ភ្លៀងធ្លាក់ខ្លាំង រួមនឹងបើកទឹកចេញពីទំនប់ បង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅភាគកណ្តាលប្រទេសវៀតណាម
វៀតណាម ៖ ជំនន់ទឹកភ្លៀង និងការបើកទឹកចេញពីទំនប់វារីអគ្គិសនី បានធ្វើឱ្យទឹកទន្លេ នៅក្នុងខេត្ត Quang Nam និងខេត្ត Quang…
វៀតណាម ៖ ជំនន់ទឹកភ្លៀង និងការបើកទឹកចេញពីទំនប់វារីអគ្គិសនី បានធ្វើឱ្យទឹកទន្លេ នៅក្នុងខេត្ត Quang Nam និងខេត្ត Quang…
វៀតណាម ៖ ជំនន់ទឹកភ្លៀង និងការបើកទឹកចេញពីទំនប់វារីអគ្គិសនី បានធ្វើឱ្យទឹកទន្លេ នៅក្នុងខេត្ត Quang Nam និងខេត្ត Quang Ngai កើនឡើងខ្ពស់ និងគំរាមកំហែង បង្កជាទឹកជំនន់ធ្ងន់ធ្ងរ ។
ព្យុះ Molave អាចនិយាយបានថា ជាព្យុះខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យមានការបាក់ដី នៅខេត្ត Quang Nam និងខេត្ត Quang Ngai កាលពីព្រឹកថ្ងៃពុធ មុនពេលកម្លាំងខ្យល់ព្យុះចុះខ្សោយនៅម៉ោង៤ល្ងាច ។
បណ្តាខេត្តនានា ត្រូវបានរងគ្រោះដោយទឹកភ្លៀងធ្លាក់រហូតដល់ ៥០០មិល្លីម៉ែត្រ ចន្លោះយប់ថ្ងៃអង្គារ ដល់យប់ថ្ងៃពុធ ។ ទឹកភ្លៀងមានកម្រិត ១៨០ មិល្លីម៉ែត្រ ក្នុងមួយថ្ងៃ គេចាត់ទុកថា មានកម្រិតធ្ងន់ហើយ ។
នៅខេត្ត Quang Ngai ទឹកទន្លេ Tra Bong កំពុងឡើង ស្ថិតក្នុងកម្រិតប្រកាសអាសន្ន (ទឹកជំនន់កម្រិត២) ខណៈពេលទឹកទន្លេចំនួន៣ទៀត បានឡើងដល់កម្រិតខ្ពស់បំផុត (ទឹកជំនន់កម្រិត៣) នាម៉ោង ៤ល្ងាចថ្ងៃពុធនេះ បើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមក្នុងខេត្តរបស់វៀតណាម ។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមវៀតណាម បានព្យាករណ៍ថា ទឹកនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបង្កឲ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ មួយផ្នែកធំ នៃទីប្រជុំជន និងស្រុកមួយចំនួនទៀត ក្នុងខេត្ត Quang Ngai ។
ស្របពេលមានភ្លៀងធ្លាក់ខ្លាំង ការបើកទ្វារទំនប់វារីអគ្គិសនីក្នុងស្រុក បញ្ចេញទឹក កំពុងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ។
រោងចក្រវារីអគ្គិសនី Dak Drinh បានបញ្ចេញទឹក រហូតដល់ ១,៦៨០ម៉ែត្រគូប ក្នុងមួយវិនាទី កាលពីថ្ងៃពុធ និងទំបន់ Nuoc Trong ដែលជាគម្រោងធារាសាស្ត្រ និងវារីអគ្គិសនីធំជាងគេ នៅតំបន់ភាគកណ្តាល បានបើកបញ្ចេញទឹក ១.១០០ម៉ែត្រគូប ក្នុងមួយវិនាទី ។
អាជ្ញាធរក្នុងតំបន់ បានជម្លៀសប្រជាជន ដែលរស់នៅតំបន់ទំនាប និងប្រកាសជាបន្ទាន់ អំពីទឹកជំនន់ តាមរយៈឧបករណ៍បំពងសំឡេង ដើម្បីជូនដំណឹងដល់អ្នកស្រុក ។
នៅក្នុងខេត្ត Quang Nam កម្រិតទឹកទន្លេ Vu Gia ឡើងដល់ ៩,៤១ម៉ែត្រ គិតត្រឹមព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី២៩ តុលានេះ ពោលគឺឡើង ០,៤១ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន (ទឹកជំនន់កម្រិត៣) ស្របពេលមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម បានព្រមានថា ទឹកទន្លេ នឹងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខទៀត ។
រោងចក្រវារីអគ្គិសនី Dak Mi 4 គ្រោងនឹងបើកបញ្ចេញទឹក រហូតដល់ ១១.៤០០ម៉ែត្រគូប ក្នុងមួយវិនាទី ។ ពេលនោះហើយទឹកទន្លេ Vu Gia ត្រូវគេរំពឹងថា នឹងកើនឡើងដល់ ១១,២ ម៉ែត្រ លើសកម្រិតទឹកជំនន់ជាប្រវត្តិសាស្ត្រ កាលឆ្នាំ២០០៩ ក្នុងប្រទេសវៀតណាម ៕
ចែករំលែកព័តមាននេះ