ខេត្តមណ្ឌលគិរី ៖ សិស្សានុសិស្សនៃសាលាបឋមសិក្សាសរុបចំនួន ២២សាលា សរុបចំនួន៤ ៩៩០នាក់ នៅទូទាំងខេត្តមណ្ឌលគិរី ទទួលបានអំណោយ ជាកាតាប និងសម្ភារសិក្សាក្រោមជំនួយរបស់មូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាពូលូង ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបាននាំយកអំណោយជាសម្ភារសិក្សា ក្រោមជំនួយរបស់មូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រ ចែកជូនដល់សិស្សានុសិស្សតំបន់ដាច់ស្រយាល នៃខេត្តមណ្ឌលគិរីនេះ។ លោកអភិបាលរងខេត្ត បានចាត់ទុកសកម្មភាពសហប្រតិបត្តិការក្នុងការគាំទ្រវិស័យអប់រំ ជាពិសេស ការផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សនាពេលនេះ ពិតបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ ក្នុងគោលដៅដើម្បីការអភិវឌ្ឍជីវភាពរស់នៅ និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់វេទិការសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកៀរគររកជំនួយពីមូលនិធិ និងសប្បុរសជននានាដើម្បីជួយលើវិស័យអប់រំនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការចែកសម្ភារសិក្សាជូនសិស្សានុសិស្សនាពេលនេះ គឺជាការសម្តែងនូវទឹកចិត្តសប្បុរសធម៌របស់ដៃគូរជាមិត្តនៅក្រៅប្រទេស ដែលមានឈ្មោះថា មូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្សជាជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ដែលនេះបង្ហាញពីជោគជ័យបន្ថែមទៀត ក្នុងការអនុវត្តការងារអប់រំ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានលទ្ធផលជាទីមោទនៈលើគ្រប់ផ្នែក អប់រំ ចាប់តាំងពីផ្នែកមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។
ជាពិសេសការជួយឧបត្ថម្ភនេះ ពិតជាឆ្លើយតបនិងកាលៈទេសៈ ដែលអាចកាត់បន្ថយការចំណាយរបស់អាណាព្យាបាល មាតាបិតា ដែលកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចក្នុងបរិបទនៃជំងឺកូវីដ-១៩។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវស្តាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឫអាណាព្យាបាល ត្រូវខិតខំប្រឹងប្រែងរៀនដោយខ្លួនឯង ត្រូវមានវិន័យឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ហើយយុវជនជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិនាពេលអនាគត ម្យ៉ាងទៀត ក្មួយៗ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងឧបាយមុខផ្សេងៗ ចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ ៖ សាយ ករុណា
ចែករំលែកព័តមាននេះ