ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​១៧១០​គ្រួសារ ទទួល​បាន​ស្រូវពូជ​១៧១​តោន និង​ពូជ​បន្លែ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន មាន​ប្រសាសន៍​ថា​៖…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន មាន​ប្រសាសន៍​ថា​៖ ផល​លំបាក​បាន​ធ្លាក់​មក​លើ​ប្រជាពលរដ្ឋ យើង​ទាំងអស់​គ្នា​បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​បាន​កម្រើក​ឡើង​វិញ​។ ជាមួយ​គ្នា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​ការពារ​ការ​រីក​រាលដាល​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ដែរ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​១៧១​តោន និង​ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ចំនួន​១ ៧១០​គ្រួសារ នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំង​ជុំ ក្នុងភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បាន​បន្ត​ថា ខ្ញុំ​សូម​ពាំនាំ​នូវ​បណ្តាំ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដែល​សម្តេច​ទាំង​ពីរ តែងតែ​នឹករឭក និង​គិតគូរ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ជាក់ស្តែង​ថ្ងៃនេះ​ស្រូវពូជ​ចំនួន​១៧១​តោន និង​ពូជ​បន្លែ​មួយ​ចំនួន​ទៀត​ក៏​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ពីរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយ​ទឹកជំនន់ ចំនួន​១ ៧១០ គ្រួសារ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អំណោយ​ជា​ស្រូវពូជ និង​ពូជ​បន្លែ ដែល​បាន​ចែក​ជូន​បងប្អូន ប្រជាពលរដ្ឋ រង​គ្រោះ ដោយ​ទឹកជំនន់ គឺ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ដែល​ជួប​នូវ​វិបត្តិ​ទឹកជំនន់ ដូច​ជា​គ្នា​នេះ​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់​ទៀត​ថា​៖ ក្នុង​គ្រា​ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួប​ការ​លំបាក ដោយ​ទឹកជំនន់ ឬ​ជួប​នូវ​គ្រោះ​ធម្មជាតិ​ផ្សេង តើ​មាន​នរណា​ខ្លះ​ដែល​បាន​គិតគូ​សុខទុក្ខ និង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គឺ​មាន​តែ​គណបក្ស​ប្រជាជន មួយ​ប៉ុណ្ណោះ ដែល​បាន​គិតគូរ​ពី​បញ្ហា​នេះ​។

បច្ចុប្បន្ន​រាជ​ដ្ឋា​ភិ​បាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​យ៉ាង​ខ្លាំងក្លា​គួរ​ជាទី​មោ​ទ​នៈ​។ អត្រា​ភាគរយ នៃ​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ចុះ​អន់​ថយ​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រហូត​ដល់​បច្ចុប្បន្ន នៅ​កម្រិត​ទាប​បំផុត ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​ទទួលស្គាល់ និង​ស្ងើចសរសើរ​។ ជា​ចុង​ក្រោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រោយ​ពី​ទទួល​បាន​ស្រូវពូជ និង​ពូជ​បន្លែ​នេះ​ទៅ ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​ដាំ​ដុះ និង​ថែទាំ​ឱ្យ​បាន​ល្អ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រ​យ​ត្ន័​ឱ្យ​បាន​ខ្ពស់ ក្នុង​ការ​ថែរក្សា​សុខភាព ដោយ​លាងដៃ និង​សាប៊ូ អាល់កុល ឬ​ជែ​ល និង​ត្រូវ​មាន​គម្លាត​ពី​គ្នា​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១​ម៉ែត្រ និង​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​ការពារ​ការ ឆ្លង​ជំងឺ​កូ​វីត​-១៩​។

យោង​តាម​របាយការណ៍​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យ​ថា​៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ទាំង ១ ៧១០​គ្រួសារ ដែល​ត្រូវ​ទទួល​បាន​ស្រូវពូជ និង​ពូ​ជន​បន្លែ​នៅ​ថ្ងៃនេះ​មាន​៖ មក​ពី​ស្រុក​បរិបូរណ៍​ចំនួន​២២៥​គ្រួសារ ,​ស្រុក​ជល​គី​រី ៥៦៧​គ្រួសារ​, ស្រុក​កំពង់លែង​១៥២​គ្រួសារ​, ស្រុក​កំពង់ត្រឡាច ៣២២​គ្រួសារ​, ស្រុក​រលាប្អៀរ ៤១៤ គ្រួសារ និង​ក្រុង​កំពង់ឆ្នាំង ចំនួន​៣០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​មួយ​គ្រួសារ​ទទួល​បាន​ស្រូវពូជ ១០០ គីឡូក្រាម ឃី​ត គ្រាប់ពូជ​បន្លែ​១​កញ្ចប់ ដែល​មាន បន្លែ​គ្រប់​ប្រភេទ​ចំនួន ៧​មុខ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ