ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ ៖ ទោះ​គ្រូ​​ខ្លាំង បើ​កីឡាករ​គ្មាន​ឆន្ទៈ​ក៏​មិន​អាច​ឈ្នះ​​គេ​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អគ្គបណ្ឌិតសភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា មាន​ប្រសាសន៍​ថា ទោះបីជា​មាន​គ្រូ​ខ្លាំង​ពូកែ​យ៉ាងណា​ក៏​ដោយ បើ​កីឡាករ​-​កីឡាការិនីគ្មាន​ទេព​កោសល្យ គ្មាន​ឆន្ទៈ​មោះមុត…

រាជធានី​ភ្នំពេញ ៖ លោក​អគ្គបណ្ឌិតសភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា មាន​ប្រសាសន៍​ថា ទោះបីជា​មាន​គ្រូ​ខ្លាំង​ពូកែ​យ៉ាងណា​ក៏​ដោយ បើ​កីឡាករ​-​កីឡាការិនីគ្មាន​ទេព​កោសល្យ គ្មាន​ឆន្ទៈ​មោះមុត និង​ស្មារតី​រឹង​មាំ​សមជា​អ្នក​ប្រយុទ្ធ​ពិតប្រាកដ​ទេ ក៏​មិន​អាច​ឈ្នះ​គេ​បាន​ដែរ ។

លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៥​តុលា​។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ​បន្ត​ថា ឥឡូវនេះ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​សម្រេច​ទទួល​យក​គ្រូបង្វឹក​មានគុណ​វុឌ្ឍិ​ខ្ពស់​ចំនួន​២​រូប​គឺ​លោក​Hassan មក​ពី​ប្រទេស​អ៊ី​រ៉​ង់ មាន​ខ្សែក្រវាត់​ខ្មៅ​៨​ដាន់ ។ លោក​មាន​តួនាទី​បង្ហាត់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រយុទ្ធ​(Kumite)​និង​លោក Shokei Toyama មក​ពី​ប្រទេស​ជប៉ុន​មាន​តួនាទី​បង្ហាត់​ផ្នែក​កា​តា​(Kata)​។

លោកគ្រូ​ទាំង​ពីរ​រូប​នេះ​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ចង់​ជួយ​ឱ្យ​កីឡាករ កីឡាការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​៣០២៣​ខាង​មុខ ។ ដូច្នេះ​សហព័ន្ធ​មាន​សង្ឃឹមលើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើស​ជាតិ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ លះបង់​ការ​ឈឺចាប់​ឱ្យ​ដល់​កម្រិត ដើម្បី​​ទទួល​បាន​គុណ​ផល​កីឡា​កា​រ៉ា​តេ​កម្រិត​ខ្ពស់ ដណ្ដើម​ឱ្យ​បាន​មេដាយ​ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ចុងឆ្នាំ​នេះ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ។

លោក​អគ្គបណ្ឌិត​អូន ព័ន្ធ​មុនី​រ័​ត្ន បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ​២០២០​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ មិន​ត្រឹមតែ​ជួយ​លើក​កម្ពស់​​សុខភាព បង្កើន​មិត្តភាព និង​សាមគ្គីភាព​ផ្ទៃក្នុង រវាង​អ្នក​ហាត់​កា​រ៉ា​តេ​ប៉ុណ្ណោះ​ទេ តែ​បាន​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ម្នាក់​ៗ​។ ផ្ដល់​ភាព​ងាយស្រួល​ដល់​គ្រូបង្វឹក​អាច​ជ្រើសរើស​បាន​កីឡាករ​ឆ្នើម​ៗ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​និង​អន្តរជាតិ ។

ហេតុ​ដូច្នេះ​ហើយ​លោក​បាន​ស្នើ​សុំ​ទៅ​ដល់​ថ្នាក់ដឹកនាំ លោកគ្រូ​អ្នកគ្រូ និង​កីឡាករ កីឡាការិនី​ទាំងអស់ បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង សហការ​គ្នា​បង្កើន​ភាព​ស្និទ្ធស្នាល ស្វាហាប់​ក្នុង​ការងារ​ជំនាញ​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ឆន្ទៈ​មោះមុត​បន្ថែម​ទៀត​ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ខាង​មុខ​។

បើ​ផ្អែក​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក្រសួង​មួយ​ត្រូវ​ជួយ​គាំទ្រ​ចលនា​កីឡា​មួយ ។ ដូចនេះ​លោក​បាន​ប្រកាស​ថា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គឺជា​ក្រសួង​ទ្រទ្រង់​វិស័យ​កា​រ៉ា​តេ​ជា​រៀង​រហូត ។ ជាមួយ​គ្នា​នេះ លោក​បាន​កោតសរសើរ​ថា ការ​ចូលរួម​របស់​កីឡាករ កីឡាការិនី​ឆ្នាំ​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ទោះបី​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ