ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី២៣ ឧសភា ២០១៥ ប្រតិភូដឹកនាំដោយលោកម៉ៅ ភិរុណ អភិបាលខេត្តដែលរួមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយកប្រតិបត្តិ និងអស់លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការ និងគណៈកម្មការស្វែងរកមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែងចំនួន៣៦ខ្នងក្នុងឃុំភូមិធំ ឃុំគគីរ ឃុំដីឥដ្ឋ នៃស្រុកកៀនស្វាយ ។
លោកអ៊ួ ឈាង អភិបាលស្រុកកៀនស្វាយបានឱ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ឧសភា មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់បោកបក់រយៈពេលជាង៣ម៉ោងរហូតដល់យប់នៅក្នុងភូមិសាស្ត្រចំនួន៣ឃុំ គឺឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ ក្នុងនោះឃុំភូមិធំ រងការប៉ះពាល់លើ២ភូមិ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៧ខ្នងបាក់រាបដល់ដី និង១៤ខ្នងទៀតប៉ើងដំបូល និងទ្រេត។
ឃុំគគីររងការប៉ះពាល់លើ៣ភូមិ ផ្ទះពលរដ្ឋ៦ខ្នងរបើកដំបូល និងឃុំដីឥដ្ឋប៉ះពាល់លើ២ភូមិ ផ្ទះពលរដ្ឋ៣ខ្នងបាក់រាបដល់ដី និង៦ខ្នងទៀតរបើកដំបូល សរុបផ្ទះប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទាំងបាក់រាបដល់ដី របើកដំបូល និងទ្រេតក្នុងឃុំទាំង៣ខាងលើចំនួន៣៦ខ្នងផ្ទះ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ទោះជាយ៉ាងណាក្នុងហេតុការណ៍គ្រោះធម្មជាតិនេះមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសទេ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដួលបាក់រាបដល់ដី និងប៉ើងដំបូលទាំងស្រុងចំនួន១២ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកា៤ម៉ឺនរៀល។ ដោយឡែកផ្ទះរបើកដំបូលចំនួន២៤ខ្នងទៀត ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល។
ការនាំយកអំណោយសង្គ្រោះបន្ទាន់របស់សប្បុរសធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តនេះ គឺលោកអភិបាលខេត្តបានដឹកនាំក្រុមការងារចុះចែកផ្ទាល់តាមផ្ទះដែលរងគ្រោះទាំង៣៦ខ្នងក្នុងឃុំទាំង៣នៃស្រុកកៀនស្វាយតែម្តង៕
ចែករំលែកព័តមាននេះ