ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសពិការ​ដៃ​ម្នាក់​​ពុះពារ​ក្លាយជា​កំពូល​អ្នកលេង​ស្នូកឃ័រ​ប្រចាំ​តំបន់ (វីដេអូ​)

3 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ៖ ជា​រឿង​គួរ​ឱ្យ​អាណិតអាសូរ​មួយ ហើយ​ក៏គួរ​ឱ្យស្ងើចសរសើរផងដែរ​ ដែល​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ពិការ​​ដៃ​ទាំង​សងខាងតាំង​ពីកំណើត​ ប៉ុន្តែ​បច្ចុប្បន្ន​​គាត់​គឺជា​អ្នកលេង​ស្នូកឃ័រ​ពូកែ​បំផុត​ម្នាក់ នៅ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ និង​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផង​ដែរ​។ លោក Muhammad…

ប៉ា​គី​ស្ថាន ៖ ជា​រឿង​គួរ​ឱ្យ​អាណិតអាសូរ​មួយ ហើយ​ក៏គួរ​ឱ្យស្ងើចសរសើរផងដែរ​ ដែល​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ពិការ​​ដៃ​ទាំង​សងខាងតាំង​ពីកំណើត​ ប៉ុន្តែ​បច្ចុប្បន្ន​​គាត់​គឺជា​អ្នកលេង​ស្នូកឃ័រ​ពូកែ​បំផុត​ម្នាក់ នៅ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ និង​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផង​ដែរ​។

លោក Muhammad Ikram មាន​អាយុ ៣២​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ទីក្រុង Samundri ក្នុង​ខេត្ត Punjab ទទួល​បានការ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ពី​ប្រជាជន ជា​ពិសេស​អ្នកលេង​ស្នូកឃ័រ​ជា​ច្រើន​។ បើ​ទោះបីជា​​ពិការ​​ដៃ​ទាំង​សងខាង​​ក៏ពិតមែន​ ប៉ុន្តែ Ikram បាន​ចំណាយពេល​៨​ឆ្នាំ​ ប្រើប្រាស់​ចង្កា​លេង​ស្នូកឃ័រ​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​បាន​ផ្តួល​ជើង​ខ្លាំង​ក្នុង​ទីក្រុង ដែល​ខ្លួន​រស់នៅ​រាប់​មិន​អស់​។

Ikram បាន​និយាយ​ថា «​ខ្ញុំ​បាន​ជួប​អ្នកលេង​ស្នូកឃ័រ​ល្អ​ៗ​ជា​ច្រើន ដែល​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​មនុស្ស​ពូកែ ហើយ​ខ្ញុំ​នឹង​អាច​នាំ​មក​នូវ​កិត្តិនាម​ដ៏​អស្ចារ្យ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​»​។

ជា​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​បងប្អូន ៩​នាក់​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ Ikram មិន​បាន​ទទួល​ការ​រៀនសូត្រ​ឡើយ​។ ហើយ​ការ​កំសាន្ត​ដ៏​សំខាន់​របស់​​គាត់​ គឺ​មើល​អ្នក​ដទៃ​លេង​ស្នូកឃ័រ ដែល​ជា​ល្បែង​មួយ​គ្មាន​នរណា​ម្នាក់​ស្រមៃ​ថា គាត់​​អាច​លេង​បាន​នោះ​ទេ​។ ប៉ុន្តែ​ដោយសារ​តែ​ការ​ស្រលាញ់ មិន​បាន​ធ្វើ​ឱ្យ​រូប​គាត់​បោះបង់​​ចោល​ការ​ហ្វឹកហាត់ រហូត​ក្លាយជា​អ្នកលេង​ដ៏​ពូកែ​មក​ដល់​ពេល​នេះ ។

លោក Mian Usman Ahmed ម្ចាស់​ក្លិប​កំសាន្ត​ស្នូកឃ័រ Cuemaster បាន​និយាយ​ថា «​គេ​បាន​មក​កាន់​ក្លិប​ខ្ញុំ ដើម្បី​សុំ​ខ្ញុំ​លេង​។ យើង​ក៏​បាន​អនុញ្ញាត​ឱ្យ​គេ​លេង​។ ហើយ​បច្ចុប្បន្ន Ikram បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ពី​ការ​ប្រកួត​ក្នុងស្រុក នៅ​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​»​។

បំណង​ដ៏​ធំ​បំផុត​របស់ Ikram គឺ​ចង់​លេង​នៅ​ក្រៅប្រទេស ប្រសិនបើ​គេ​ទទួល​បានការ​គាំទ្រ ដោយ​រូបគេ​ចង់ឱ្យ​អ្នក​បរទេស​ស្គាល់​អំពី​ខ្លួន និង​ការ​លេង​របស់​ខ្លួន​៕ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ