ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​បាតុករ​ថៃដង្ហែ​ញត្តិ​ទៅ​ស្ថាន​ទូត​​អា​ល្លឺ​ម៉​ង់​​ ស្នើ​ឲ្យ​ស៊ើប​អង្កេត​​លើ​​មហាក្សត្រ​​ខ្លួន

3 ឆ្នាំ មុន

ក្រុម​​បាតុករ​ថៃ​បាន​ពង្រីក​ការ​តវ៉ា​របស់​ពួក​គេ​ជា​លក្ខណៈ​អន្តរជាតិ តាម​រយៈ​ការ​ដង្ហែ​ញត្តិទៅ​កាន់​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ទីក្រុង​បាងកក ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជំទាវ​អ​ធិការ​បតី អាន់​ជែ​ឡា មើ​គែល (Angela Merkel) ធ្វើការ​ស៊ើបអង្កេត​ពី​ការ​ប្រើ​ប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា​វិ​ជ្ជ​រ៉ា ឡុ​ង​កន…

ក្រុម​​បាតុករ​ថៃ​បាន​ពង្រីក​ការ​តវ៉ា​របស់​ពួក​គេ​ជា​លក្ខណៈ​អន្តរជាតិ តាម​រយៈ​ការ​ដង្ហែ​ញត្តិទៅ​កាន់​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ទីក្រុង​បាងកក ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជំទាវ​អ​ធិការ​បតី អាន់​ជែ​ឡា មើ​គែល (Angela Merkel) ធ្វើការ​ស៊ើបអង្កេត​ពី​ការ​ប្រើ​ប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា​វិ​ជ្ជ​រ៉ា ឡុ​ង​កន នៅ​ពេល​ដែល​ទ្រង់​កំពុង​ស្នាក់​នៅ​ក្នុង​រដ្ឋ​បា​វ៉ា​រៀ (Bavaria) ប្រទេស​អា​ល្លឺ​ម៉​ង់ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​ព័ត៌មាន CNA កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ។

ខណៈ​សភា​ថៃ​ចាប់ផ្តើម​សម័យប្រជុំ​ពិសេស​រយៈពេល​២​ថ្ងៃ ចាប់តាំងពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦ ខែតុលា​មក ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​នយោបាយ ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​ស្ទើរតែ​រាល់ថ្ងៃ​ទៅ​ហើយ ដើម្បី​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ និង​ការ​កំណែទម្រង់​របប​រាជាធិបតេយ្យ ។ នៅ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ទៅ​កាន់ស្ថានទូត​អា​ល្លឺ​ម៉​ង់​នោះ ក្រុម​បាតុករ​ថៃ​បាន​ស្រែក​ពាក្យស្លោក​មួយ​ថា «​យើង​ជា​មនុស្ស មិនមែន​ជា​សំរាម​នោះ​ឡើយ​» ។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុម​អ្នក​តវ៉ាបាន​គូសបញ្ជាក់​ថា ពួក​គេ​ដាក់​លិខិត​ទៅ​កាន់
ស្ថានទូត​អា​ល្លឺ​ម៉​ង់ ដើម្បី​សាកសួរ​ថា តើ​ព្រះ​មហាក្សត្រ​ថៃ​បាន​បំពាន​ច្បាប់​របស់​អា​ល្លឺ​ម៉​ង់​ដោយ​ប្រើ​អំណាច​របស់​ទ្រង់​ពី​ទីនោះ​ដែរ​ឬទេ ? ព្រោះ​សកម្មភាព​បែប​នេះ ជា​អ្វី​ដែល​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ចាត់​ទុក​ថា ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​ផង​ដែរ ។

កាល​ពីដើម​ខែតុលា​នេះ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់បាន​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក ហេ​កូ ម៉ាស​(Heiko Maas) បាន​ឆ្លើយ​នឹង​សំណួរ​ខាងលើ​នៅ​ក្នុង​សភា ដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​នយោបាយ​ណាមួយ ដែល​ព្រះ​មហា​ក្ស​ថៃ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

កាលពី​ថ្ងៃ​ចន្ទ​ទី​២៦ ខែតុលា នៅ​ទីក្រុង​ប៊ែ​រឡាំង លោក Heiko Maas បាន​ថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ថា «​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​កំពុងតែ​តាមដាន​កា​រវិ​វត្ត​នៅ​ក្នុង​ប្រទេស​ថៃ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ហើយ​ខ្ញុំ​ក៏​កំពុង​តែ​តាមដាន​សកម្មភាព​របស់​ក្សត្រ​ថៃ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែរ​»​។ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​រូប​នេះ បាន​បន្ថែម​ថា យើង​កំពុង​តែ​បន្ត​ពិនិត្យ​មើល​លើ​ករណី​នេះ ហើយ​ប្រសិនបើ​មាន​អ្វី​ដែលយើង​រក​ឃើញ​ថា​«​ខុសច្បាប់​» យើង​នឹង​ចាត់​វិធានការ​ជា​បន្ទាន់ ។

នៅ​ក្នុង​កិច្ចប្រជុំ​សភា​ថៃ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា បាន​ថ្លែង​ថា លោក​និង​រដ្ឋាភិបាល​ដឹង​ច្បាស់​ថា បច្ចុប្បន្ន​នេះ​គឺជាយុគសម័យ​នៃ​ការ​ផ្លាស់​ប្តូរ ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួលស្គាល់​ថា ប្រទេស​ថៃ​មាន​ប្រជាជន​រាប់​លាន​នាក់ ដែល​មិន​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ភាព​វឹកវរ​នោះ​ទេ ។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​សភា ស្វែងរក​ដំណោះស្រាយ​ដ៏​សម​ស្រប​មួយ ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន ។ ការ​ខ្វែងគំនិត​គ្នា​ជុំវិញ​បញ្ហា​អនាធិបតេយ្យ​បាន​បង្ហាញ​ពី​ការ​បែកបាក់​ក្នុង​សង្គម​ថៃ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ។ ភាព​វឹកវរ​ដោយ​ការ​តវ៉ា​នេះកំពុង​ក្លាយជា​ការ​តាម​ដាន​នៅ​លើ​ពិភពលោក ជាមួយនឹង​ការ​តាមដាន​ជុំវិញ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ