រាជធានីភ្នំពេញ ៖ កម្មករជាងផ្សារដែកម្នាក់បានរងរបួសឆេះខ្លោចពេញខ្លួន ខណៈយកដែកវែងទៅផ្សារធ្វើស្នួលហាលខោអាវនៅលើផ្ទះជាន់ទី២ ហើយលើកដែកប៉ះចរន្តអគ្គិសនីបណ្តាលឱ្យឆក់ឆេះខ្លោចពេញខ្លួន កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២១ មីនា ២០១១ នៅចំណុចហាងកាហ្វេយីហោបាយ័ន កាហ្វេតែយើង អគារលេខ៦៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សំណាងល្អផងដែរ ជាងផ្សារដែកម្នាក់នេះ មិនរងគ្រោះដល់ជីវិត ដោយសារតែនៅពេលឆក់ ក៏បណ្តាលឱ្យទុស្សេចរន្ត រួចហើយចរន្តអគ្គិសនីត្រូវដាច់ទាំងស្រុងនៅក្នុងខណ្ឌសែនសុខរយៈពេលជាច្រើនម៉ោង។
ក្រោយពីរងរបួសឆេះខ្លោចពេញខ្លួន កម្មករ ផ្សារដែកត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ រីឯម្ចាស់លំនៅឋានវិញបានព្យាយាមមិនប្រាប់អត្តសញ្ញាណកម្មករ និងព្យាយាមមិនឱ្យអ្នកកាសែតយកព័ត៌មានក្នុងហេតុការណ៍នោះទេ។ ទោះបីជាយ៉ាងណា យោងតាមប្រភពព័ត៌មានអ្នកដែលបានឃើញហេតុការណ៍ខាងលើឱ្យដឹងថា កម្មករជាងផ្សារដែករងគ្រោះបានយកដែកវែងឡើងទៅលើដំបូងផ្ទះជាន់ទី២ ដើម្បីផ្សារធ្វើស្នួលសម្រាប់ហាលខោអាវ ប៉ុន្តែកម្មករនេះមិនបានចាប់អារម្មណ៍ក៏លើកដែកទៅប៉ះខ្សែចរន្តអគ្គិសនីតបណ្តាញតាមផ្លូវនោះក៏ត្រូវឆក់កម្មករនេះឆេះខ្លោចពេញខ្លួន រួចសន្លប់បាត់ស្មារតីតែម្តង៕
ចែករំលែកព័តមាននេះ