ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៦នាក់ បានត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីកន្លែង២ផ្សេងគ្នា ក្នុងនោះអ្នកជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមាន៣នាក់ និងអ្នកជួញដូរមានចំនួន៣នាក់ ដកហូតបានថ្នាំញៀន១៦៧កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោងប្រមាណ៨មោងនិង៣០នាទីយប់ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ ខណៈធ្វើការឆែកអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ មុខសាលាបឋមសិក្សាចម្ការកៅស៊ូ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ សុទ្ធសឹងជាជាងផ្សារដែក ដោយដកហូតបានថ្នាំញៀន១កញ្ចប់ ៖
១-ឈ្មោះ ទីម ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ ផុន ឈុននី ភេទប្រុស អាយុ២៦ឆ្នាំ និង៣-ឈ្មោះ អ៊ឹត ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ។
នៅពេលសាកសួរ ជនសង្ស័យទាំង៣នាក់ឆ្លើយថា ថ្នាំញៀន១កញ្ចប់នេះខ្លួនចូលលុយគ្នាទិញពីអូរត្រេះមកដើម្បីប្រើប្រាស់ ដោយទិញតម្លៃ៣០.០០០រៀល គឺចូលគ្នាម្នាក់១០.០០០រៀល ។វត្ថុតាងដែលដកហូតមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់ ទូរស័ព្ទ២គ្រឿង គឺម៉ាកវីវ៉ូ១គ្រឿង ពណ៌ផ្ទៃមេឃ និងម៉ាកអុបប៉ូ១គ្រឿងពណ៌ខៀវ និងម៉ូតូ១គ្រឿងម៉ាកវេវពណ៌ខ្មៅ គ្មានផ្លាកលេខ ។
ចំណែកនៅវេលាម៉ោង១១និង៣០នាទីយប់កម្លាំងនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនចំនួន៣នាក់ផ្សេងទៀត នៅភូមិ៥ សង្កាត់លេខ៤ ក្រុង្តព្រះសីហនុ ដែលមាន ៖
១-ឈ្មោះ ឃិន ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់, ២-ឈ្មោះ ឈួន កំសត់ ភេទស្រី អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ និង៣-ឈ្មោះ ឈៀង សុខា ភេទប្រុស អាយុ៤៤ឆ្នាំ ជាមេកាសំណង់ទាំង៣នាក់ ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦៦កញ្ចប់ ទូរស័ព្ទ៤គ្រឿង ដាវ៣ដើម និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីចាត់
ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ