ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះលាងសម្អាតផ្លូវ​ក្នុង​តំបន់​ត្រពាំងថ្លឹង ក្រោយទឹកស្រក​ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​២៧ តុលា ឆ្នាំ​​២០២០ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​បានចុះពិនិត្យ​សកម្មភាពលាងសម្អាតផ្លូវ​ក្នុង​តំបន់មួយ​ចំនួន​​​ម្តុំផ្សារត្រពាំងថ្លឹង…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​២៧ តុលា ឆ្នាំ​​២០២០ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​បានចុះពិនិត្យ​សកម្មភាពលាងសម្អាតផ្លូវ​ក្នុង​តំបន់មួយ​ចំនួន​​​ម្តុំផ្សារត្រពាំងថ្លឹង និង​តាមបុរីនានា​​ម្តុំ​ត្រពាំងថ្លឹង ស្ថិត​ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីទឹកស្រក​ ដើម្បី​សម្អាតផ្លូវអោយអស់ស្លែ និង​បំបាត់ក្លិនស្អុយ​ ។​

ការ​ចុះសម្អាតផ្លូវខាងលើ ក៏​មានមន្ត្រីជំនាញ និងអាជ្ញាធរ​ខណ្ឌពោធិសែនជ័យ ​ព្រមទាំង​​ក្រុមការងារជាច្រើនទៀត ចុះពិនិត្យជាក់ស្តែង​ផងដែរ​ ។​

សកម្មភាពលាងសម្អាតផ្លូវ​ខាងលើ ​បាន​ប្រើប្រាស់​រថយន្ត​បូមទឹករបស់មន្ទីរសាធារណការ ដោយបូមផង លាងផង និង​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យប្រមាណជា​៤ទៅ៥គ្រឿងផងដែរ ដើម្បី​លាងសម្អាត និង​បូម​កាកសំណល់​ផ្សេង​នៅក្នុងលូកុំអោយកកស្ទះ ដោយប្រើ​រថយន្តអគ្គិភ័យ​បាញ់ទឹកលាងសម្អាត​ជាបន្តទៀត។

លោក​អភិបាល​រាជធានីបាន​ណែនាំ​អោយ​យក​រថយន្ត​ពន្លត់អគ្គិភ័យមក​បន្ថែមទៀត ដើម្បី​ជួយបាញ់ បូម និង​​លាងសម្អាត ក្នុងនោះ​ក៏មានបាញ់ បូម និង​លាងសម្អាត​​ដោយប្រើសាប៊ូផងដែរ ដោយប្រើ​រថយន្ត​សរុប​ទាំងអស់​ប្រមាណជាង​​២០គ្រឿង ក្នុងនោះ​រថយន្ត​​របស់​មន្ទីរសាធារណការ រថយន្ត​ប៉ូលិសក្រុង និង​រថយន្តរបស់ប៉េអឹមក្រុង​ផងដែរ ។​

សូម​បញ្ជាក់​ថា ស្ថានភាពទឹកបានស្រកចុះច្រើនហើយដែរ ប៉ុន្តែ​នៅ​តាម​ទីតាំង​​មួយ​ចំនួននៅមានទឹកដកនៅឡើយ ​ចំណែកកន្លែង​ខ្លះ​​ក៏​មាន​ទឹកលិចជិតដល់ត្រឹមជង្គង់​ ។​

នាព្រឹកនេះ​ដែរ គេសង្កេតឃើញ​សកម្មភាព​កងអន្តរាគមន៍​សង្គ្រោះ​របស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដឹកជញ្ជូន​ម៉ាស៊ីនបូមទឹកចល័ត​ប្រមាណជិត​​១០គ្រឿង បានចុះមកទីតាំង​ខាងលើនេះ​ដែរ ដើម្បីបូម​រំដោះទឹកឱ្យ​ធ្លាក់ចូល​បឹង​ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ