ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាជន៍ដីដុតពណ៌បៃតងមួយទៀត ត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ ។ទំនៀមបុរាណនេះ បានបន្តរៀងមក…

ខេត្តសៀមរាប ៖ ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ ។
ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បីឱ្យអ្នកដែលស្លាប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព ។

លោក ឈូក សុម៉ាឡា បុរាណវិទូ និងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា «នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារជួសជុលបានរកឃើញភាជន៍ដែលប្រើប្រាស់ជាកោដ្ឋដាក់ធាតុបញ្ចុះនៅជុំវិញបរិវេណនៃតួប៉មប្រាសាទលលៃនេះ ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះភាគច្រើនជាភាជន៍មានរាងមូលដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន »។

លោកបានបន្ថែមទៀតថា ភាជន៍ប្រើជាកោដ្ឋដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ ។ រីឯផ្ទៃសាច់ភាជន៍មានស្រទាប់រលោងក្រាស់ពណ៌បៃតង ។

តាមក្រុមអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះ ជាប្រភេទភាជន៍នាំចូលពីប្រទេសចិន ដែលប្រហែលជានៅសតវត្សទី១៩ ។

ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យា ដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សា និងអភិរក្សបេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន ។ ទន្ទឹមនឹងនេះក៏ជាការសម្តែងសេចក្តីគោរពដល់គោលបំណងរបស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជនរបស់ខ្លួនរស់នៅឯបរលោកជាមួយនឹងទេព ៕

អត្ថបទសរសេរ ដោយ