ខេត្តស្ទឹងត្រែង ៖ កម្លាំងយោធាការពារព្រំដែននៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹង
ត្រែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបានគ្រឿងញៀនជាង៤២កញ្ចប់ ក្នុងទម្ងន់ជាង៤០គីឡូក្រាម និងមូ៉តូមួយគ្រឿង ជាមធ្យោបាយដឹកចេញពីទឹកដីឡាវចូលមកកម្ពុជា ។ នៅពេលនាំចូលមកនោះ ត្រូវក្រុមយោធាល្បាតឃើញមានការសង្ស័យ ក៏ហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យរត់ចោលវត្ថុតាង ទើបកម្លាំងយោធាធ្វើការឆែកឆេរឃើញគ្រឿងញៀនច្រកបាវជាង៤០កញ្ចប់ធំ ។

គ្រឿងញៀនទាំងជាង៤០កញ្ចប់នេះ ត្រូវបានក្រុមឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេស
ឡាវចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងត្រូវចាប់បាននៅតាមផ្លូវ១ខ្សែក្នុងតំបន់ព្រំដែនចន្លោះបង្គោលឡាក់លេខ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅពេលត្រួតពិនិត្យដឹងថា ជាគ្រឿងញៀន ខាងក្រុមយោធាក៏បានទាក់ទងទៅកងរាជអាវុធហត្ថ ដើម្បីបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការត្រួតពិនិត្យបន្ត ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំពង្រឹងទំនាក់ទំនង ជាមួយកម្លាំងទាំងអស់នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងស្ថាប័នជាច្រើនទៀត ដោយបន្តសហការគ្នាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែនឲ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿង
ញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកក្នុងប្រទេសកម្ពុជា ៕





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ