បញ្ហាសំរាមបានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ក្រោយកម្មករចូលធ្វើការវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយ កោះសន្តិភាពដឹងនារសៀលថ្ងៃទី២៣ ខែតុលា…
រាជធានីភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយ កោះសន្តិភាពដឹងនារសៀលថ្ងៃទី២៣ ខែតុលា…
រាជធានីភ្នំពេញ ៖ លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយ កោះសន្តិភាពដឹងនារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០នេះថា បញ្ហាសំរាមនៅរាជធានីភ្នំពេញ បានវិលទៅរកស្ថានភាពប្រក្រតីឡើងវិញហើយ បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងវិធានការប្រើប្រាស់កំលាំង និងមធ្យោបាយសរុបរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកម្មករក្រុមហ៊ុនស៊ីនទ្រី បានចូលធ្វើការវិញ ព្រមទាំងមានការខិតខំក្នុងរយៈពេលកន្លងមកនេះ ។
លោក ម៉េត មាស ភក្តី បានអោយដឹងទៀតថាក្នុងរយៈពេលកន្លងមកនេះដោយ មាន ការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ និងដោយមានការសម្របសម្រួលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ពន្ធ័ផងនោះ កម្មករក្រុមហ៊ុនស៊ីនទ្រី បានព្រមចូលធ្វើការវិញទាំងអស់គ្នាវិញ ចាប់ពីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា ។
លោកបន្តថា បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញ តាម តួនាទីរបស់ ពួកគេ រៀងៗខ្លួន ព្រមទាំងមានការជួយយ៉ាងសកម្មពីក្រុមការងារដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទាំងមធ្យោបាយផងនោះ រហូតមកដល់ពេលនេះ បញ្ហាសំរាមមានសភាពធម្មតាឡើងវិញហើយ មានន័យថា ពេលនេះការងារដូចថ្ងៃធម្មតា គឺសំរាមចាស់ត្រូវបានប្រមូល និងដឹកជញ្ជូនយកទៅទីលានចាក់សំរាមអស់ហើយ ដែលនៅសល់តែសំរាមដែលប្រជាពលរដ្ឋផលិតរាល់ថ្ងៃនោះទេ ដែលកម្មករក្រុមហ៊ុន សិនទ្រីកំពុងប្រមូលរាល់ថ្ងៃនេះ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រុមការងារប្រមូលសំរាម ដែលរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញនោះ ពេលនេះ បានសម្រាកហើយ ដោយប្រគល់ការងារនេះអោយទៅកម្មកររបស់ក្រុមហ៊ុន សិនទ្រី ជាអ្នកទទួលខុសត្រូវវិញ ។
ចំណែកលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានផលិតសំរាម ចំនួន២៨៦៥តោនក្នុងមួយថ្ងៃ ដែលកិច្ចការងារប្រមូលសំរាម នេះ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយបានចែកម៉ូតូកង់បីសំរាប់ដឹកសំរាមនៅតាមបណ្ដាខណ្ឌទាំង១៤និងសង្កាត់ទាំង ១០៥ ជាមួយនឹងការទិញគ្រឿងចក្រចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានផងដែរ ។
លោកឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទុកដាក់វេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ និងសុំអោយបង់ថ្លៃសេវាប្រមូលសំរាមអោយបានគ្រប់ៗគ្នាផងដែរ។
គួររំលឹកថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែតុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្មនៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ប៉ុន្តែចាប់ពីល្ងាច ថ្ងៃ ទី ១៤ខែ តុលានោះមកកម្មករទាំងនោះ បានខិតខំធ្វើការប្រមូល និងដឹកជញ្ជូនសំរាមរហូតមកដល់ពេលនេះ ទើបមានភាពល្អប្រសើរឡើងវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ