក្នុង​ឱកាស​ធ្វើ​ពិធី​ឆ្លង ប្រាសាទ ដើម្បី បង្រួបបង្រួម ជាតិ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវលិង្គ​ផង ព្រះរាជា​ខ្មែរ​រមែង ប្រើ​ពាក្យ​គម្តែង / ជគត / ត / រាជ្យ​។ ពាក្យ​នេះ​មាន​ន័យ​ថា ទេវតា ប្រចាំ រាជវង្ស ខ្មែរ ហើយ​សំដៅ​ទៅ​ព្រះ​សិវលិង្គ នេះឯង​ដែល​ស្ថិត​នៅ​ចំ កណ្តាល ព្រះរាជ​នគរ ។

ចំពោះ​ខ្មែរ លិង្គ គឺ​មិន​គ្រាន់តែ​របស់​ភេទ ប្រុស ផ្តល់​នូវ​ភាព​ស្រណុក ស្រួល ក្នុង​ការ រួមរ័ក ជាមួយ​ភេទ​ស្រី​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជា​ប្រដាប់ សម្រាប់​បន្ត​ពូជ វង្ស ត្រកូល​ថែម​ទៀត​ផង​។ សារសំខាន់​របស់​ទស្សនៈ​នេះ​គឺ​ស្ថិត​នៅ​លើ កា​រត​ពូជពង្ស វង្ស​ត្រកូល ពោល​គឺ​ខ្មែរ គោរព ថ្វាយបង្គំ​ព្រះ​សិវលិង្គ ក៏​ដោយសារ​មូលហេតុ ចម្បង​នេះ​ដែរ ។ មួយវិញទៀត​ភាពរឹងមាំ ភាព អមតៈ​របស់​ព្រះ​លិង្គ ក៏​ត្រូវ​មនុស្ស​ខ្មែរ ប្រៀបផ្ទឹម ឬ​ប្រដូច នឹង ថ្ម​ដែរ ។ ហេតុ ដូច្នេះ​ហើយ​បានជា គេ ស្ថាបនា​លិង្គ​ថ្ម សម្រាប់​ជា​សញ្ញា​និមិត្ត​ទុកជា ទី​សក្ការបូជា ។

គេ​នៅ​ចង​ចាំ​ថា នា​ដើម​សតវត្សរ៍ ទី​២០ មុន​នេះ ស្ត្រី​ខ្មែរ ជា​អ្នកស្រែ ចម្ការ នៅ​ខេត្តកំពត ជា​និច្ចកាល​បាន​ឡើង​ភ្នំ ឬ ចូល​ក្នុង រូងភ្នំ ទោះបី​ហត់នឿយ យ៉ាងណា​ក៏​ដោយ ដើម្បី​បន់ស្រន់ សិវ​លិង្គ ដោយ​ប្រាថ្នា ចង់បាន​កូន ។ នេះ​ជា តម្រូវការ​សម្រាប់​ប្រជាជន​ខ្មែរ​ធម្មតា និង តម្រូវការ​របស់​មនុស្ស​ខ្មែរ​ទូទៅ​ផង ។ ខ្មែរ​បាន​បូជា​លិង្គ ក៏​ព្រោះតែ​មូលហេតុ​ខាងលើ​នេះ ។ រួម សេចក្តី​មក​លិង្គ គឺជា​ប្រភព​នៃ​ជីវិត ហើយ ក្នុង​ករណី​នេះ​ហើយ​ដែល ជនជាតិ​ខ្មែរ​បុរាណ​គោរព​បូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ