ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ របបចិញ្ចឹមកង្កែបហាក់មានការពេញនិយមច្រើន ដោយឃើញមានកសិដ្ឋានចិញ្ចឹមកង្កែបជាហូរហែដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ ចំណែកការចិញ្ចឹម គឺមានរយៈពេលតែ៣ទៅ៤ខែប៉ុណ្ណោះ អាចចាប់លក់បានហើយ។
បច្ចុប្បន្ន របរចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារ និងអាជីវកម្មរបស់អ្នកស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ មានមិនតិចជាង២០កន្លែងឡើយ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងខេត្តមួយនេះបាន និងអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានយ៉ាងសមរម្យ ។
លោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលលផលមង្គលបុរីបានប្រាប់ថា នៅក្នុងខេត្តបន្ទាយមានជ័យមាន២ស្រុកនិងក្រុង ដែលពេញនិយមក្នុងការចិញ្ចឹមកង្កែប គឺស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ដែលបង្កាត់ពូជចិញ្ចឹមទទួលផល និងលក់នៅលើទីផ្សារមានចំនួន២២កន្លែង ។ ក្នុងនោះនៅស្រុកមង្គលបុរីមានចំនួន១០កន្លែង គឺចិញ្ចឹមជាលក្ខណៈគ្រួសារដោយ១កន្លែងមានយ៉ាងតិច១ម៉ឺនក្បាល និងក្រុងសិរីសោភ័ណមានចំនួន១២កន្លែង ក្នុងនោះមាន២កន្លែងចិញ្ចឹមជាលក្ខណៈអាជីវកម្មដែលមានចំនួនរាប់ម៉ឺនក្បាល ។
លោកបញ្ជាក់ថា នៅសង្កាត់រដ្ឋបាលជលផលមង្គលបុរី ក៏មានបង្កាត់ពូជកង្កែបពាក់កណ្តាលសិប្បនិម្មិតសម្រាប់លក់ចែកចាយដល់កសិករក្នុងខេត្តផងដែរ ដោយបានចិញ្ចឹមមេចំនួន១០គូ ហើយក្នុង១ឆ្នាំអាចបង្កាត់ពូជបាន២ទៅ៣ដង ក្នុងម្តងបានមិនតិចជាង១ម៉ឺនក្បាលឡើយ ។ ចំណែកកូនរបស់វា យើងលក់ជូនកសិករ១ក្បាលក្នុងតម្លៃ៤០០ទៅ៥០០រៀល។ ការបង្កាត់ពូជនេះយើងប្រើទឹកវិលធ្លាក់ដូចទឹកភ្លៀង នៅពេលមេកង្កែបចេញពងយើងត្រូវបំបែកមេចេញដើម្បីឲ្យវាញាស់ក្លាយជាកូនក្អុក រហូតវាវិវត្តន៍ដាច់កន្ទុយក្លាយជាកូនកង្កែប ទើបត្រូវឲ្យចំណីវាក្នុង១ថ្ងៃ៣ដង លុះរយៈពេល៣ទៅ៤ខែ ទើបវាធំធាត់ល្មមអាចចាប់លក់បាន ៕
ចែករំលែកព័តមាននេះ