ខេត្តសៀមរាប ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបបានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត (ខ្ចីម៉ូតូ និងទូរស័ព្ទ) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានប្រាប់ថា ដោយ មានពាក្យបណ្តឹងទើបលោកឱ្យកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត(ខ្ចីម៉ូតូ និងទូរសព្ទ័) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកបានបញ្ជាក់ថា ករណីនេះបានកើតឡើង តាំងពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក ដោយសារជនសង្ស័យឈ្មោះ កែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ បានមកលេងផ្ទះជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិវាល សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប បានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំពាក់ផ្លាកលេខ សៀមរាប ១AD.៥៥០៣ មួយគ្រឿង និងទូរសព្ទ័មួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ពេលជនរងគ្រោះព្រមឲ្យឈ្មោះ កែវ វណ្ណនូហៅសាក់ បានយកម៉ូតូជិះទៅលក់ឲ្យឈ្មោះ សុខា បារាំង ហៅសីយ ភេទប្រុស អាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃ២០០ដុល្លារ ។
លោកបន្ថែមទៀតថា ពេលរូបគេចាយប្រាក់អស់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ទើបមកស្នាក់នៅផ្ទះឈ្មោះ សាន្ត គឹមសៀប ភេទប្រុស អាយុ១៥ឆ្នាំ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩ និង ០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ស៊ឹម សឿម បានរកឃើញឈ្មោះ កែវ វណ្ណនូ ហៅសាក់ កំពុងស្នាក់នៅផ្ទះឈ្មោះ សាន្ត គឹមសៀប ទើបរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាបបានធ្វើការនាំខ្លួនជនសង្ស័យមកសួរនាំ ។
ក្រោយពីការសួនាំ ឈ្មោះ កែវ វណ្ណនូហៅសាក់បានសារភាពថា ពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយយកម៉ូតូទៅលក់ឱ្យឈ្មោះ សុខា បារាំង ហៅសីយ ពិតប្រាកដមែន ។ ចំណែកទូរស័ព្ទដៃ គឺរូបគេបានឲ្យទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានគេចខ្លួនបាត់ ។
បន្ទាប់ពីសួរនាំរួចរាល់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជន សង្ស័យឈ្មោះ កែវ វណ្ណនូ លទ្ធផលវិជ្ជមាន ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ